ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសលទ្ធផលប្រឡងបាក់ឌុប​សាជាថ្មី…ក្រោយ​រកឃើញ​កំហុស​បច្ចេកទេសកុំព្យូទ័រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​តវ៉ា​រក​យុត្តិធម៌​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​កើតទុក្ខ​មិន​សុខចិត្ត ​ចំពោះ​លទ្ធផល​ប្រឡង ដោយ​សង្ស័យ​ថា ​អាច​មានការ​ខុសឆ្គង​លើ​បញ្ហា​កុំព្យូទ័រ​បូក​ស្រង់​ពិន្ទុ ដែល​នាំ​ឲ្យ​សិស្ស​ពូកែ​គណិតវិទ្យា​ បែរជា​ទទួល​បាន​និទ្ទេស​Fទៅ​វិញ​នោះ ទីបំផុត​ក្រោយ​ពី​ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ការ​តវ៉ា​រក​យុត្តិធម៌​របស់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​កើតទុក្ខ​មិន​សុខចិត្ត ​ចំពោះ​លទ្ធផល​ប្រឡង ដោយ​សង្ស័យ​ថា ​អាច​មានការ​ខុសឆ្គង​លើ​បញ្ហា​កុំព្យូទ័រ​បូក​ស្រង់​ពិន្ទុ ដែល​នាំ​ឲ្យ​សិស្ស​ពូកែ​គណិតវិទ្យា​ បែរជា​ទទួល​បាន​និទ្ទេស​Fទៅ​វិញ​នោះ ទីបំផុត​ក្រោយ​ពី​ក្រសួង​អប់រំ​យុវ​ជន​និង​កីឡា បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​ទើប​ដឹង​ថា ការ​តវ៉ា​របស់​បេក្ខជន​ គឺជា​ការ​ត្រឹមត្រូវ ។ នេះ​ គឺជា​លើក​ដំបូង​ហើយ ដែល​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) មាន​ការ​ខុសឆ្គង​បែប​នេះ ​ហើយ​បើ​ពុំ​មានការ​តវ៉ា​ទេ​នោះ ប្រហែលជា​មិនដឹង​ការ​ពិត​ឡើយ ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា​ថា ក្រសួង​សុំ​ទោស​ចំពោះ​កំហុស​បច្ចេកទេស​បាន​កើតឡើង តែ​មិនមែន​ជា​ចេតនា​នោះ​ទេ ។ ការ​ប្រកាស​លទ្ធផល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង គឺ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា និង​បិទ​លទ្ធផល​នៅ​តាម​មណ្ឌល​ប្រឡង​នានា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញាឆ្នាំ​២០១៨ ។ លោក​ថា «​ក្រសួង​ទុក​រយៈពេល​១​ខែ សម្រាប់​បេក្ខជន​ដែល​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដាក់​ពាក្យ​ប្តឹង​» ដូច​លើក​មុន​ដែរ ។

ទោះជា​យ៉ាងណា លោក រស់ សុ​វាចា មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​បេក្ខជន​ខ្លះ​បាន​សួរ​ថា ពិន្ទុ​មុខ​វិជ្ជា​គណិត​វិទ្យា​របស់​គេ​បាន​៣៤,១២ តែ​លទ្ធផល​នៅ​តែ​ធ្លាក់ នៅ​ពេល​សិស្ស​ខ្លះ​បាន​ត្រឹម​ជាង​៣២,៤ បែរជា​ជាប់​ទៅ​វិញ ។ បេក្ខជន​ជា​យុវតី​ម្នាក់ អាយុ​២០​ឆ្នាំ ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ផ្សារ​ដើម​ថ្កូវ លើក​ឡើង​ថា នាង​មិន​យល់​ដែរ ហេតុ​មេ​៉​ច​បានជា​បែប​នេះ? និង​មាន​សិស្ស​ធ្លាក់​ច្រើន​ណាស់ ។
ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​រសៀលថ្ងៃ​ទី​១៣ ខែកញ្ញា បាន​បញ្ជាក់​ថា បេក្ខជន​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ​សរុប​មាន ៧៦.០៣៤​នាក់ ស្មើនឹង​៦៧,០៧% ។ បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​៤០៨​នាក់ ដែល​មុន​នេះ​ថា​មាន​តែ​២៩០នាក់ ។

ការ​ប្រកាស​ជា​ថ្មី​នេះ គឺ​បន្ទាប់​ពី​មាន​បេ​ក្ខជន​ប្រឡង​បាន​ដាក់​ពាក្យ​ប្តឹង​ចូល​ក្រសួង​អប់រំ​ប្រមាណ​៥០០​បណ្តឹង ហើយ​គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​ឡើង​វិញ និង​រក​ឃើញ​ថា មាន​បេក្ខជន​៧៤០​បន្ទប់ ដែល​មុខ​វិជ្ជា​គណិត​វិទ្យា មិន​ត្រូវ​បាន​បូក​ចូល​ក្នុង​លទ្ធផល​ដោយសារ​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ។ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា​ថា ក្រសួង​បាន​បង្កើត
គណៈ​កម្មការ​កោស​ល្ស​វិច័យ​ដើ​ម្ប​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨​កន្លង​មកនេះ ។ គណៈកម្មការ​បាន​រក​ឃើញ​ថា ដំណើរការ​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស បាន​ប៉ះពាល់​ដល់​ពិន្ទុ​គណិត​វិទ្យា​របស់​ថ្នាក់វិទ្យាសាស្ត្រ​នៅ​មណ្ឌល​មួយ​ចំនួន ដោយសារកម្មវិធី​កុំព្យូទ័រ​មិន​បាន​ស្រង់​ពិន្ទុ​គណិត​វិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា បន្ទាប់​ពី​ដោះស្រាយ​បច្ចេកទេស​រួមជា​លទ្ធផល​មាន​ដូច​តទៅ ៖បេក្ខជន​ជាប់​សរុប​៧៦.០៣៤​នាក់ ត្រូវជា​៦៧,០៧% ។ បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​៤០៨​នាក់ និទ្ទេស​B មាន​ចំនួន​២.២២២​នាក់ និទ្ទេស​C ចំនួន​៦.០៤១​នាក់ និ​ន្ទេ​ស​D មាន​ចំនួន​១៥.១៨០​នាក់ និង​និទ្ទេស​E មាន​ចំនួន​៥២.១៨៣​នាក់ ។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មិន​ប៉ះពាល់​ទេ ។ ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​សេចក្តី​ប្រកាស​លទ្ធផល​ប្រឡង​ថ្មី​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទំព័រហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ និង​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​តាម​មន្ទីរ​អប់រំ​រាជធានី​-​ខេត្ត ។