ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​មន្ត្រី​2​រូប​ចូល​កាន់​តំណែង​ថ្មី​​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្ដីសម្រេចរបស់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្ដីសម្រេចរបស់​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​តែងតាំង​មន្ត្រី​ចំនួន​២​រូប​ឱ្យ​ចូល​កាន់​តំណែង​ថ្មី​នៅ​ក្នុង​សហព័ន្ធ​ដ៏​មាន​សក្តានុពល​មួយ​នេះ​។

នៅ​ក្នុង​សេចក្ដីសម្រេច​ខាងលើ លោក កែវ សា​រ៉េ​ត អាយុ​៦២​ឆ្នាំ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ថ្មី បន្ទាប់​ពី​លោក គល់ សុ​ផា​ន់​ណា អតីត​អគ្គលេខាធិការ​សហព័ន្ធ​ប្រកាស​លាលែង​ពី​តំណែង​អស់​រយៈពេល​ជិត​២​ឆ្នាំ ហើយ​លោក ម៉ៃ តុលា ឡើងជា​អគ្គលេខាធិការ​សហព័ន្ធ​ស្ដីទី​ជំនួស​រហូត​មក​ទល់​ពេល​នេះ​ទម្រាំ​រកបាន​អ្នក​ថ្មី​។

លោក កែវ សា​រ៉េ​ត បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​​ទើប​បង្កើត​មក​ម្លេ​៉ះ ។ នៅ​ក្នុង​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​១៩៩៩ លោក​ជា​អគ្គលេខាធិការ​រង​និង​បាន​ធ្វើ​ជា​អគ្គលេខាធិការ​អស់​រយៈពេល​៦​ឆ្នាំ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៩​រហូត​មក​ទល់​ឆ្នាំ​២០០៥ ។ ពេល​នេះ​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​តែង​តាំង​ជា​អគ្គលេខាធិការ​សា​ជា​ថ្មី​ម្ដងទៀត​ជំនួស​តំណែង​នាយក​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ដែល​លោក​បាន​បម្រើ​ការងារ​នៅ​ទីនោះ​តាំងពី​ឆ្នាំ​២០១៤​។

លោក កែវ សា​រ៉េ​ត បន្ត​ថា សម្រាប់​ការងារ​មួយ​នេះ វា​ពិតជា​មិនសូវ​ស្រួល​ប៉ុន្មាន​នោះ​ទេ ។ ម្យ៉ាង​រូប​លោក​ក៏​កាន់តែ​ចាស់​ទៅ​ហើយ​ដែរ ប៉ុន្តែ​លោក​នៅ​តែ​ស្រឡាញ់​បាល់ទាត់ ចង់​ឃើញ​វិស័យ​កីឡា​មួយ​នេះ​រីក​ចម្រើន ។ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឱ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​។

ដោយឡែក​នៅ​ក្នុង​សេចក្ដីសម្រេច​នោះ​ដែរ ក៏​បាន​ប្រកាស​តែងតាំង​លោក យាន ឈៀង​​ដែល​ជា​មន្ត្រី​ផ្នែក​សម្របសម្រួល​នៅ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើ​ជា​នាយក​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ជំនួស​លោក កែវ សា​រ៉េ​ត ផង​ដែរ ។

លោក យាន ឈៀង​ដែល​មាន​វ័យ​៦៩​ឆ្នាំទៅ​ហើយ​នោះ​បាន​មាន​ប្រសាសន៍​ថា លោក​ធ្លាប់​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​រយៈពេល​១​ឆ្នាំ​ដែរ​គឺ​នៅ​ក្នុង​ឆ្នាំ​២០០៦​។

​គួរ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​២០០០​មក​ដល់​ពេល​នេះ​មាន​អគ្គលេខាធិការ​សហព័ន្ធ​ចំនួន​៦​រូប​ហើយ​គឺ​១-​លោក អ៊ុំ គឹ​ម​ភិន (​ស្លាប់​) ២-​លោក កែវ សា​រិ​ន ៣-​លោក​កែវ សា​រ៉េ​ត ៤-​លោក យាន ឈៀង ៥-​លោក អ៊ុ​ក​សិទ្ធិ​ជាតិ ៦-​លោក គល់ សុ​ផា​ន់​ណា ។ នៅ​ឆ្នាំ​២០១៨​នេះ លោក កែវ សា​រ៉េ​ត ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​សា​ជា​ថ្មី​ម្ដងទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ