ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរក្នុងក្រុងបាត់ដំបង…ខ្លាំងជាងសមត្ថកិច្ច​ទៀត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សកម្មភាព​ចោរ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​នៅ​តាម​ផ្សារ​ ឬ​នៅ​តាម​ទី​សាធារណៈ​នានា និង​សកម្មភាព​ក្រុម​ចោរឆក់​ ហាក់​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​​បរទេស​នៅ​ក្នុង​ក្រុង​បាត់ដំបង បើ​ទោះជា​មុខសញ្ញា​ជនសង្ស័យ​មួយ​ចំនួន​ ត្រូវ​បាន​បង្ក្រាប​ខ្លះ​ៗ​ហើយ​ក្ដី ខណៈ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន…

ខេត្តបាត់ដំបង ​៖ សកម្មភាព​ចោរ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​នៅ​តាម​ផ្សារ​ ឬ​នៅ​តាម​ទី​សាធារណៈ​នានា និង​សកម្មភាព​ក្រុម​ចោរឆក់​ ហាក់​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​​បរទេស​នៅ​ក្នុង​ក្រុង​បាត់ដំបង បើ​ទោះជា​មុខសញ្ញា​ជនសង្ស័យ​មួយ​ចំនួន​ ត្រូវ​បាន​បង្ក្រាប​ខ្លះ​ៗ​ហើយ​ក្ដី ខណៈ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន ​ហាក់​កំពុង​សប្បាយ​រីកថ្លើម​ប្រ​ម៉ាត់​ ជាមួយនឹង​មុខ​តំណែង​ ឬ​តួនាទី​ថ្មី ដែល​​ត្រៀម​ប្រកាស​ នា​ពេល​ខាង​មុខ​នេះ​ ។

ជាក់ស្ដែង ​កាលពី​​វេលា​ម៉ោង​០៦ និង៤០​នាទី​យប់​​ថ្ងៃ​ទី​១២ ​កញ្ញា ស្ថិត​នៅ​ចំណុច​ផ្សារ​វត្ត​ពោធិ​វង្ស ក្នុងភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។ ពួក​ចោរ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក ​លួច​យក​ម៉ូតូ​ប្រជាពលរដ្ឋ​មួយ​គ្រឿង ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ទុក​នៅ​ក្បែរ​ផ្សា​រហើយ​រក​ទិញ​ម្ហូប​

របាយ​​ការ​ណ៍​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង​1Y-3830 ជា​របស់​ឈ្មោះ​ផេង រុងរឿង ភេទស្រី ​អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​សូ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ​។ មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា សកម្មភាព​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ​នៅ​ក្នុង​ក្រុង​បាត់ដំ​បងបាន​ចាប់ផ្ដើម​កម្រើក​ឡើង​វិញ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈកន្លង​ទៅ​នេះ​ ។

មន្ត្រី​ដដែល​និយាយ​ទៀត​ថា ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ក្រុម​ចោរ​ជំនាញ​កាច់​សោ​លួច​ម៉ូតូ​ ហាក់​បាន​ចេញ​ធ្វើ​សកម្មភាព​ខ្លាំង ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តបាត់ដំបង​ ។ រហូត​មក​ដល់​ពេល​នេះ​ កម្លាំង​ជំនាញ​តាម​​បណ្ដា​ស្រុក ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនេះ​ មិន​ទាន់​បាន​បង្ហាញ​របាយ​ការ​ណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ជា​វិជ្ជមាន​នៅឡើយ​ទេ នៅ​តែ​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ដៃដល់​ដដែល ​។

ដោយឡែក​ បើ​និយាយ​អំពី​សកម្មភាព​ចោរឆក់​យក​ទ្រព្យ​សម្បត្តិ​អ្នកដំណើរ​នៅ​ក្នុង​ក្រុង​បាត់ដំបង នា​ពេល​នេះ​​វិញ ក៏​កំពុង​បង្កក្ដី​បារម្ភ​យ៉ាង​ខ្លាំងក្លា​ណាស់​ដែរ​ ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេរ​សរ​​​បរទេស​ ។ នៅ​ក្នុង​របាយ​ការ​ណ៍ សមត្ថកិច្ច​កន្លង​មកនេះ ត្រូវ​បាន​កត់សម្គាល់​ដែរ​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ភ្ញៀវ​បរទេស​​ច្រើន​ករណី​ហើយ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ។ ក្រុម​ជន​ទុច្ចរិត​បាន​ធ្វើ​សកម្មភាព​នេះ ​មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ ជា​ពិសេស​ នៅ​តាម​ដងផ្លូវ​ដែល​ជា​កន្លែង​ស្ងាត់​ឱ្យ​​តែ​សមត្ថកិច្ច​ភ្លេចខ្លួន​មិន​បាន​ប្រុង​ប្រយ័ត្ន​ ។

មតិ​​នានា​បាន​លើក​ឡើង​ថា បើ​ពិនិត្យ​លើ​ភាព​ជាក់ស្ដែង ​ដែល​ក្រុម​ជនល្មើស​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ពេល​នេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​សមត្ថកិច្ច​មួយ​ចំនួន ​កំពុង​សប្បាយ​រីកថ្លើម​ប្រ​ម៉ាត់​ជាមួយ​នឹង​ការ​ឡើង​ស័ក្ដិ ឡើង​តួនាទី​ ឬ​ទ​ទូល​មុខ​តំណែង​ថ្មី​យ៉ាង​ព្រោងព្រាត ដែល​ភ្លេច​គិត​ពី​ភារកិច្ច​របស់​ខ្លួន ក្នុង​កិច្ច​ការពារ​សន្តិសុខ​ សណ្ដាប់​ធ្លាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។

មន្ត្រី​មួយ​រូប​បាន​និយាយ​​អំពី​ភាព​អវិជ្ជមាន​ទាំងនេះ​​ថា ពេល​នេះ ​ជា​ពេលវេលា​ដែល​មន្ត្រី​នៅ​ក្នុង​ស្នងការ​ខេត្ត​មួយ​ចំនួន​ កំពុង​ភ្លេច​ភារកិច្ច​របស់​ខ្លួន​ ។ ព្រោះ​ពួក​គេ​កំពុង​ជាប់រវល់​វក់វី​នឹង​ការ​ស្វែងរក​តំណែង​ ឬ​តួនាទី​ថ្មី រីឯ​មន្ត្រី​មួយ​ចំនួន​ទៀត កំពុង​សប្បាយ​រីកថ្លើម​ជាមួយនឹង​អំណាច​បុណ្យ​ស័​ក្ដ តួនាទី​ ឬ​មុខ​តំណែង​
ថ្មី ដែល​ត្រៀម​ប្រកាស​​នា​ពេល​ខាង​មុខ​នេះ​ ។ មន្ត្រី​ដដែល​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា គ្រាន់តែ​តំណែង​ស្នងការ​រង​ខេត្តបាត់ដំបង ដែល​មាន​ស្រាប់​នឹង​ត្រៀម​ប្រកាស​បន្ថែម​ទៀត​ នា​ពេល​ខាង​មុខ​នេះ​ប្រមាណ​យ៉ាងតិច​៣០​រូប ស្ទើរតែ​​រក​កៅអីអង្គុយ​គ្មាន តែ​បទល្មើស​​ហាក់​គ្មាន​ការ​ថមថយ​ឡើយ​ ។

មន្ត្រី​នៅ​ក្នុង​ខេត្ត​ខ្លះ​ទៀត ​ក៏​បាន​រិះគន់​អំពី​ការ​កើនឡើង នៃ​តំណែង​ស្នងការ​រង​ខេត្ត​នេះ​យ៉ាង​ដូច្នេះ​ដែរ​ថា
​«​ការ​តែងតាំង​មុខ​តំណែង​ស្នងការ​រង​ខេត្ត​បន្ថែម ​រហូត​ដល់​រាប់​សិប​នាក់​ និង​ការ​ស្វែងរក​អំណាច តួនាទី​ថ្មី និង​ការ​ស្វែងរក​ការ​ដំឡើង​បុណ្យស័ក្ដិ​របស់​មន្ត្រី​មួយ​ចំនួន​នៅ​ពេល​នេះ កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្ដៅ​គគុក ​នៅ​តាម​ហាង​កាហ្វេ​នានា​ក្នុង​ក្រុង​បាត់ដំបង​» ​។

មន្ត្រី​នានា​បាន​រិះគន់​ថា លោកស្នងការ​រង​មួយ​ចំនួន ​ហាក់​គ្រាន់តែ​លំអ​អង្គភាព ព្រោះ​គ្មាន​ការងារ​ធ្វើ​ទេ​ ។ រីឯ​មួយ​ចំនួន គ្រាន់តែ​អង្គុយ​ចាំ​មើលបំណាំ មន្ត្រី​ដែល​កំពុង​បំពេញការងារ​តែ​ប៉ុណ្ណោះ ខណៈ​បទល្មើស​ស្ទើរ​គ្រប់​​ប្រភេទ​ បាន​កើត​ឡើងជា​បន្តបន្ទាប់​លោកស្នងការ​រង​ទាំងនោះ​ មិន​ជួយ​ឈឺឆ្អាល​ ។ ពោល​គឺ បទល្មើស​និង​តំណែង​លោកស្នងការ​រង ​ហាក់​កំពុង​ហក់​ឡើង​ទន្ទឹម​គ្នា​។

តាម​របាយ​ការ​ណ៍របស់​សមត្ថកិច្ច​កន្លង​ទៅ​នេះបាន​បង្ហាញ​ថា បទល្មើស​ដែល​កំពុង​រីក​រាលដាល​កាន់តែ
​ខ្លាំង​នៅ​ក្នុង​ខេត្តបាត់ដំបង​នា​បច្ចុប្បន្ន​នេះ​ គឺជា​អំពើរ​ចោរកម្ម​ដែល​មាន​ដូច​ជា​ «​ចោរលួច​ម៉ូតូ ចោរឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ ចោរ​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ និង​បទល្មើស​គ្រឿងញៀន​»​។ សកម្មភាព​ទាំងនេះ​ បាន​កើតឡើង​មិន​ថា​ នៅ​ទីប្រជុំជន​ ឬ​នៅ​ទី​ជនបទ​តាម​បណ្ដា​ស្រុក​នានា​នោះ​ទេ គឺ​ជន​ល្មើស​ហាក់​បង្កើន​សកម្មភាព​ស្ទើរ​គ្រប់កន្លែង បើ​ទោះជា​កម្លាំង​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​​បានជា​បន្តបន្ទាប់​ក្ដី​។

ជាមួយ​វត្តមាន​លោកស្នងការ​រង​ខេត្ត ដែល​ចេះ​តែ​កើនឡើង​ស្អេកស្កះ​ ស្ទើរ​រក​កៅអីអង្គុយ​គ្មាន​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​ បាន​ផ្ដល់​ក្ដី​ស​ង្ឍឹ​ម​ថា នឹង​អាច​ធ្វើ​ឲ្យ​ជន​ទុច្ចរិត​មានការ​ខ្លបខ្លាច និង​អាច​ធ្វើ​ឲ្យ​បទល្មើស​ដ៏​កក្រើក​នា​សព្វ​ថ្ងៃនេះ​ មានការ​ថយ​ចុះ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​រដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិ​ ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​ក្រុង​បាត់ដំបង​ជា​មិន​ខាន​ឡើយ​ ។

អត្ថបទសរសេរ ដោយ