ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​បរិវេណ​របង​ពេទ្យ​ខេត្ត​ក្លាយជា​ទីផ្សារ និង​បង្ក​ឱ្យ​ជះក្លិន​ស្អុយ​ធ្វើ​ឱ្យ​ភ្ញៀវ​រិះគន់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប និង​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​រិះគន់ ទៅ​លើ​អាជ្ញាធរ ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ខណៈ​ពួក​គាត់​ធ្វើ​ដំណើរ​កាត់​ទីនោះ​ធុំក្លិន​ដោយ​លាមក​ជុំវិញ​បរិវេណ របង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​ក្លាយជា​ទីផ្សារ សម្បូរ​ទៅ​ដោយ​អ្នក​លក់ដូរ…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប និង​ភ្ញៀវ​ទេសចរណ៍​បរទេស​បាន​រិះគន់ ទៅ​លើ​អាជ្ញាធរ ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តសៀមរាប ខណៈ​ពួក​គាត់​ធ្វើ​ដំណើរ​កាត់​ទីនោះ​ធុំក្លិន​ដោយ​លាមក​ជុំវិញ​បរិវេណ របង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​ក្លាយជា​ទីផ្សារ សម្បូរ​ទៅ​ដោយ​អ្នក​លក់ដូរ ជា​ពិសេស ពួក​យួន​ធ្វើ​សោ និង​ផ្ញើ​ឡាន ម៉ូតូ តាំងពី​ព្រឹក​រហូត​ដល់​យប់ ដែល​ជា​ចំណត​សម្រាប់​ដាក់​រថយន្តក្រុង របស់​ភ្ញៀវ​ទេ​ចរណ៍ ព្រោះ​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​ចេញចូល​ទៅ​ទស្សនា​នៅ​តំបន់​ផ្សារ​រាត្រី (​ផ​ប់​ស្ទ្រី​ត​) មិន​ដែល​ដាច់​ផង​ដែរ​។

បើ​តាម​សម្តី​របស់​អ្នកស្រី ឈ្មោះ វី មុខរបរ លក់ដូរ​រុញ​រទេះ នៅ​តាម​របង​មុខ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ដែល​ជួល​ផ្ទះ​គេ​នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា តាំងពី​គាត់​មក​លក់ដូរ នៅ​ទី​នេះ​អស់​រយៈពេល​ជាង​៥​ខែ​មក គាត់​ឃើញ​តែ​ឡាន និង​ម៉ូតូ ដែល​គេ​ជិះ​យក​មក​ផ្ញើ​នៅ​ពីមុខ មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មិន​ដែល​ដាច់​តាំងពី​ព្រឹក​រហូត​ដល់​យប់​។ ចំណែក​នៅ​កៀន​របង មន្ទីរពេទ្យ​ពី​ខាងជើង​រហូត​ដល់​កៀន​របង​មុខ​ពេទ្យ​ភ្នែក និង​មុខ​ពេទ្យ​ជន​ពិការ​វិញ សុទ្ធតែ​អ្នក​លក់ដូរ បាយ​សម្ល និង​អ្នក​ធ្វើ​សោ​ទាំងអស់ ព្រមទាំង​មាន​ទាំង​គូររូប​អក្សរ​បរទេស ពាសពេញ​របង​ពេទ្យ​នៅ​ទីនោះ ផង​ដែរ​។

មិន​ដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចេញ​មុខ​មក​ប្រាប់ ឬ​ហាមឃាត់​ឡើយ ប្រហែល​ពួក​គាត់​បាន​លុយ​ខែ​ពី​ពួក​ទាំងនោះ​ហើយ​មើលទៅ ចំពោះ​ខ្ញុំ​លក់ដូរ​នៅ តាម​ចិញ្ចើម​ផ្លូវ​មុខ​របង​ពេទ្យ ឃើញ​ប៉ូលិស​សណ្តាប់ធ្នាប់​មក​សុំ​លុយ ហើយ​ដេញ​ពួក​គាត់​ថែម​ទៀត​ផង​។ ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពី​លោក ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ប៉ុន្តែ​កន្លង​មក​លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ចំពោះ​បញ្ហា រឿង​អ្នក​លក់ដូរ​នៅ​ជុំវិញ​បរិវេណ​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត លោក​មិន​បានដឹង​ទេ ហើយ​លោក​ក៏​មិន​បានឱ្យ បុគ្គលិក​ណា​ម្នាក់​ចេញ​ទៅ​យក​លុយ​ដែរ នេះ​គឺជា​រឿង​របស់​សមត្ថកិច្ច​នគរបាល​សណ្តាប់ធ្នាប់​ខេត្ត​ទេ មិន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ឡើយ​។

រីឯ​លោក ដា​វីត ម​គ្គុ​ទេស​ទេសចរណ៍​ភាសារ​អង់គ្លេស​ដែល​តែង​នាំ​គ្នា មក​ដើរ​លេង​នៅ​តំបន់​ផ​ប់​ស្ទ្រី​ត បាន​រៀបរាប់​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ លោក​បាន​ជូន​ភ្ញៀវ​ជនជាតិ​កា​ណា​ដា​ចំនួន​៣៥​នាក់ មាន​ក្មេង​ចាស់​ប្រុស​ស្រី ដឹក​តាម​រថយន្តក្រុង​។ ហើយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បានឱ្យ​តៃកុង​ឡាន​ដាក់​ឡាន​នៅ​ចំណត​កៀន​របង​ពេទ្យ ដើម្បី​ដាក់​ភ្ញៀវ​ចុះ​ដើរទៅ​លេង​តំបន់​ផ​ប់​ស្ទ្រី​ត ព្រោះ​មិន​អាច​យក​ឡាន​ចូល​ក្នុង​បាន​ទេ ដោយសារ​តំបន់​នោះ គឺ​សម្រាប់​ភ្ញៀវ​ដើរ​ដូច្នេះ​ទើប​សម្រេច​ទម្លាក់​ភ្ញៀវ​ចុះ​នៅ​ទីនោះ​។ លោក​បាន​រៀបរាប់​បន្ត​ថា បន្ទាប់​ពី​ដាក់​ភ្ញៀវ​ចុះ​នៅ​កៀន​របង​ពេទ្យ ស្រាប់តែ​ភ្ញៀវ​រអ៊ូ​ប្រាប់​គាត់​វិញ​ថា នៅ​កៀន​នេះ ហេតុ​អ្វី​ធុំក្លិន​ឆ្អេះ​ណាស់ តើ​ពី​ណា​មក​ជុះនោម​នៅ​កៀន​នេះ ព្រោះ​កន្លែង​គេ​លក់ដូរ​ផង​។

ហើយ​គាត់​ឆ្លើយ​ដោយ​ខ្លី​ថា ប្រហែល​មាន​មនុស្ស​ឆ្កូត​ទេ បានជា​មិនដឹង​អី​មក​ជុះនោម​នៅ​កៀន​នេះ​ទៅ​វិញ ហើយ​គាត់​ក៏​នាំ​គ្នា​ដើរ​សំដៅ​ទៅ​លេង​នៅ​ម្តុំ​តំបន់​ផ​ប់​ស្ទ្រី​តទៅ​។ ចំណែក លោក​វរសេនីយ៍ទោ មាស វណ្ណៈ ប្រធាន​សណ្តាប់ធ្នាប់​ខេត្ត​បាន​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ រសៀល​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ចំពោះ​រឿង​អ្នក​លក់ដូរ​នៅ​ជុំវិញ​បរិវេណ​របង​ពេទ្យ​បង្អែក​ខេត្ត ពី​ខាងលិច​ឆៀង ខាងជើង​នោះ គឺ​ពួក​គាត់​បាន​លក់ដូរ​ជា​យូរ​មក​ហើយ ណាមួយ​កន្លែង​នោះ​យើង​ទុក​សម្រាប់​ចត រថយន្តក្រុង​ទេ ប៉ុន្តែ​ដោយសារ​ពួក​គាត់​លក់​យូរហើយ ណាមួយ​គាត់​នាំ​គ្នា​លើកដៃ​សុំ​ផង​នោះ ទើប​ពួក​ខ្ញុំ​ទុក​ឱ្យ​គាត់​លក់​ធម្មតា ព្រោះ​គាត់​លក់​តែ​យប់​១​ទេ​។

ចំណែក​អ្នក​ធ្វើ​សោ និង​អ្នក​លក់ដូរ និង​អ្នក​ផ្ញើ​ឡាន​ម៉ូតូ​វិញ កាលពី​កន្លង​ទៅ​កម្លាំង​សណ្តាប់ធ្នាប់​យើង​ក៏​បាន​ធ្វើការ​ណែនាំ ឱ្យ​ពួក​គាត់​រក កន្លែង​ថ្មី​លក់​ដែរ ប៉ុន្តែ​គាត់​រក​មិន​ទាន់​បាន​ក៏​នៅ​លក់​ដូច​ដើម​វិញ​ទៅ​។ លោក​បាន​បញ្ជាក់​ថា បញ្ហា​រឿង ដែល​ភ្ញៀវ​ថា​ធុំក្លិន​ឆ្អេះ​នោម​នៅ​កៀន​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ គឺជា​រឿង​ពិត​ហើយ ព្រោះ អ្នកលក់​ពេល​យប់ ហើយ​អ្នក​ចូល​ហូប​រួច​ក៏​នាំ​គ្នា​ទៅ​ជុះនោម​នៅ​កៀន​នោះ​ទៅ​។

លោក​បាន​បញ្ជាក់ បន្ថែម​ទៀត​ថា ករណី​រឿង​អ្នក​លក់ដូរ​នៅ​កៀន​របង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ លោក នឹង​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តំបន់​ផ​ប់​ស្ទ្រី​ត ជា​ពិសេស​ជុំវិញ​របង​មន្ទី​ពេទ្យ​បង្អែក​ខេត្តសៀមរាប​នេះ​តែ​ម្តង ដើម្បី​ចៀសវាង ការ​រិះគន់​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ម្តងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ