ខេត្តរតនគិរី៖ បុរសជនជាតិភាគតិចម្នាក់រងការចោទប្រកាន់ថា បានរួមមេត្រីជាមួយនារីក្នុងភូមិជាមួយគ្នា ហើយត្រូវមេកន្ទ្រានផាកពិន័យយ៉ាងធ្ងន់.ក ថែមទាំងក្រុមគ្រួសារខាងស្រីចោទថា រួមមេត្រីជាមួយនាងក្រមុំមានផ្ទៃពោះ៦-៧ខែទៀត ដោយទ្រាំមិនបានបុរសរងការចោទនោះយកកាំបិតកន្ទួសចាក់ពោះខ្លួនឯង១កាំបិត បណ្តាលឱ្យរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៤០នាទីព្រឹក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា បុរសខាងលើឈ្មោះ ក្លាន ដឺយ អាយុ២១ឆ្នាំ ជាជនជាតិដើមភាគតិចច្រាយ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិកាជូតលើ ឃុំញ៉ាង ស្រុកអណ្ដូងមាស។
សមត្ថកិច្ចបញ្ជាក់ថា ករណីធ្វើអត្ដឃាតខ្លួនឯងដោយយកកាំបិតបន្ទួសចាក់ពោះខ្លួនឯង បណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវអ្នកភូមិចាប់ឃាត់ និងដឹកយកមកមណ្ឌលសុខភាពស្រុកអណ្ដូងមាសដោយខាងមណ្ឌលឃើញថា សភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដដើម្បីសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដែលឈានដល់ការធ្វើអត្តឃាតនោះ គឺបណ្តាលមកពីខឹងនារីដែលខ្លួនស្រឡាញ់បំរុងយកធ្វើជាប្រពន្ធនោះ បែរជាទៅមានកូនជាមួយប្រុសផ្សេង ហើយចោទដាក់ខ្លួនថា កូននៅក្នុងផ្ទៃ៦-៧ខែនោះជាកូនរបស់ខ្លួន ហើយបងប្អូនខាងស្រីបានចាប់ផាកពិន័យលុយចំនួន១.០០០ដុល្លារ និងកូនជ្រូកទំហំបីចាប់ ជាហេតុធ្វើឱ្យគាត់តូចចិត្តសម្រេចធ្វើអត្តឃាតខ្លួនឯងតែម្ដងទៅ។
ពាក់ព័ន្ធនឹងរឿងនេះសារព័ត៌មានយើងបានខលទូរស័ព្ទទំនាក់ទំនងទៅលោកចាន់ មេប៉ុស្តិ៍នគរបាលឃុំញ៉ាង កាលពីម៉ោង៩និង៣០ព្រឹក ថ្ងៃទី១៦ កញ្ញានេះ ប៉ុន្តែលោកមិនបានឱ្យព័ត៌មានលំអិតនោះទេ គ្រាន់ប្រាប់ថា រឿងនេះពិតជាកើតមានមែន៕
ចែករំលែកព័តមាននេះ