ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានសៀម​បានរុះរើ​​បន្លា​លួស​​ដែល​ដាក់​នៅ​មុខ​​ច្រក​ទ្វារ​​ដែក​​ប្រាសាទព្រះ​វិហារ​​ចេញវិញ​ហើយ

15 ឆ្នាំ មុន

ព្រំដែន​ព្រះវិហារ​​ ៖ ​​បើ​តាម​​អគ្គមេ​បញ្ជា​ការរង​​នៃ​កង​យោធពល​មខេមរភូមិន្ទ​កម្ពុជា ​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​​៤ ជា​ តារា ​បាន​ឱ្យ​ដឹង​ថា ​​ទាហានសៀម​​បានរុះរើ​ និង​​ដក​បន្លា​លួស​​ ដែលពួកគេ​បាន​ដាក់ពង្រាយ​​នៅមាត់​​ច្រកខ្លោង​ទ្វារ​​ដែកមុខប្រាសាទព្រះវិហារនោះ​វិញ​ហើយ​ ។ ​គួរបញ្ជាក់​ថា ​កាលពីវេលាម៉ោង​​ជាង​៨ព្រឹក​​​ថ្ងៃទី២០ មីនា ​​ម្សិល​មិញ​នេះ ពួក​​ទាហានឈុត​ខ្មៅ​​សៀម​៧​នាក់ ​បាន​​ធ្វើការ​ដាក់​ពង្រាយ​​លួស​បន្លា​​នៅមុខប៉ុស្តិ៍​ប៉ូលិស​កម្ពុជា ស្ថិត​នៅ​​មាត់ច្រកខ្លោងទ្វារ​​​​​ដែក​​មុខប្រាសាទព្រះ​វិហារ ។
ការពង្រាយនេះ ខាង​កម្ពុជា​​បានមាន​ប្រតិ​កម្ម​​​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើរបស់​​ទាហានឈុត​ខ្មៅ​​សៀម ​ដោយ​ត្រូវ​​ឱ្យពួកគេ​រុះរើ​​​​ចេញវិញ ​តែពួក​ទាហានសៀម​​​នេះអត់រុះរើ​ទេ ដោយគ្រាន់​តែ​​ផ្អាក​ការ​​​ពង្រាយ​​លួសបន្លា​នេះប៉ុណ្ណោះ​ ខណៈ​​​ពួកគេ​ពង្រាយ​​បានប្រវែង​៦០ម៉ែត្រ រួច​មក​នោះ ។ ​នៅ​វេលាម៉ោង​១រសៀល​​ កង​ទ័ព​កម្ពុជា​​បាន​​ប្រកាស​ថា បើពួកគេ​មិន​​​បញ្ឈប់ទេ ​នឹងមានការផ្ទុះអាវុធ ហើយចំពោះ​មូលហេតុ​ដែល​​ពួកទាហានសៀម​​ឈុតខ្មៅ​​យកលួស​បន្លា​​មក​ពង្រាយ​នេះពួកគេ​​អាច​ត្រឹមតែ​​និយាយ​ថា ​មេ​ប្រើ​ឱ្យ​មក​ពង្រាយ ។ ថ្លែងប្រាប់កោះសន្តិ​ភាព​​​តាមទូរស័ព្ទពីមុខ​​ច្រក​ទ្វារ​​​ដែកប្រាសាទព្រះវិហារ​​នៅព្រឹកថ្ងៃចន្ទ ទី​​២១ មីនា នេះ លោកនាយ​ឧត្តម​សេនីយ៍​​ជា តារា បាន​មានប្រសាសន៍​ថា ​​ការ​ដាក់ពង្រាយ​​បន្លាលួស​នេះ ទាហានសៀម​​អាច​ធ្វើ​នៅ​លើ​ទឹកដី​​គេតែប៉ុណ្ណោះ​ ប៉ុន្តែ​​បើ​នៅ​លើ​​​ទឹកដីកម្ពុជា​​គឺមិនអនុញ្ញាត​ជា​ដាច់​ខាត ​ហើយ​តាម​បទបញ្ជា​របស់​សម្តេច​តេជោ​​ហ៊ុន សែន ​ប្រសិនបើ​​​ទាហានសៀម​​​រំលោភ​ឈ្លាន​ពាន​​ត្រូវ​តែ​​កម្ទេច ។
ទោះជាយ៉ាង​ណា លោកជា តារា ​បាន​បញ្ជាក់​​​​ឱ្យដឹង​នៅ​​ថ្ងៃ​​ទី​២១ មីនា នេះដែរ​ថា ស្ថានភាព​​យោធានៅ​​​ព្រឹកនេះ​មានសភាពស្ងប់​ស្ងាត់​​ជា​ធម្មតា ប៉ុន្តែ​កម្លាំង​កម្ពុជានៅ​តែប្រុង​ជើង​​ការ​ជានិច្ច​​ដោយគោរព​តាមបទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន ​គឺ​មិន​​​​ឈ្លានពាន​​គេ ហើយ​ក៏​មិនអនុញ្ញាត​​ឱ្យ​បាត់​បង់​​ដីសូម្បីតែ​​មួយមីល្លីម៉ែត្រ ៕