ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​តាមដាន​កុមារភាព​ដ៏​អស្ចារ្យ​របស់ ប៉ា​ស្កាល់ «​គណិត​វិទូ​ដ៏​មហិមា​» ទើប​ដឹង​ថា​អស្ចារ្យ (ភាគបញ្ចប់)

5 ឆ្នាំ មុន

ប៉ា​ស្កាល់​ប្រញាប់ប្រញាល់​ពន្យល់​ឳ​ពុក ៖ «​កូន​កំពុង​រក​ការ​ទាក់ទង​ទៅ​មក​ដែល​ពុក​មាន​ប្រសាសន៍​ប្រាប់​កូន​ក្នុង​«​កង់​ឡាន​» និង​«​បួន​ជ្រុង​ទ្រវែង​» នោះ​ណា​ពុក ! » ។ «​កង់​ឡាន​» និង​«​បួន​ជ្រុង​ទ្រវែង​»…

ប៉ា​ស្កាល់​ប្រញាប់ប្រញាល់​ពន្យល់​ឳ​ពុក ៖

«​កូន​កំពុង​រក​ការ​ទាក់ទង​ទៅ​មក​ដែល​ពុក​មាន​ប្រសាសន៍​ប្រាប់​កូន​ក្នុង​«​កង់​ឡាន​» និង​«​បួន​ជ្រុង​ទ្រវែង​» នោះ​ណា​ពុក ! » ។ «​កង់​ឡាន​» និង​«​បួន​ជ្រុង​ទ្រវែង​» ជា​ឈ្មោះ​ដែល​ប៉ា​ស្កាល់​ដាក់​ឲ្យ​៖«​រង្វង់​» និង​«​ចតុកោណកែង​» ។

ដោយ​ការ​ព្យាយាម​ឲ្យ​សម្រេច​តាម​បំណង​របស់​ខ្លួន ប៉ា​ស្កា​ល់ អាច​សម្រេច​បំណងប្រាថ្នា​នេះ​ដោយ​ជោគ​ជ័យ​ដែល​អាច​បញ្ជាក់​លក្ខណៈ​មួយ​ចំនួន​ទៀត​របស់​រូប លើ​មូលដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​ស្តី​ពី «​ច្បាប់​» និង​«​បុព្វបទ​»​ដទៃ​ទៀត ។ ពិសេស​ប៉ា​ស្កា​ល់អាច​បកស្រាយ​បាន​ពី​ច្បាប់​ស្តី​ពី​ផល​បូក​​មុំ​ក្នុង​ត្រី​កោណ​​ដោយ​វិធី​ដោយឡែក​របស់​ខ្លួន​ផ្ទាល់ ។

ឃើញ​ដូចនេះ​ឳ​ពុក​ប៉ា​ស្កាល់​រំភើប​ញាប់​ញ័រ សប្បាយ​រីករាយ​រហូត​ស្រក់​ទឹកភ្នែក ។ លោក​បាន​សារសព្ទ​ប្រាប់​មិត្តភក្តិ​៖ «​កូន​ខ្ញុំ​នឹង​ក្លាយជា​គណិត​វិទូ ខ្ញុំ​ទើបនឹង​រក​ឃើញ​ប្រការ​នេះ​ក្នុងថ្ងៃនេះ ! »​។

ឆ្នាំ​១៦៣៩ ​ប៉ា​ស្កាល់​ បាន​សរសេរ​និក្ខេបបទ​វិទ្យាសាស្ត្រ​មួយទៀត​ដែល​ល្បីល្បាញ​ឈ្មោះ «​សម្មតិកម្ម​កោណ »​។ នេះ​ជា​សម្មតិកម្ម​មួយ​យ៉ាង​សំខាន់​ក្នុង​ចំណោម​សម្មតិកម្ម​មូលដ្ឋាន​នៃ​ធរណីមាត្រ​ចំណោល ។

អ្នកប្រាជ្ញ ​ដេ​កាត វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​នេះ ហើយ​បាន​ដាក់​ឈ្មោះ​ថា «​សម្មតិកម្ម​ធំ​ប៉ា​ស្កាល់​» ។ គាត់​បន្ថែម​ថា «​ចំពោះ​ស្នាដៃ​ស្រាវជ្រាវ​បែប​នេះ ទាល់តែ​អ្នកប្រាជ្ញធំ​ៗទើប​អាច​សម្រេច​បាន »​។ ប៉ុន្តែ​ស្នាដៃ​បែប​នេះ​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ពេល ​ប៉ា​ស្កាល់ ​មាន​អាយុ​ត្រឹមតែ១៦​ឆ្នាំ​ប៉ុណ្ណោះ ។

ពេល​ឃើញ​ឳ​ពុុ​ក​ឈ្ងោក​ក្បាល កោង​ខ្នង​ទាំងថ្ងៃទាំងយប់ ជាមួយ​ប្រមាណ​វិធី​តួលេខ​រាប់រយ រាប់​ពាន់ ប៉ា​ស្កាល់​ តឹងចិត្ត​ណាស់ ។ គេ​ព្យាយាម​ពិចារណា ៖ «​ត្រូវ​រិះរក​វិធី​ណាមួយ​ដើម្បី​ធ្វើ​ឲ្យ​ឳ​ពុក​ធូរស្រាល​អាច​រំដោះខ្លួន​រួច​ពី​តួលេខ​ដ៏​ស្មុគស្មាញ រក​កោះ​រក​ត្រើយ​ពុំ​ឃើញ​នេះ​»​។

ដូចនេះ​នៅ​ឆ្នាំ​១៦៤០ ​កូនប្រុស​អាយុ​១៧​ឆ្នាំ​ ក៏​បាន​សម្រេច​បំណង​របស់​ខ្លួន ហើយ​បាន​ធ្វើ​អំណោយ​ម៉ាស៊ីន​បូកលេខ ដក​លេខ​មួយ​ដល់​ឳ​ពុក​ដែល​ជា​ម៉ាស៊ីន​ដ៏​សាមញ្ញ តែ​ផ្ទុក​ដោយ​សន្តាន​ចិត្ត​ដឹងគុណ​កតញ្ញូ​ចំពោះ​ឳ​ពុក​ជា​និច្ច ។

ដោយសារ​បំណងប្រាថ្នា​ដ៏​ស្រួចស្រាល់ និង​ការ​ព្យាយាម អំណត់​តស៊ូ​ក្នុង​ជីវិត​គ្រប់​បែប​យ៉ាង ប៉ា​ស្កាល់ ​ក៏​សម្រេច​បាន​ជោគជ័យ​យ៉ាង​ឧត្តុង្គឧត្តម​ក្នុង​ឆាកជីវិត ផ្សារ​ភ្ជាប់​នឹង​ស្នាដៃ​ទាំងនេះ ។ ប៉ា​ស្កាល់​ ត្រូវ​បាន​មនុស្ស​ជំនាន់​ក្រោយ​ប្រតិស្ឋ​នាម​ជូន​ថា «​គណិត​វិទូ​ដ៏​មហិមា» តែម្តង ។ (​ស្រង់​ពី​សៀវភៅ​ថ្នាក់មធ្យមសិក្សា​នៃ​ក្រសួង​អប់រំ​) ៕

ចុចអានភាគ១ ៖ មក​តាមដាន​កុមារភាព​ដ៏​អស្ចារ្យ​របស់ ប៉ា​ស្កាល់ «​គណិត​វិទូ​ដ៏​មហិមា​» ទើប​ដឹង​ថា​អស្ចារ្យ