ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាយ​មូលហេតុ​កីឡា​គុន​ដាវ​នៅ​ឆ្ងាយ​ពី​ក្រសែភ្នែក​មហាជន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា កីឡា​គុន​ដាវ​ស្ទើរតែ​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​ស្រទាប់​មហាជន​អ្នក​ស្នេហា​វិស័យ​កីឡា​តែ​ម្ដង បើ​ទោះជា​សហព័ន្ធ​នេះ​ប្រឹង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​មិន​ខុស​គ្នា​ពី​សហព័ន្ធ​កីឡា​ផ្សេង​ៗ​នៅ​កម្ពុជា​ក្តី ។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឱ្យ​កីឡា​គុន​ដាវ​មិន​អាច​ស្មើមុខស្មើមាត់​នឹង​កីឡា​មួយ​ចំនួន​ទៀត ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​ក៏​បង្ហាញ​ពី​ការ​បារម្ភ​ជុំវិញ​បញ្ហា​ទាំង​អស់នេះ​ដែរ​។ ប្រភព​ពី​មន្ត្រី​ប្រចាំ​សហព័ន្ធ​កីឡា​គុន​ដាវ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា កីឡា​គុន​ដាវ​ស្ទើរតែ​គ្មាន​ការ​ចាប់​អារម្មណ៍​ពី​ស្រទាប់​មហាជន​អ្នក​ស្នេហា​វិស័យ​កីឡា​តែ​ម្ដង បើ​ទោះជា​សហព័ន្ធ​នេះ​ប្រឹង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​មិន​ខុស​គ្នា​ពី​សហព័ន្ធ​កីឡា​ផ្សេង​ៗ​នៅ​កម្ពុជា​ក្តី ។ មាន​មូល​ហេតុ​ជា​ច្រើន​ដែល​នាំ​ឱ្យ​កីឡា​គុន​ដាវ​មិន​អាច​ស្មើមុខស្មើមាត់​នឹង​កីឡា​មួយ​ចំនួន​ទៀត ខណៈ​ដែល​មន្ត្រី​ពាក់ព័ន្ធ​ក៏​បង្ហាញ​ពី​ការ​បារម្ភ​ជុំវិញ​បញ្ហា​ទាំង​អស់នេះ​ដែរ​។

ប្រភព​ពី​មន្ត្រី​ប្រចាំ​សហព័ន្ធ​កីឡា​គុន​ដាវ បាន​បង្ហើប​ដោយ​សុំ​លាក់​អត្តសញ្ញាណ​ថា កីឡា​​​គុន​ដាវ ការណ៍​ពិត​មាន​គម្រោង និង​ផែនការ​ចង់​ខ្លាំង​ជាង​បណ្ដា​សហព័ន្ធ​កីឡា​ផ្សេង​ៗ​នោះ​ផង ។ ប៉ុន្តែ​បណ្ដាល​មក​ពី​គម្រោង​ទាំងនោះ​ខ្វះ​ការ​គាំទ្រ ទើប​ធ្វើ​ឱ្យ​សហព័ន្ធ​ទាំងមូល​ស្ទើរតែ​ត្រូវ​គេ​ចាត់​ទុក​ថា​អត់​មាន​សកម្មភាព ហើយ​ចោទ​ថា​មន្ត្រី​នៅ​ក្នុង​សហ​ព័ន្ធ​អសមត្ថភាព។ ជាក់ស្ដែង​សូ​ម្បី​តែ​កញ្ចប់​សម្រាប់​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ ដើម្បី​បំផុស​ឱ្យ​មហាជន​ស្គាល់​​ថា កម្ពុជា ក៏​មាន​កីឡា​គុន​ដាវ​មិន​ខុស​ពី​បរទេស ក៏​មិន​មាន​ដែរ។

ប្រភព​នោះ​បន្ត​ថា កីឡា​គុន​ដាវ​សព្វថ្ងៃ​មិន​មាន​គ្រូ​បរទេស​ជំនាញ​ណា​ម្នាក់​មក​បង្វឹក​នោះ​​​​ទេ ដោយ​មាន​តែ​គ្រូ​ដែល​ជា​កីឡាករ​ចាស់​ៗ និង​គ្រូ​ជំនាញ​មក​ជួយ​ម្ដងម្កាល ហើយ​សម្រាប់​ប្រាក់​កាស​ឧបត្ថម្ភ​កីឡាករ​ក៏​មិន​មាន ដោយ​មាន​តែ​ក្រុម​ជម្រើសជាតិ​ដែល​ក្នុង​មួយ​ឆ្នាំ​គឺ​ផ្ដល់​ឱ្យ​តែ​រយៈពេល​១០​ខែ ដែល​អូ​ឡាំ​ពិ​ក​ជ្រើសរើស​។ លោក​ថា សហព័ន្ធ​ចង់​មាន​លទ្ធភាព​ឧបត្ថម្ភ​កីឡាករ​ក្មេង​ៗ ទុក​ធ្វើ​គ្រាប់ពូជ​ណាស់ ប៉ុន្តែ​មិន​មាន​ប្រាក់ខែ​ក្មេង​ៗ​ទាំងនោះ​ហ្វឹកហាត់​មិន​បាន​យូរ​ឡើយ គឺ​ច្រើន​តែ​បាត់​មុខ​វិញ​នៅ​ពេល​សហព័ន្ធ​ចាប់ផ្ដើម​បង្វឹក​ឱ្យ​មាន​ស្នាដៃ​បាន​បន្តិច​។

ប្រភព​នោះ​បន្ត​ថា សូ​ម្បី​តែ​គម្រោង​​ចេញ​ប្រកួត​ក្រៅ​ស្រុក ក៏​សហព័ន្ធ​មាន​លទ្ធភាព​មិន​ច្រើន​នោះ​ដែរ ក្នុង​ការ​បញ្ជូន​កីឡាករ​ឱ្យទៅ​ហ្វឹកហាត់​ដើម្បី​ឱ្យ​ខ្លាំង​មុន​ពេល​ចេញ​ប្រកួត។ ពាក្យ​មួយ​ងាយ​ស្ដាប់​ដែល​ប្រភព​នោះ​បង្ហើប​ប្រាប់​គឺ​«​បើ​សហព័ន្ធ​មាន​លុយ ហើយ​មាន​អ្នក​គិតគូរ​ច្រើន គឺ​គុន​ដាវ​អត់​ល្បី​មិនកើត​ទេ ដោយសារ​កីឡាករ​ភាគច្រើន​សុទ្ធតែ​មាន​ឆន្ទៈ​»​។

ប្រភព​បន្ត​ថា កីឡាករ​ភាគច្រើន​មក​ហាត់​ទាំង​បាក់កម្លាំង ហើយ​ស្របគ្នា​ដែល​សហព័ន្ធ​ក៏​មិន​មាន​លទ្ធភាព​ផ្ដល់​របប​អាហារ និង​មានការ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ដល់​កីឡាករ​ទាំងនោះ​ផង ទើប​កាន់តែ​ធ្វើ​ឱ្យ​អ្នក​ខ្លាំង​ប្រចាំ​សហព័ន្ធ ថមថយ​សមត្ថភាព​ជាង​មុន​ដែល​​ខុស​ពី​កីឡាករ​បរទេស​ធ្វើ​កីឡាករ​កាន់តែ​យូរ​កាន់តែ​ខ្លាំង​។

លោក​បន្ត​ថា កីឡាករ​ស្ទើរ​ទាំងអស់​របស់​គុន​ដាវ​មក​ហាត់​ទាំង​ស្រឡាញ់ ទាំង​ប្រឹង តែបើ​គ្មាន​ការ​ជ្រោមជ្រែង​ឱ្យ​ខ្លាំង ទោះជា​ទាំង​គ្រូបង្វឹក និង​កីឡាករ​ប្រឹងប្រែង​យ៉ាងណា ក៏​មិន​អាច​ទៅ​រួច​នោះ​ដែរ ។ អ៊ីចឹង​ហើយ​ទើប​កីឡា​គុន​ដាវ មិនសូវ​លេចធ្លោ ហើយ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស មិន​ដែល​ឈ្នះ​មេដាយ​ត្រឡប់​មក​វិញ ដោយសារ​តែ​កីឡាករ​នៅ​ខ្វះ​លទ្ធភាព​ច្រើន​ទាំង​ការ​ហ្វឹកហាត់​ត្រៀម​ក្នុងស្រុក និង​ក្រៅ​ស្រុក ខណៈ​ដែល​កីឡា​មួយ​នេះ ក៏​មិនសូវ​មាន​សិស្ស​ចង់​ចូល​។

ប្រភព​ដដែល​បន្ត​ថា កាលពី​ថ្ងៃ​ទី​៤​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ កីឡា​មួយ​នេះ ទើបតែ​បញ្ចប់​ការ​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ប៉ុណ្ណោះ ដើម្បី​​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ សាកលវិទ្យាល័យ អាស៊ី លើក​ទី​១៧ នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី​នៃ​ប្រទេស​សិង្ហ​បុរី។

ដោយ​ក្នុង​ពេល​នោះ​អត្ត​ព​លិ​ក​របស់​កម្ពុជា​ឈ្នះ​បាន​មេដាយ​ប្រាក់​មួយ និង​សំរឹទ្ធ​មួយ​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ដែល​បាន​ចេញ​ប្រកួត​តំណាង​កម្ពុជា​លើ​វិញ្ញាសា​ចំនួន​៥​ដែល​បាន​បញ្ជូន​ទៅ​នោះ​ផង ប៉ុន្តែ​បណ្ដាល​មក​ពី​ខ្វះ​ការ​សហការ​ផ្សព្វផ្សាយ​ទើប​ជ័យជម្នះ​របស់​សហព័ន្ធ​ហាក់ដូចជា​ស្ងាត់ ។

ប្រភព​នោះ​បន្ត​ថា កញ្ចប់​សម្រាប់​ផ្សព្វផ្សាយ គឺជា​រឿង​សំខាន់​ណាស់ ហើយ​អាច​បណ្ដាល​​មក​ពី​សហព័ន្ធ​មិន​ទាន់​មាន​ក្រុមហ៊ុន​ឯកជន​ណាមួយ​ជ្រោមជ្រែង​លើ​ការ​ផ្សព្វផ្សាយ​ឱ្យ​ដូច​គ្នា​នឹង​កីឡា​តេ​ក្វា​ន់​ដូ និង​បាល់ទាត់ ទើប​អ្នកខ្លះ​មិន​ទាំង​ដឹង​ថា កម្ពុជាក៏​មាន​កីឡា​គុន​ដាវ​នេះ​ផង​។

លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា បើ​ទោះជា​កីឡា​គុន​ដាវ មិនមែន​ជា​កីឡា​ដែល​ពលរដ្ឋ​ខ្មែរ យុវវ័យ​ខ្មែរ​ពេញ​និយម​ដូច​គ្នា​នឹង​កីឡា​តេ​ក្វា​ន់​ដូ និង​បាល់ទាត់​ជាដើម ប៉ុន្តែ​លោក​ថា អ្នកឯកទេស ឬ​ធនធាន​កីឡាករ​ជម្រើសជាតិ​របស់​កីឡា​ប្រភេទ​នេះ គឺ​នៅ​តែ​មាន​សកម្មភាព​។

​លោក​ទទួលស្គាល់​ថា ហេតុផល​សហព័ន្ធ​នេះ​ខ្វះ​ការ​ជ្រោមជ្រែង​ពី​វិស័យ​ឯកជន គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​គុន​ដាវ​ពិបាក​ក្នុង​ការ​ពង្រីក​សកម្មភាព ពង្រីក​លើ​ការ​ផ្សព្វផ្សាយ និង​ខ្វះ​លទ្ធភាព​ជំរុញ​ឱ្យ​កីឡាករ​មាន​គ្រូបង្វឹក​បរទេស​មក​បង្វឹក​ទៀងទាត់ និង​មិន​អាច​បញ្ជូន​ពួក​គេ​ឱ្យ​បាន​ច្រើន​នាក់​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ឱ្យ​បាន​ពេញទំហឹង ។

លោក​ថា កីឡាករ​ដែល​មាន​វិស័យ​ឯកជន​ជួយ​ពីក្រោយ​ខ្នង ទើប​ងាយ​លេចធ្លោ ជាក់​ស្ដែង​ដូច​ជា​កីឡា​តេ​ក្វា​ន់​ដូ បាល់ទាត់ និង​ល្បុក្កតោ​ជាដើម ។ ដោយឡែក​សម្រាប់​កីឡា​គុន​ដាវ លោក​ទទួលស្គាល់​ថា បើ​កីឡាករ​មក​ហាត់​រំពឹង​ចង់បាន​ប្រាក់ខែ​ច្រើន ឬ​ចង់​ល្បី​អី​ជាដើម​នោះ ដឹង​តែ​នៅ​មិន​បាន​យូរ​ទេ​។

យ៉ាងណាមិញ​លោក​ថា បើ​ធៀប​នឹង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន កីឡា​គុន​ដាវ​មាន​សិស្ស​ចង់​ហាត់ ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ច្រើន​ជាង​មុន​ដោយ​មាន​ទាំង​សិស្ស​ស្រី​ផង បើ​ទោះជា​កីឡា​មួយ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កីឡា​គ្រោះថ្នាក់​មិនសូវ​ជំរុញ​ឱ្យ​កូនចៅ​ចូល​ធ្វើ​កីឡាករ​។

លោក​ថា កីឡា​ប្រភេទ​នេះ ដ្បិតតែ​ត្រូវ​បានការ​ពារ​ដោយ​សម្លៀក​បំពាក់ និង​គ្រឿង​សុវត្ថិ​ភាព ប៉ុន្តែ​អ្នក​ហ្វឹកហាត់​ភាគច្រើន​នៅ​តែ​មានការ​ញញើត ហើយ​យល់​ថា កីឡា​គុន​ដាវ គឺជា​កីឡា​គ្រោះថ្នាក់​ដែល​នាំ​ឱ្យ​កីឡាករ​ហ្វឹកហាត់​ខ្វះ​ការ​តស៊ូ ហើយ​អ្នកខ្លះ​មិន​ទាន់​បាន​ហ្វឹកហាត់​ផង ស្រែ​កថា ខ្លាច​ៗ​បាត់​ទៅ​ហើយ​។

លោក​ថា មក​ទល់​ពេល​នេះ កីឡា​គុន​ដាវ មាន​អ្នក​ស្គាល់ និង​ចាប់អារម្មណ៍​ច្រើន​ជាង​មុន បន្ទាប់​ពី​សហព័ន្ធ​បញ្ជូន​សិស្ស​ឱ្យ​ចេញ​ប្រកួត​ញឹកញាប់​នៅ​ក្រៅប្រទេស ហើយ​ជា​លទ្ធ​ផល​ក៏​មាន​បណ្ដា​ប្រទេស​ច្រើន​ឡើង​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​កីឡាការិនី​កម្ពុជា​បាន​ចេញ​ប្រកួត និង​បាន​ទៅ​ហ្វឹកហាត់​ដែល​នាំ​ឱ្យ​ពួក​គេ​មាន​កម្លាំងចិត្ត ហើយ​បណ្ដាញ​ក្នុងស្រុក​មួយ​ចំនួន​ក៏​សហការ​ផ្សព្វផ្សាយ​។

លោក​ថា កីឡា​គុន​ដាវ កីឡាករ​ដែល​មាន​សមត្ថភាព​គឺ​មាន​ច្រើន​ឡើង​ដូច​ជា​កីឡាការិនី យី លី​ហ្សា កីឡាការិនី ជុំ សុ​វ​ណ្ណា​រ៉ុ​ង កីឡាការិនី រៀម ចាន់​ដា​រ៉ា​រស្មី​, កីឡាករ ជឹ​ម ធា​រ៉ា​, កីឡាករ ឃឹម សា​មាន​, កីឡាករ ថុ​ង តាំង​ជី​ន និង​កីឡាករ សំ សិទ្ធិ​បញ្ញា ។ ប៉ុន្តែ​មហាជន​តិច​ណាស់ ដែល​ស្គាល់​ពួក​គេ បើ​ធៀប​នឹង​កីឡា​តេ​ក្វា​ន់​ដូ និង​បាល់ទាត់ ដែល​មានការ​ជ្រោមជ្រែង​ខ្លាំង ហើយ​កីឡាករ​-​កីឡាការិនី​រូប​ណា​ក៏​ត្រូវ​គេ​ស្គាល់​គគ្រឹក​គគ្រេង​។

គួរ​បញ្ជាក់​ថា កីឡា​គុន​ដាវ​ដែល​ភាសា​បរទេស​ហៅ​ថា Fencing មិនមែន​ជា​កីឡា​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក និង​មាន​ប្រភព​កំណើត​ពី​កីឡា​បុរាណ និង​ជា​កីឡា​ប្រពៃណី​របស់​លោក​ខាងលិច​ដែល​តាម​ការ​សិក្សា​គឺ​មាន​ដើម​កំណើត​តាំងពី​១២០០​ឆ្នាំ​មុន​គ្រិស្ដសករាជ នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប នាទី​ក្រុង​រ៉ូ​ម ។

កីឡា​នេះ​ត្រូវ​បាន​នាំ​មក​បង្ហាត់​ដោយ សាលា​គុន​ដាវ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​បារាំង ដោយ​ព្រះ​អង្គ​ម្ចាស់ Charles ទី​៤ ហើយ​ក៏​ត្រូវ​បាន​សាយភាយ​នៅ​ពាសពេញ​ពិភព​លោក​។ កីឡា​ប្រភេទ​នេះ ត្រូវ​បាន​នាំ​មក​ប្រទេស​កម្ពុជា តាំងពី​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០​តាម​រយៈ​នយោបាយ​ពង្រីក​ទឹកដី​របស់​ប្រទេស​បារាំង ។

បើ​តាម​លោក សុខ អាង អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បន្ត​ថា វិញ្ញាសា
សំខាន់​របស់​គុន​ដាវ​រួម​មាន វិញ្ញាសា​ដាវ​តូច​ឯកត្តជន វិញ្ញាសា​ដាវ​ធំ​បុរស​ជា​ក្រុម វិញ្ញា​សា​​ដាវ​ធំ​ឯកត្តជន និង​វិញ្ញាសា​គុន​ដាវ​នារី​ជា​ក្រុម​ជាដើម ។

កីឡា​នេះ​មាន​ផលវិបាក​ច្រើន​ជា​ពិសេស​គឺ​រឿង​សម្លៀក​បំពាក់ និង​គ្រឿង​ការពារ ដោយ​អាច​និយាយ​មិន​មាន​បម្រុង​​ច្រើន​សម្រាប់​អ្នក​ចង់​ហាត់​មិនមែន​ជា​កីឡាករ​នោះ​ទេ ទើប​ក្នុង​ពេល​ខ្លះ​បើ​ទោះជា​មាន​​អ្នក​ចង់​មក​ហ្វឹកហាត់​ច្រើន​លើស​កំណត់​ក៏​មិន​អាច​ទទួល​។

តាំងពី​ឆ្នាំ​២០០៨​មក កីឡា​ករ​នេះ​ធ្លាប់​ត្រូវ​បាន​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់​ដែល​កាន់​តែ​ឱ្យ​គេ​ស្គាល់​ថា កម្ពុជា​ក៏​មាន​កីឡា​ប្រភេទ​នេះ​រីក​ចម្រើន បើ​ទោះ​ជា​គុន​ដាវ​មិនមែន​ជា​កីឡា​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ