រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ ការកសាងទីក្រុងឆ្លាតវៃ ឬភាសាអង់គ្លេសថា Smart City ជាប្រធានបទដ៏សំខាន់មួយដែលវិស័យរដ្ឋនិងឯកជនលើកមកពិភាក្សាសម្រាប់ការអភិវឌ្ឍន៍ទីក្រុង ហើយថ្មីៗនេះរាជរដ្ឋាភិបាលនិងវិស័យឯកជនក៏បានប្ដេជ្ញាកែប្រែការអភិវឌ្ឍទីក្រុងឲ្យទៅជាទីក្រុងឆ្លាតវៃផងដែរ ។
តើអ្វីជាទីក្រុងឆ្លាតវៃ ហើយទីក្រុងឆ្លាតវៃ ផ្ដោតលើអ្វីខ្លះ ?
លោក ភឿង សុភ័ណ្ឌ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងអភិវឌ្ឍន៍ទៅរកទីក្រុងឆ្លាតវៃបណ្ដើរៗដោយមិនដឹងខ្លួនហើយ។ ជាក់ស្ដែងនៅតាមភ្លើងស្តុបនីមួយៗនៅក្នុងរាជធានីភ្នំពេញ បានបំពេញកាមេរ៉ាសុវត្ថិភាពបណ្ដើរ ហើយការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ គឺជាចំណែកមួយនៃទីក្រុងឆ្លាតវៃ ដែលមានប្រទេសជាច្រើនលើពិភពលោកក៏កំពុងតែធ្វើផងដែរ។ម្យ៉ាងទៀត ការកសាងដែលផ្ដោតលើបរិស្ថាន ការមិនបំពុលបរិស្ថាន និងស្រូបយកនូវធាតុពុលក្នុងបរិស្ថានក៏គេហៅថា ទីក្រុងឆ្លាតវៃដែរ ។
លោកថ្លែងថា ៖« តាមពិតទៅ កម្ពុជាយើងបានកសាងទីក្រុងឆ្លាតវៃនេះ តាំងពីសតវត្សរ៍ទី១២មកម្ល៉េះ ។ ជាក់ស្ដែង ការកសាងទីក្រុងបុរាណ ត្រូវបានគិតគូរពីបរិស្ថាន ដោយតម្រូវឲ្យមានការស្រូបយកនូវថាមពលធម្មជាតិមកប្រើប្រាស់ឡើងវិញ » ។
លោកបន្តថា ការកសាងទីក្រុងឆ្លាតវៃ ត្រូវពឹងលើកត្តាបួនសំខាន់ៗគឺទី១ បច្ចេកវិទ្យា ទី២ធនធានមនុស្សដែលតម្រូវឲ្យមនុស្សមានការគិតគូរឲ្យបានខ្ពស់ និងត្រូវដឹងពីការរួមចំណែកក្នុងការកសាងទីក្រុងឆ្លាតវៃ ។ ទី៣ តាមស្ថាប័ន ដោយតម្រូវឲ្យស្ថាប័នដែលជាអ្នកប្រើប្រាស់នូវប្រភពថាមពល ត្រូវចេះសន្សំសំចៃ និងទី៤ ការការពារបរិស្ថានដែលនៅជុំវិញខ្លួនរស់នៅ។ ទាំងបួននេះ បើសិនជាយើងអាចធ្វើបាន គឺជាការរួមចំណែកយ៉ាងធំក្នុងការកសាងទីក្រុងឆ្លាតវៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកបន្ថែមថា សម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យការកសាងទីក្រុងឆ្លាតវៃប្រកបដោយប្រសិទ្ធភាព គឺទាមទារឲ្យមានការសហការ និងធ្វើការជាមួយគ្នារវាងវិស័យរដ្ឋ និងឯកជន ។ ជាក់ស្ដែងវិស័យឯកជនត្រូវរិះរក និងនាំចូលនូវសម្ភារសាងសង់បែបទំនើប ដើម្បីបង្ហាញដល់អ្នកអភិវឌ្ឍន៍ផ្សេងទៀតក្នុងប្រទេសសម្រាប់យកទៅអភិវឌ្ឍន៍ជាទីក្រុងឆ្លាត។
បើតាមលោក Pak Serge នាយកប្រតិបត្តិនៃក្រុមហ៊ុនសំណង់មួយនៅកម្ពុជា បានឲ្យដឹងថា ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងវិស័យសំណង់ និងបរិស្ថាន ក្រុមហ៊ុននេះ បានផលិតនូវឥដ្ឋមួយប្រភេទ ដែលអាចយកប្រើប្រាស់ឡើងវិញនៅពេលមានបញ្ហាបច្ចេកទេសណាមួយ ហើយត្រូវរុះរើសង់ឡើងវិញ ។ ម្យ៉ាងទៀត បើសិនជាត្រូវរុះរើមុនកាលកំណត់ គេក៏អាចយកស៊ីម៉ងត៍និងឥដ្ឋនោះទៅប្រើប្រាស់សម្រាប់សាងសង់ នៅកន្លែងផ្សេងបានដែរ ដែលខុសពីបច្ចេកវិទ្យាមុនៗ នៅពេលដែលត្រូវរុះរើផ្ទះថ្មី ឬអគារ គឺត្រូវកម្ទេចចោល និងមិនអាចយកអ្វីមកប្រើប្រាស់វិញបានឡើយ ។
លោកបន្តថា នេះគឺជាអ្វីដែលអ្នកអភិវឌ្ឍន៍នានាគួរតែគិត និងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីសាងសង់នូវSmart City ខណៈប្រទេសជាច្រើនលើពិភពលោកក៏បាននិងកំពុងគិតគូរពីបញ្ហានេះដែរ គឺការចំណាយថាមពលតិច តែអាចប្រើត្រលប់មកវិញបាន ឬអាចនិយាយវដ្ដិនៃថាមពល ។
ដោយឡែកលោកស្រី Backy Vó ប្រធានផ្នែកបច្ចេកវិទ្យាអគារនៃក្រុមហ៊ុន Bosch ដោយផ្ដោតទៅលើប្រព័ន្ធសុវត្ថិភាព បានឲ្យដឹងថា ខ្លួនបានត្រៀមរួចហើយក្នុងការកសាងទីក្រុងមួយដែលមានសុវត្ថិភាព ដោយបំពាក់នូវបច្ចេកវិទ្យាទំនើប ។ ជាក់ស្ដែងតាមអគារនីមួយៗត្រូវតែមានឧបករណ៍សម្រាប់ផ្ដល់ដំណឹងនៅមានពេលមានហានិភ័យនានា ហើយនៅតាមទីសាធារណៈក៏ត្រូវតែមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយសម្រាប់តាមដានរាល់សកម្មភាពនានា ដែលមិនប្រក្រតី ។
លោកស្រីបន្តថា ៖« មុននឹងឈានចូលមកកាន់ប្រទេសកម្ពុជា យើងបានសាកល្បងរួចហើយនៅបណ្ដាប្រទេសរីកចម្រើនជាច្រើន ដូចជាសិង្ហបុរី ម៉ាឡេស៊ីជាដើម ហើយឃើញថាអ្វីដែលយើងបានផ្ដល់ឲ្យពួកគេ គឺពួកអាចទទួលយកបាន ព្រមទាំងធ្វើឲ្យទីក្រុងកាន់តែទំនើប »។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប្រមាណ៣ឬ៤ឆ្នាំចុងក្រោយនេះ ការសាងសង់សំណង់អគារនៅកម្ពុជា ត្រូវគេមើលឃើញថាមានភាពប្រកួតប្រជែងខ្លាំងទៅលើបច្ចេកវិទ្យា និងការសន្សំសំចៃថាមពល ក៏ដូចជាការចូលរួមក្នុងវិស័យបរិស្ថាន ៕
ចែករំលែកព័តមាននេះ