ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចាញ់​បរទេស កូន​ខ្មែរ​១​ក្រុម​បង្កើត​ធុងសំរាម​ឆ្លាត​វៃ ដាក់​ខុស​កន្លែង​វា​នឹង «​ស្រែក​» !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បញ្ហា​សំរាម​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​ចោទ​ឡើង​យ៉ាង​ខ្លាំង ដោយ​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​តែ​មិន​យល់​ពី​បញ្ហា ​និង​ផល​ប៉ះពាល់​ដែល​កើតឡើង​ពី​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ យុវជន​កម្ពុ​ជាមួយ​ក្រុម បាន​បង្កើត​ធុងសំរាម​ឆ្លាត​វៃ​ ( Smart Bin…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បញ្ហា​សំរាម​នៅ​ប្រទេស​កម្ពុជា​កំពុង​តែ​ចោទ​ឡើង​យ៉ាង​ខ្លាំង ដោយ​ពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​តែ​មិន​យល់​ពី​បញ្ហា ​និង​ផល​ប៉ះពាល់​ដែល​កើតឡើង​ពី​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ យុវជន​កម្ពុ​ជាមួយ​ក្រុម បាន​បង្កើត​ធុងសំរាម​ឆ្លាត​វៃ​ ( Smart Bin ) ដែល​អាច​បែងចែក​ប្រភេទ​សំរាម​ផ្សេង​ៗ​ដូច​ជា​ប្រភេទ​ប្លា​ស្ទិ​ក អាលុយមីញ៉ូម និង​សំរាម​រលួយ​ជាដើម ។

លោក ឃី​ម ស៊ី​ណាត សមាជិក​មួយ​រូប​ដែល​ចូលរួម​បង្កើត​ធុងសំរាម​ឆ្លាត​វៃ​នេះ បាន​ឲ្យ​ដឹង​ថា ធុងសំរាម​ដែល​ពួក​លោក​បាន​បង្កើត​ឡើង​នៅ​ពេល​នេះ វា​មានឈ្មោះ​ថា «Smart Bin» ជា​ប្រភេទ​ធុងសំរាម​ឆ្លាត​វៃ ដោយសារ​តែ​វា​មាន​ភ្ជាប់​ពី Hardware ទៅ​Software ហើយ​វា​ក៏​ភ្ជាប់​ទៅ​នឹង Cloud Server ផង​ដែរ ។ លោក​បន្ដ​ថា ជា​ជំហាន​ដំបូង​ធុងសំរាម​នេះ បាន​ធ្វើ​ឡើង​ពី​ក្រដាស និង​ជ័រ​ស្មាច់ ដែល​អាច​ធន់​នឹង​ទឹក ខ្យល់ និង​កំ​ដៅ ។

លោក​បាន​បន្ថែម​ថា នៅ​ក្នុង​ធុងសំរាម​នេះ នឹង​មាន​ច្រក​ដាក់​សំរាម​បី​កន្លែង ដោយ​បែងចែក​ជា​ប្រភេទ​សំរាម​ផ្សេង​គ្នា​ៗ ក្នុង​នោះ​ដូច​ជា​សំរាម​ទូទៅ​ដែល​រលាយ​, សំរាម​ប្លា​ស្ទិ​ក និង​សំរាម​អាលុយមីញ៉ូម​ដូច​ជា​សម្បក​កំប៉ុង​ជាដើម ។

លោក​បញ្ជាក់​ថា ៖« ធុងសំរាម​នេះ បើសិនជា​មនុស្ស​យក​សំរាម​មក​ដាក់​មិន​ចំ​កន្លែង វា​នឹង​ស្រែក​ប្រាប់​ឲ្យ​ដាក់​ត្រឹមត្រូវ តែបើ​សិន​មនុស្សយ​កមក​ដាក់​បាន​ត្រឹមត្រូវ វា​នឹង​ឆ្លើយ​សំឡេង​អរគុណ​ទៅ​អ្នក​ដាក់​វិញ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ថ្ងៃក្រោយ​យក​ដាក់​ឲ្យ​ចំ​កន្លែង​ទៀត »​។

កញ្ញា​វ​ត្តី ក្រុមការងារ​មួយ​រូប​របស់ Smart Bin បាន​ឲ្យ​ដឹង​ដែរ​ថា ដោយសារ​តែ​ក្រុម​របស់​ខ្លួន​សុទ្ធតែ​ជា​អ្នក​ស្រលាញ់​បរិស្ថាន និង​ជា​អ្នក​ចូល​ចិត្ត​កែ​ច្នៃ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ដូចនេះ​ហើយ​ទើប​សមាជិក​ទាំងអស់​ដែល​មាន​គ្នា​៤​នាក់ បាន​សម្រេច​បង្កើត​ធុងសំរាម​នេះ​ឡើង ។

កញ្ញា​និយាយ​ថា ៖« ពួក​យើង​មានគំនិត​ស្រ​ដៀង​គ្នា​ពី​ការ​ការពារ​បរិស្ថាន និង​ការ​បង្កើត​ថ្មី ហើយ​ម្យ៉ាងទៀត ពួក​យើង​ក៏​សុទ្ធសឹងតែ​ជា​យុវជន​ដែល​មាន​សក្ដានុពល និង​អាច​ជួយ​សង្គម​បាន ដូចនេះ​ហើយ​ទើប​ពួក​យើង​ក៏​បាន​ចូលរួម​ក្នុង​សង្គម​មួយ​នេះ ទោះ​តិច​ក្ដី ច្រើន​ក្ដី » ។

សមាជិក​បង្កើត​ Smart Bin មួយ​រូប​ទៀត គឺ​លោក ឈុ​យ ស៊ុ​ង​ហួរ បាន​ឲ្យ​ដឹង​ថា ពួក​លោក​បាន​មើលឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​តែ​មិន​ទាន់​យល់​ដឹង និង​បាន​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ ដូចនេះ​ហើយ ទើប​ពួក​យើង​បង្កើត​ធុងសំរាម​នេះ​ឡើង វា​អាច​បណ្ដុះ​ទំលាប់​ឲ្យ​ពលរដ្ឋ​ចេះ​មាន​របៀប​ទុកដាក់ សំរាម​បាន​ត្រឹមត្រូវ និង​ចេះ​បែងចែក​ប្រភេទ​សំរាម​ផង​ដែរ ។

លោក​បន្ត​ថា ៖« ដើម្បី​ឲ្យ​ការងារ​របស់​ពួក​យើង​បាន​ជោគជ័យ ពួក​យើង​ក៏​សុំ​ឲ្យ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទាំងអស់ និង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ដោយ​សូម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ធុងសំរាម​នោះ »​។

លោក​ថា ៖« នៅ​ពេល​ប្រជាពលរដ្ឋ​ដាក់​នៅ​ក្នុង​ធុងសំរាម​នោះ​ហើយ ពួក​គាត់​នឹង​ទទួល​បាន​នូវ​ការ​ភ្ញាក់ផ្អើល​ពី​ការ​ដាក់​សំរាម​ក្នុង​ធុង​នោះ ហើយ​នៅ​ពេល​ទទួល​បាន​ជោគជ័យ​ពី​គម្រោង​នេះ យើង​នឹង​យក​ប្រយោជន៍​ដែល​បាន​នោះ​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌​នានា ហើយ​ប្រយោជន៍​ដែល​យើង​ទទួល​បាន​នោះ ដូច​ជា​សម្បក​កំប៉ុង​ដែល​បងប្អូន​ដាក់​ចូល​ក្នុង​ធុង​នោះ​ជាដើម » ។

ដោយឡែក​លោក ជី​ម មិ​នា បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ចាប់ផ្ដើម​ដំណើរការ​គម្រោង Smart Bin​នេះ ពួក​យើង​បាន​ជួប​ផល​ពិបាក​មួយ​ចំនួន ទាំង​ផ្នត់គំនិត និង​សកម្មភាព ។ ជាក់ស្ដែង​ពួក​យើង​បាន​គិត​ឃើញ​ពី​ចំណុច​ដែល​ត្រូវធ្វើ​បន្ទាប់ នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ធុងសំរាម​ឆ្លាត​វៃ​នោះ​បាន​ចេញ​ជា​រូបរាង​ហើយ ។

លោក​បន្ត​ថា ការ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​នៅ​គ្រប់​ទីកន្លែង បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​មនុស្ស​សត្វ​ទាំងឡាយ ។ ជាក់ស្ដែង​គេ​អាច​ដឹង និង​ងាយស្រួល​ក្នុង​ការ​យក​សំរាម​ណា​ទៅ​កែ​ច្នៃ និង​សំរាម​ណា​ដែល​មិន​អាច​កែ​ច្នៃ និង​ត្រូវ​កម្ទេច​ចោល​ជាដើម ។

លោក​បន្ថែម​ថា ៖«​ទៅ​ថ្ងៃ​អនាគត ក្រុម​យើង​ទាំង​បួន​នាក់ មិន​ត្រឹមតែ​អភិវឌ្ឍន៍​ជា​ធុងសំរាម​ឆ្លាត​វៃ​ប៉ុណ្ណោះ​ទេ ពួក​យើង​នឹង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វៃឆ្លាត ឬ​ Smart City ដោយ​ចូលរួម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ប្រទេស​ជា​ច្រើន​ទៀត​បាន​និង​កំពុង​ជួប​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​បណ្ដាល​មក​ពី​ការ​បំផ្លាញ​បរិស្ថាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​និង​កាក​សំណល់​នេះ​ដែរ ក្រុមហ៊ុន​ចិន​មួយ​បាន​សម្រេច​បោះទុន​វិនិយោគ​កែ​ច្នៃ​កាក​សំណល់​នៅ​ក្នុង​ប្រទេស ដោយ​ប្រមូល​តែ​ពី​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​កែ​ច្នៃ និង​មិន​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ឬ​ប្រទេស​ខាងក្រៅ​មក​កែ​ច្នៃ​ឡើយ ដូចនេះ ធុងសំរាម​ឆ្លាត​វៃ​ដែល​បង្កើត​ឡើង​ដោយ​យុវជន​ទាំង​បួន​រូប​នេះ គឺជា​កាតាលីករ​មួយ​ក្នុង​ការ​ប្រមូល​សំរាម​ជូន​ទៅ​ក្រុមហ៊ុន​វិនិយោគ​នោះ​ដើម្បី​កែ​ច្នៃ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ