ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​យី​ឌុ​ប​១៣​គ្រឿង​ដឹកឈើ​ចេញដំណើរ​ពេល​យប់​ស្ងាត់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​ចំនួន​១៣​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​លេខ​១ លេខ​២ ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ឈាន​ចូល​ថ្ងៃ​ទី​១៦ កញ្ញា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​ចំនួន​១៣​គ្រឿង​បាន​ដឹកឈើ​ប្រភេទ​លេខ​១ លេខ​២ ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ឈាន​ចូល​ថ្ងៃ​ទី​១៦ កញ្ញា ២០១៨ ដែល​ឈើ​ទាំង​អស់នោះ​ត្រូវ​គេ​អះ​អា​ថា បាន​ប្រមូល​ដឹក​ចេញពី​ដី​សម្បទាន​សង្គមកិច្ច​អតីត​យុ​ទ្ឋ​ជន ក្នុង​ឃុំ​ស្រែ​ហ៊ុយ​។

យោង​តាម​លិខិតអនុញ្ញាត​ដែល​ចេញ​ដោយ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បង្ហាញ​​ថា «​អនុញ្ញាត​ឲ្យ​ឈ្មោះ សាំង សុ​ខុន តំណាង​ឧកញ៉ា ស្រ៊ុ​ន ម៉េ​ង​លាង ដឹក​ជញ្ជូន​ផល​អនុ​ផល ឈើ​អារ​លេខ​២ ចេញពី​ចំណុច​រោង​ម៉ាស៊ីន​សម្រាប់​កែ​ច្នៃ​ឈើ នៃ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ស្រែ​សង្គម ឆ្ពោះទៅ​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​ម​មុខកំពូល ខេត្តកណ្តាល​»​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ឲ្យ​អ្នក​កាសែត​ដឹង​ថា «​ឈើ​ទាំងនោះ​ជា​ឈើ​របស់​ឧកញ៉ា ស្រ៊ុ​ន ម៉េ​ង​លាង មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ដោយ​គេ​បាន​បង់​ព​ន្ឋ​ចូល​រដ្ឋ​ហើយ​.. .​ឈើ​ទាំងនេះ​គេ​ដឹក​ចេញពី​ដី​សម្បទាន​នៅ​ស្រុក​កោះ​ញែក​…​ទាំងអស់​១៣​គ្រឿង​…​មានឈ្មោះ​ខុន ជា​អ្នក​រត់​ផ្លូវ​…»​។

ចំណែក​ក្រុម​អ្នក​តាមដាន​បរិស្ថាន​លើក​ឡើង​ថា ការ​ចរាចរ​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី បាន​ស្ងប់ស្ងាត់​រយៈពេល​ខ្លី បន្ទាប់​ពី​ក្រសួង​ទីស្តីការគណៈរដ្ឋមន្ត្រី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​បញ្ឈប់​គ្រប់​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន ឬ​ឈូស​ឆាយដី​ព្រៃ​ប្រភេទ រហូត​មាន​​សេចក្តីសម្រេច​ថ្មី​ក្រោយ​ពេល​បោះ​ឆ្នោត​។ លុះ​នៅ​ពេល​ថ្មី​ៗ​នេះ ប្រមុខ​រាជរដ្ឋា​ភិបាល​​បាន​ចេញ​សម្រេច​តប​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​អាច​ធ្វើ​សកម្មភាព​ប្រមូល និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ដែនដី​សម្ប​ទាន​ទាំងអស់​ឡើង​វិញ ដើម្បី​បង់​ព​ន្ឋ​ចូល​រដ្ឋ​។

ប្រភព​ខាងលើ​បន្ត​ថា ភ្លាម​ៗ​បន្ទាប់​ពី​មានការ​អនុញ្ញាត​វិញ គេ​សង្កេត​ឃើញ​ថា ឈ្មោះ សាំង សុ​ខុន តំណាង​ឲ្យ​ឧកញ៉ា ស្រ៊ុ​ន ម៉េ​ង​លាង នឹង​ត្រូវជា​ប្អូន​របស់​ឧកញ៉ា សឹ​ង្ហ សំ​អុល ដែល​កន្លង​មក​ល្បី​នាំ​ឈើ​ទៅ​ស្រុក​យួន បាន​ទំនាក់ទំនង​គ្រប់​ស្ថាប័ន​ជំនាញ ដើម្បី​អាច​ដឹកឈើ​ចេញ​ទៅ​តាម​អ្វី​ដែល​គេ​រំពឹង​ទុកជា​យូរ ព្រោះតែ​ផ្អាក​សកម្មភាព​អស់​មួយ​អន្លើ​ទៅ​ហើយ​នោះ​។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បន្ត​ថា ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី បាន​បាត់បង់​ជា​បន្តបន្ទាប់ ព្រោះតែ​សកម្មភាព​របស់​ក្រុមហ៊ុន ទទួល​សិទ្ធិ​ដី​សម្បទាន ច្រើន​តែ​ប្រើ​រូបមន្ត​ក​ន្លេ​ល​ធំ​បន្លំ​ដេក ហើយ​ព្រៃឈើ​ដែល​រង​នូវ​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត​នោះ​រួម​មាន តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក និង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ណាំ​លៀរ​​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ