ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ហ្នឹងឯង​ជា​ថ្នាំ​ទិព្វ​ដ៏​ពិសិដ្ឋ

5 ឆ្នាំ មុន

ការ​ដែល​មានចិត្ត​ធ្ងន់​ចុះ​ស៊ប់​ទៅ​ក្នុង​លក្ខណៈ​ពិត​របស់​សង្ខារ​ថា​របស់​ទាំងឡាយ​ទាំងពួង​ក្នុង​លោក​នេះ​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​តាម​ហេតុ តាម​បច្ច័យ ហើយ​លះបង់​នូវ​សេចក្តី​ប្រកាន់​ចោល​បាន នេះ​រាប់​ថា​ជា​ថ្នាំ​ទិព្វ​ដ៏​ប្រសើរ សម្រាប់​បំបាត់​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្តៅ​តាម​ផ្លូវចិត្ត ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា ការ​មាន​ហេតុផល ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់​នោះ​ឯង​ជា​ឱសថ​ដ៏​ពិសិដ្ឋ​សម្រាប់​កែរោគ​តាម​ផ្លូវចិត្ត…

ការ​ដែល​មានចិត្ត​ធ្ងន់​ចុះ​ស៊ប់​ទៅ​ក្នុង​លក្ខណៈ​ពិត​របស់​សង្ខារ​ថា​របស់​ទាំងឡាយ​ទាំងពួង​ក្នុង​លោក​នេះ​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​តាម​ហេតុ តាម​បច្ច័យ ហើយ​លះបង់​នូវ​សេចក្តី​ប្រកាន់​ចោល​បាន នេះ​រាប់​ថា​ជា​ថ្នាំ​ទិព្វ​ដ៏​ប្រសើរ សម្រាប់​បំបាត់​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្តៅ​តាម​ផ្លូវចិត្ត ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ថា ការ​មាន​ហេតុផល ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់​នោះ​ឯង​ជា​ឱសថ​ដ៏​ពិសិដ្ឋ​សម្រាប់​កែរោគ​តាម​ផ្លូវចិត្ត ។

ព្រោះហេតុនោះ​យើង​គប្បី​ធ្វើ​ជា​មនុស្ស​ដឹង​ហេតុផល មានគុណ​ធម៌​នឹង​ជួយ​ឱ្យ​ចិត្តស្ងប់​រម្ងាប់​បាន​ច្រើន​ណាស់ ព្រោះ​យល់​ព្រមទៅ​តាម​ការ​ពិត​ថា ផល​រមែង​មក​តាម​ហេតុ ឬ​ហេតុ​បង្ក​ឱ្យ កើត​ផល ។ ផល​ល្អ​ឬ​ផល​អាក្រក់​ដែល​យើង​បាន​ទទួល​នោះ រមែង​ជាប់​ទាក់ទង​មក​អំពី​ហេតុ ហេតុ​ល្អ​បង្ក​ឱ្យ​កើត​ផល​ល្អ ហេតុ​អាក្រក់​បង្ក​ឱ្យ​កើត​ផល​អាក្រក់ ហើយ​ហេតុ​នោះ​ៗ យើង​ជា​អ្នក​ធ្វើ​ដោយ​ខ្លួនឯង យ៉ាង​ហោច​ណាស់​ក៏​មួយ​ចំណែក​ធំ​ដែរ ដែល​យើង​ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់ ។

នៅ​ពេល​ដែល​បាន​ទទួល ផល​ល្អ មនុស្ស​យើង​ច្រើន​តែ​ប្រញិបប្រញាប់​ទទួលយក​ដោយ ក្តី​រីករាយ និង​គិត​ថា​ជា​លទ្ធផល​នៃ​ការងារ​ដែល​ខ្លួន​បាន​ធ្វើ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​ទទួលផល​អាក្រក់​វិញ​ហេតុ​ដូច​ម្តេច​បានជា​មិនសូវ​សុខចិត្ត​ព្រម​ទទួល ហើយ​ច្រើន​តែ​ទម្លាក់​ទោស​ទៅ​ឱ្យ​អ្នក​ដទៃ​ទៀត​ផង ថា​ជា​អ្នក​បង្កហេតុ​នោះ​ៗ​ទៅ​វិញ ។

បុគ្គល​មាន​ហេតុផល រមែង​មានចិត្ត​ធ្ងន់ រឹងប៉ឹង ប្រាកដ ច្បាស់លាស់ ហើយ​ព្រម​ទទួលយក​ទាំង​ផល​ល្អ ទាំង ផល​អាក្រក់ ។ ការ​ព្រម​ទទួលយក​នូវ​ហេតុផល​តាម​សេចក្តី​ពិត​នោះ​ឯង គឺជា​កូនសោ​ដ៏​សំខាន់​សម្រាប់​ចាក់​ចូល​ទៅ​រក​ការ​ដោះស្រាយ​នូវ​បញ្ហា ដែល​សុទ្ធតែ​ជា​បញ្ហា​លំបាក​ៗ តែបើ​មិន​ព្រម​ទទួលយក​នូវ​ការ​ពិត​ទេ​នោះ​ប្រាកដជា​នឹង​មាន​គ្រោះថ្នាក់​សម្រាប់​ជីវិត​ហើយ ។