ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​គ្រោង​ជ្រើសរើស​វត្តមាន​សក្ដានុពល​សម្រាប់​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំដៅ​ចូលរួម​ក្នុង​គោលការណ៍​បង្កើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​​កាន់តែ​ច្រើន​ថែម​ទៀត ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា រួម​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​ជ្រើសរើស​វត្ត​មួយ​ចំនួន​ដែល​​មាន​សក្ដានុពល​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ សំដៅ​ចូលរួម​ក្នុង​គោលការណ៍​បង្កើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កម្ពុជា​​កាន់តែ​ច្រើន​ថែម​ទៀត ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា រួម​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​ជ្រើសរើស​វត្ត​មួយ​ចំនួន​ដែល​​មាន​សក្ដានុពល​ច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។ នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ។

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​រូប​នេះ​បាន​ថ្លែង​បញ្ជាក់​ថា ចំពោះ​មុខ ក្រសួង​នឹង​រៀបចំ​អភិវឌ្ឍន៍ និង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន​ទៀត ហើយ​ក្រសួង​ក៏​មាន​គម្រោង​ជ្រើសរើស​វត្ត​ដែល​យើង​ពិនិត្យ​ឃើញ​ថា​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ សាសនា ដើម្បី​រៀបចំ​ជា​ផលិតផល​ថ្មី សម្រាប់​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។

លោក​បញ្ជាក់​ថា ៖«​ចំពោះ​វត្ត​មួយ​ចំនួន​យើង​បាន​រៀបចំ​រួច​ហើយ វត្ត​មួយ​ចំនួន​ទៀត​ដែល​យើង​មើលឃើញ​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ដែរ​នោះ ប៉ុន្តែ​យើង​មិន​ទាន់​បាន​រៀបចំ​នៅឡើយ ។ ដូច្នេះ​ក្រសួងទេសចរណ៍ នឹង​សហការ​ជាមួយ​ក្រសួង​ជំនាញ​​ពាក់ព័ន្ធ​ដទៃ​ទៀត រៀបចំ​វត្ត​ខាងលើ​នេះ​ឲ្យ​ទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ »​។

តាម​លោក​ប្រធាន​នាយកដ្ឋាន វត្ត​ដែល​នឹង​ត្រូវ​ជ្រើសរើស និង​រៀបចំ​នោះ អាច​ជា​វត្ត​ដែល​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​រចនាបថ​បាន​ល្អ មាន​ប្រវត្តិ​យូរលង់ ហើយ​ព្រះ​ចៅអធិការ​វត្ត​បាន​រៀបចំ​នូវ​ពិធីបុណ្យ​នានា​តាម​បែប​ព្រះពុទ្ធ សាសនា បាន​ត្រឹមត្រូវ​គួរ​ឲ្យ​ទាក់ទាញ ហើយ​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ឈ្វេងយល់​អំពី​ប្រវត្តិ​វត្ត អំពី​ការ​គោរព​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា វប្បធម៌ ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង ។

លោក ជុក ជំនោរ បាន​ឲ្យ​ដឹង​ដែរ​ថា ៖« កន្លង​មក យើង​មាន​វត្ត​ជា​ច្រើន​ដែល​បាន​រៀបចំ និង​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​កាន់​ទីនោះ ដូច​ជា​វត្ត​ដំណាក់​វត្ត​បូរ នៅ​ខេត្តសៀម​រាប , វត្ត​ដំរី​ស​, វត្ត​កំផែង ក្នុង​ខេត្តបាត់ដំបង​ជាដើម​។ ដូច្នេះ​យើង​ទទួល​បាន បទ​ពិសោធន៍​​នៃ​ការ​រៀបចំ វត្ត​ខាងលើ​នេះ ដើម្បី​យក​ទៅ​រៀបចំ​វត្ត​ដែល​មាន​សក្ដានុពល​ដទៃ​ទៀត »​។

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​អន្តរជាតិ​ដែល​ចូល​ចិត្ត​ទៅ​ស្រាវជ្រាវ ទៅ​កម្សាន្ត​តាម វត្ត​អារាម​នៅ​កម្ពុជា រួម​មាន​ភ្ញៀវ​មក​ពី​ប្រទេស ចិន កូរ៉េ ជប៉ុន រួម​ទាំង​ភ្ញៀវ​មក​ពី​បណ្តា​ប្រទេស មួយ​ចំនួន​ទៀត ។ ចំណែក​សមាគម​ទេសចរណ៍ ភ្នាក់ងារទេសចរណ៍​កន្លង​មក ក៏​បាន​យកចិត្ត​ទុក ដាក់​ក្នុង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ជា​កញ្ចប់​ដោយ​បញ្ជូន​ការ​សិក្សា​ស្រាវជ្រាវ រួម​ទាំង​ទស្សន កិច្ច​នៅ​វត្ត​អារាម​ផង​ដែរ ។

លោក ជុក ជំនោរ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កម្ពុជា​ក៏​ជា​គោលដៅ​ទេសចរណ៍​ខាង​សាស នា​ផង​ដែរ បន្ទាប់​ពី​គោលដៅ​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ ព្រោះ​កម្ពុជា ជា​ប្រទេស​ដែល បើក​ទូលាយ​ខាង​ការ​គោរព​សាសនា ដោយ​មិន​រើសអើង​នោះ​ឡើយ ។

ដូច្នេះ​លោក​រំពឹង​ថា តាម​រយៈ​នៃ​ការ​រៀបចំ​វត្ត​អារាម​តាម​គោលការណ៍​ខាងលើ​នេះ យើង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ថែម​ទៀត សំខាន់​វត្ត​ដែល​ជា​គោលដៅ​ទេសចរណ៍​ខាង​វិស័យ​សាសនា ប្រាកដជា​ទាក់ទាញ​បាន​ច្រើន​មិន​ខាន ។

លោក​ថ្លែង​បញ្ជាក់​ថា តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៧​នេះ យើង​ទាក់ ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​ក្នុង​រង្វង់​៧​លាន​នាក់​, ហើយ​ឆ្នាំ​២០២០​ក្នុង​រង្វង់​៧​លាន​ទៅ​៧​លាន​កន្លះ​, ដូច្នេះ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត​នោះ ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន ។

ផ្តើម​ពី​ការ​រៀបចំ​វត្ត​អារាម​ដែល​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍ ក៏​ជា​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ខាង​វិស័យ​សាសនា នឹង​រួមចំណែក​ក្នុង​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​ផែនការ​កំណត់​របស់​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ