រាជធានីភ្នំពេញ ៖ បន្ទាប់ពីបាត់មុខមួយរយៈ កីឡាករ អេ រដ្ឋា បានរត់មកជ្រកក្នុងក្លិបអេភូថងកីឡា ដែលការត្រឡប់មកលើកនេះ គឺឡើងកាលីបបានឡើងរេញអន្តរជាតិប៉ុស្តិ៍លេខ៥ប៉ះជាមួយកីឡាករថៃតែម្ដងនៅថ្ងៃសៅរ៍ ទី១៥ កញ្ញា ស្អែកនេះ ។ កីឡាករ Ling Lum Luk Hour Tnon នឹងក្លាយជាគូប្រកួតរបស់គេនៅក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯក TV5 Boxing Knock Out Series By K-Cement ដែលមានកីឡាករប្រកួតគ្នាចាញ់ធ្លាក់ៗដើម្បីយកកៅអី៤នាក់ប្រកួតគ្នានៅថ្ងៃនោះដែរ។
ការប្រកួតដែលនឹងចាប់ផ្ដើមឡើងពីម៉ោង៦ល្ងាចតទៅត្រូវគេឃើញមានការរំពឹងខ្ពស់មិនខុសពីការប្រកួតអន្តរជាតិមុនៗនោះទេ ដោយសារតែភាពជាក់ស្ដែងគឺព្រឹត្តិការណ៍ដំណើរការចំពេលល្ងាចថ្ងៃសម្រាក ដែលជាថ្ងៃមនុស្សម្នានៅតំបន់ព្រែកកំពិសនិយមមកទស្សនាកកកុញ ស្របគ្នាដែលនៅតំបន់ប៉ុស្ដិ៍លេខ៥ក៏មានកំណើនអ្នករស់នៅច្រើនឡើង ក្រោយមានវត្តមានសំណង់បុរីព្រោងព្រាតប្រដេញគ្នា ។
កីឡាករកម្ពុជាត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឱ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ Ling Lum Luk Hour Tnon ដែលអ្នកណាៗក៏ស្គាល់ថាជាជើងខ្លាំងវ័យក្មេង នៅក្នុងប្រទេសថៃ ។ វត្តមានកីឡាករទាំងកម្ពុជា និងថៃ ក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិ ឬការប្រកួតជាលក្ខណៈមិត្តភាពក្នុងស្រុកនៅក្នុងថ្ងៃនោះ ពិតជាធ្វើឱ្យអ្នកស្នេហាវិស័យប្រដាល់មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានរបស់កីឡាករ អេ រដ្ឋា ដោយសារតែកីឡាកររូបនេះ ត្រូវគេដឹងថាជាជើងខ្លាំងនៅមុនពេលបាត់មុខមួយរយៈ ហើយចង់ដឹងថា ការបង្ហាញខ្លួននេះ តើគេអាចទៅរួចអត់ ។
សមាសភាពគូអន្តរជាតិនេះ ត្រូវបានគេអះអាងថា មានការសម្រាំងយ៉ាងពិសេសដើម្បីឱ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ក្នុងពេលដែលសប្ដាហ៍នេះគឺជាការប្រកួតរវាងអ្នកឈ្នះ៨នាក់ក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯកនៅប៉ុស្ដិ៍លេខ៥ ដើម្បីជម្រុះយកតែ៤នាក់សម្រាប់ជុំថ្មីផងនៅសប្ដាហ៍ទី២។
លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រកួតប្រចាំសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បញ្ជាក់ថា សមាសភាពខាងកម្ពុជាសម្រាប់ការប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ អេ រដ្ឋា ដោយសារតែកីឡាកររូបនេះ ធ្លាប់មានស្នាដៃរាប់មិនអស់ ហើយលោកជឿថា កណ្ដាប់ដៃ និងភាពខ្លាំងរបស់គេនឹងល្អ ទើបលោកសម្រេចដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិក្នុងសប្ដាហ៍ប្រកួតជម្រុះរវាងកីឡាករខ្លាំងៗលើកនេះ។
លោកប្រកាសថា វត្តមានចុះមករបស់កីឡាករថៃ Ling Lum Lum Hour Tnon លោកទុកចិត្តកីឡាករកម្ពុជារូបនេះ ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាមានអ្នកគាំទ្រភាគច្រើនថា កីឡាករកម្ពុជារូបនេះអាចនឹងពិបាកទប់ជាមួយកីឡាករថៃក្ដី ។ លោកក៏បានកំណត់ឱ្យកីឡាករ អេ រដ្ឋា ហ្វឹកហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍ផងដែរមុនពេលផ្គូផ្គង ទើបលោកយល់សមាសភាពរបស់កីឡាករកម្ពុជាមួយនេះគ្រប់គ្រាន់សម្រាប់ឱ្យប៉ុស្តិ៍លេខ៥ដាក់ឱ្យប្រកួតជាលក្ខណៈអន្តរជាតិ នៅថ្ងៃសៅរ៍នេះបាន ។
លោកថា កីឡាករកម្ពុជា និងថៃ សុទ្ធតែត្រូវបានអះអាងថាមានការត្រៀមខ្លួនច្បាស់លាស់ ដោយសារតែភាគីម្ខាងៗចង់ឈ្នះការប្រកួតរៀងខ្លួន និងមិនចង់បាត់បង់ក្រេឌីតក្រោយពេលប៉ះគ្នា ។ មួយគូនេះ មានការចាប់អារម្មណ៍ភាគច្រើនថានឹងមានអ្នកស្នេហាវិស័យប្រដាល់ជក់ចិត្ត ដោយសារជាបទពិសោធន៍ កីឡាករកម្ពុជា អេ រដ្ឋា មិនសូវមានទម្លាប់ឡើងវ៉ៃលាក់ដៃស្រាប់ទៅហើយ ស្របពេលដែលគេក៏ជាកីឡាករក្លាហាន និងវាយស៊ូ ធ្វើឱ្យលោកពេញចិត្ត ។
លោក សេង កដិកា បន្តថា ជំនួបអន្តរជាតិដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឱ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថា មិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជាវិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តលោកតាំងពីមុនផ្គូផ្គង។
យ៉ាងណាមិញ លោកថា កីឡាករកម្ពុជាដ្បិតថារូបលោក និងអ្នកគាំទ្រទុកចិត្តពីសមត្ថភាពយ៉ាងហ្នឹង តែបើគេប្រកួតមិនល្អ ឬមិនអស់ពីសមត្ថភាព ក៏ពិតជារងការរិះគន់មិនតិចដែរ។ ដោយឡែកសម្រាប់គូប្រកួតជម្រុះដណ្ដើមយកកៅអី៤នាក់ ក្នុងចំណោមអ្នកឈ្នះ៨នាក់សម្រាប់ព្រឹត្តិការណ៍ដណ្ដើមជើងឯកនៅសប្ដាហ៍នេះ ក៏មានការអះអាងថា ត្រៀមខ្លួនមិនធម្មតាផងដែរ ដើម្បីកុំឱ្យហាលអាវ និងបាត់បង់ឱកាសទៅកាន់វគ្គបន្ត៕
ចែករំលែកព័តមាននេះ