ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​​ព្រួយ​ពី​ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ក្ដី​កង្វល់​ពី​ការ​លូតលាស់​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ខ្លួន​អាច​នឹង​អន់​ថយ​នៅ​ខែកញ្ញា​នេះ ព្រោះតែ​ការ​នាំ​ចេញ និង​ចំនួន​ថ្ងៃ​ធ្វើការ​ឆ្នាំ​នេះ មាន​តិច​ជាង​ឆ្នាំ​មុន ។ លោក Kim…

ទីក្រុង​សេ​អ៊ូ​ល ៖ កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ក្ដី​កង្វល់​ពី​ការ​លូតលាស់​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ខ្លួន​អាច​នឹង​អន់​ថយ​នៅ​ខែកញ្ញា​នេះ ព្រោះតែ​ការ​នាំ​ចេញ និង​ចំនួន​ថ្ងៃ​ធ្វើការ​ឆ្នាំ​នេះ មាន​តិច​ជាង​ឆ្នាំ​មុន ។

លោក Kim Hyun-chong រដ្ឋមន្ត្រី​រូប​នេះ មាន​សុទិដ្ឋិនិយម​ទៅ​លើ​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​នេះ ប៉ុន្តែ​លោក​និយាយ​ថា ការ​លូតលាស់​នៃ​ការ​នាំ​ចេញ​ក្នុង​ខែ​នេះ​អាច​នឹង​អន់​ថយ ព្រោះតែ​ចំនួន​ថ្ងៃ​ធ្វើការ​មាន​តិច​ជាង​មុន ដោយសារ​តែ​បុណ្យ​រដូវរំហើយ និង​ការ​នាំ​ចេញ​ដ៏​ខ្ពស់​កាលពី​ខែកញ្ញា​ឆ្នាំ​មុន ។

លោក​បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​អ្នកតំណាង​ភ្នាក់ងារ​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជ​កម្ម និង​សមាគម​ឧស្សាហកម្ម​ធំ​ៗ​ថា ៖« ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​សរុប​កាលពី​៨​ខែ​ដំបូង​នា​ឆ្នាំ​នេះ​មាន​កម្រិត​ដ៏​ខ្ពស់ ហើយ​ប្រសិនបើ​និន្នាការ​នេះ​នៅ​តែ​បន្ត កូរ៉េ​ខាងត្បូង​អាច​រក​ប្រាក់​ចំណូល​បាន​៦០០​ប៊ី​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ជា​លើក​ដំបូង​ក្នុងឆ្នាំនេះ »​។

លោក​បាន​បន្ត​ថា ៖« ប៉ុន្តែ​ខ្ញុំ​មាន​កង្វល់​ជា​ច្រើន​ពី​ទិន្នន័យ​ខែកញ្ញា បើ​ធៀប​នឹង​ឆ្នាំ​មុន​ព្រោះតែ​ឥទ្ធិពល​នៃ​ឆ្នាំ​មុន និង​ចំនួន​ថ្ងៃ​ធ្វើការ​ដែល​តិច​ជាង​មុន »​។

លោក Kim បាន​សន្យា​ថា នឹង​ខិតខំ​ជួយ​ដល់​អ្នក​នាំ​ចេញ​ក្នុងស្រុក​បន្ថែម​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រែប្រួល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ខណៈ​ដែល​សហរដ្ឋអាមេរិក​បង្កើន​អត្រា​ការ​ប្រាក់​, ភាព​ចលាចល​នៃ​រូបិយ​វត្ថុ​នៅ​ទីផ្សារ​កំពុង​លូតលាស់​លឿន និង​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។

លោក Kim បាន​បន្ថែម​ថា ៖« ពួក​យើង​ត្រូវការ​វិធានការ​ជា​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទាំង​ក្នុងស្រុក និង​នៅ​បរទេស »​។

លោក​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​នឹង​ពង្រីក​ការ​ធានា​ប្រាក់​កម្ចី និង​ធានា​រ៉ាប់រង​សម្រាប់​អ្នក​នាំ​ចេញ​តូច​ៗ រួម​ទាំង​ក្រុមហ៊ុន​បង្កើត​ថ្មី​ផង​ដែរ​ដើម្បី​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​ឆ្លងកាត់​ឧបសគ្គ​រយៈពេល​ខ្លី ។

ក្នុង​រយៈពេល​វែង លោក Kim បាន​សន្យា​ថា នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ និង​បង្កើត​ជា​កញ្ចប់​ហិរញ្ញវត្ថុ​ជា​ច្រើន​សម្រាប់​ទីផ្សារ​កំពុង​លូតលាស់​លឿន​និង​សំខាន់​ដូច​ជា ឥណ្ឌា​, ឥណ្ឌូ​ណេ​ស៊ី​, រុ​ស្ស៊ី និង​ប្រេ​ស៊ី​ល​ជាដើម ដើម្បី​ស្វែងរក​កត្តា​ជំរុញ​ដល់​ការ​លូតលាស់​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ