ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ បាន​ឆ្លើយតបចំពោះ​ការតវ៉ា​ហើយ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន ​និង​កីឡា នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​មួយ​​ចំនួន ដែល​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​ដែល​ប្រកាស​ ដោយ​ក្រសួង​កន្លងមកនេះ ។ នេះ​បើ​តាម​ការ​សម្រេច​របស់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន ​និង​កីឡា នឹង​បើក​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​មួយ​​ចំនួន ដែល​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​ដែល​ប្រកាស​ ដោយ​ក្រសួង​កន្លងមកនេះ ។ នេះ​បើ​តាម​ការ​សម្រេច​របស់ លោករដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន ​និង​កីឡា ។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា​ថា «​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យវិច័យ​លើ​សន្លឹក​កិច្ចការ​គណិត​វិទ្យា របស់​បេក្ខជន​ដែល​តវ៉ា​មួយ​ចំនួន​» ។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​នេះ បន្ទាប់​ពី​មាន​បេក្ខជន​ដែល​ជា​សិស្ស​និង​គ្រូ​មួយ​ចំនួន ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ចការ​គណិត​វិទ្យា ដោយ​សារ​ពួក​គេ​មិន​ទទួលយក​ពិន្ទុ​ដែល​ក្រសួង​ប្រកាស​នោះ​ទេ ។ លទ្ធផល​របស់​ពួក​គេ​បាន​ធ្លាក់​មុខ​វិជ្ជា​គណិត​វិទ្យា ដែល​ជា​ការ​នឹក​ស្មាន​មិន​ដល់ និង​មិន​អាច​ទទួលយក​បាន ។

បេក្ខជន​មួយ​ក្រុម កាលពី​រសៀល​ថ្ងៃ​ទី​១០​ខែកញ្ញា បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​បើក​សន្លឹក​កិច្ចការ​របស់​ខ្លួន​ធ្វើការ​ផ្ទៀងផ្ទាត់​ពិន្ទុ​ឡើងវិញ ។ ក្រៅពី​បេក្ខជន​តវ៉ា នៅ​លើ​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក​វិញ ទាំង​លោកគ្រូ​អ្នកគ្រូ​ដែល​បង្ហាត់បង្រៀន​មុខ​វិទ្យា​គណិត​វិទ្យា បាន​នាំ​គ្នា​សរ​សេរ​ដោយ​សម្តែង​ការ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ពិន្ទុ​មុខ​វិជ្ជា​គណិត​វិទ្យា​ផង​ដែរ ។ ទាំង​គ្រូ​និង​បេក្ខ​ជន បាន​ស្នើ​ឱ្យ​ក្រសួង​ពិនិត្យ​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​គណិត​វិទ្យា​ឡើង​វិញ ។

ទោះបីជា​លោក​រដ្ឋមន្ត្រី​ប្រកាស​ថា នឹង​បើកសន្លឹក​កិច្ចការ​របស់​បេក្ខជន​តវ៉ា​មួយ​ចំនួន យ៉ាងណា​ក្តី តែ​លោក​មិន​បាន​បញ្ជាក់់​ឲ្យ​ដឹង​ពី​កាលបរិច្ឆេទ​នៃ​ការ​បើក​សន្លឹក​កិច្ចការ​នៅ​ពេល​ណា​នោះ​ទេ​។ មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុង​​ចាប់អារម្មណ៍​ពី​ការ​តវ៉ា​របស់​បេក្ខជន ដែល​មិន​ធ្លាប់​មាន​កន្លង​មកនេះ ដោយសារ​ក្នុង​ចំណោម​បេក្ខជន​ដែល​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​និទ្ទេស​ដែល​គេ​បាន​ទទួល​នោះ គឺ​សិស្ស​ពូកែ​ទទួល​បាន​មេដាយមាស​ផ្នែក​គណិត​វិទ្យា បែរជា​ទទួល​និទ្ទេស F (​ធ្លាក់​) លើ​មុខ​វិជ្ជា​គណិត​វិទ្យា​ទៅ​វិញ ហើយ​បេក្ខជន​ផ្សេង​ៗ​ទៀត​ដែល​ច្បាស់​ថា​ពួក​គេ​បាន​ធ្វើ​វិញ្ញាសា​គណិត​វិទ្យា​ត្រូវ​ច្រើន បែរជា​ទទួល​បាន​និទ្ទេស F ដូច​ៗ​គ្នា និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​អាច​ជា​ការ​ភ័ន្ត​ច្រឡំ​ក្នុង​បូក​ស្រង់​ពិន្ទុ ។

ជាមួយ​គ្នា​នេះ បេក្ខជន​ដែល​បន្ត​តវ៉ា​ក៏​បាន​ទាមទារ​ឲ្យ​ក្រសួង​អប់រំ សើរើ​ពិនិត្យ​កិច្ចការ​របស់ខ្លួន​ឡើង​វិញ និង​អ្នកខ្លះ​បាន​សុំ​ឱ្យ​រៀបចំ​ការ​ប្រឡង​លើក​ទី​២ ដូច​ឆ្នាំ​២០១៤ ។ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា បេក្ខជន​ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​ប្រមាណ​៥០​នាក់ បាន​នាំ​គ្នាទៅ​កាន់​ក្រសួង​អប់រំ ដោយ​បន្ត​ប្រមូលផ្តុំ​គ្នា​ទទូចដល់​​លោក​រដ្ឋមន្ត្រី ហង់ ជូន​ណា​រ៉ុ​ន មេត្តា​សើរើ​វិញ្ញាសា​គណិត រូបវិទ្យា និង​ភាសា​ខ្មែរ ដែល​ពួក​គេ​ជឿ​ថា​ធ្វើ​ត្រូវ​តែ​បែរជា​ធ្លាក់​(​និទ្ទេស​F) ។បេក្ខជន​ម្នាក់​ឈ្មោះ វ៉ា នី​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មក​ពី​វិទ្យាល័យ​ច្បារ​អំពៅ បាន​សរសេរ​ក្នុង​លិខិត​ដាក់​ជូន​លោក​រដ្ឋមន្ត្រី​ថា «​វិញ្ញាសា​ភាសា​ខ្មែរ​និង​គណិត​វិទ្យា ខ្ញុំ​ធ្វើ​បាន​ស្ទើរ​គ្រប់​ចំណុច​ទាំងអស់ ហើយ​អ្វី​ដែល​សំខាន់​ដូច​លទ្ធផលដែល​ចេញ​មក មិន​អាច​វិញ្ញាសា​ភាសា​ខ្មែរ​និង​គណិត​វិទ្យា​របស់​នាង​ខ្ញុំ ដូច​អ្វី​ដែល​ក្រសួង​អប់រំ​បោះពុម្ពផ្សាយ​ឡើយ​» ។

បេក្ខជន​រូប​នេះ បាន​ស្នើ​សុំ​អនុញ្ញាត​ឱ្យ​មានការ​ត្រួតពិនិត្យ​សា​ជា​ថ្មី​ឡើង​វិញ​លើ​សន្លឹក​កិច្ចការ​មុខ​វិជ្ជា​ភាសា​ខ្មែរ​និង​គណិត​វិទ្យា​របស់​នាង ដែល​អាច​មានការ​ភ័ន្ត​ច្រឡំ​លើ​ការ​ដាក់​ពិន្ទុ ឬ​ក៏​អាច​ជា​កំហុស​បច្ចេកទេស​កុំព្យូទ័រ​ដោយ​ប្រការ​ណាមួយ​ជាក់​ជា​មិន​ខាន​ឡើយ ។ បេក្ខជន​ឈ្មោះ សុខ ច័ន្ទ​យុទ្ធ​ពល ភេទ​ប្រុស មក​ពី​ខេត្តបាត់ដំបង និយាយ​ថា រូបគេ​ធ្វើ​វិញ្ញាសា​គណិត​វិទ្យា​បាន​ល្អ​បំផុត នៅ​ពេល​ប្រឡង​ផ្ទៀង​ចម្លើយ​ត្រូវ​ស្ទើរ​១០០% តែ​នៅ​ពេល​ចេញ​លទ្ធផល​បាន​និទ្ទេស​F(​ធ្លាក់​)​ទៅ​វិញ​។បេក្ខជន​រូប​នេះ​និយាយ​ថា «​ខ្ញុំ​មក​តវ៉ា​នេះ ដើម្បី​សូម​ស្នើ​ឲ្យ​ក្រសួង​អប់រំ​សើរើ​មុខ​វិជ្ជា​គណិត​វិទ្យា​នេះ​តែ​ម្តង ។ ករណី​នេះ​មិនមែន​កើតឡើង​ចំពោះ​តែ​ខ្ញុំ​ម្នាក់​ទេ វា​បាន​កើតឡើង​ចំពោះ​សិស្ស​ច្រើន​ដែរ ។ ករណី​នេះ​ប៉ះពាល់​ដល់​ទឹកចិត្ត​សិស្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​» ។

ចំណែក​បេក្ខជន​ឈ្មោះ ឆា​យ៉ា ភេទ​ប្រុស​មក​ពី​វិទ្យាល័យ ហ៊ុន សែន ឈូក ខេត្តកំពត​ដែលធ្លាប់​បាន​ទទួល​មេដាយមាស​ផ្នែក​គណិត​វិទ្យា បែរជា​ធ្លាក់​មុខ​វិជ្ជា​គណិត​នេះ​ទៅ​វិញ ហើយដោយ​ការ​មិន​សុខចិត្ត​ក៏​បាន​មក​តវ៉ា​ឲ្យ​សើរើ​ឡើង​វិញ​លើ​សន្លឹក​កិច្ចការ​ប្រឡង​របស់​គេ​ដែរ ។ បេក្ខជនដែល​ជា​សិស្ស​ពូកែ​រូប​នេះ​និយាយ​ថា «​ខ្ញុំ​មក​ដល់ក្រសួង​ដើម្បី​ដាក់​ពាក្យ​តវ៉ា ព្រោះ​មុខ​វិជ្ជា​គណិតវិទ្យា​នេះ​ខ្ញុំ​ពូកែ បែរជា​លទ្ធផល​បាន​និទ្ទេស​F
(​ធ្លាក់​)​ទៅ​វិញ​មិន​សម​ទេ ។ គេ​ថា​មាន​សិស្ស​ពូកែច្រើន​ផ្នែក​គណិត តែ​បែរជា​ធ្លាក់​មុខ​វិជ្ជា​នេះ​ទៅ​វិញ និង​សូម​ឲ្យ​ក្រសួង​ធ្វើ​ចំណាត់ការ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ការ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ជិត​មក​ដល់​ហើយ​» ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក្រសួង​អប់រំ​នៅ​មិន​ទាន់​កំណត់​ថា ពេល​ណា​ឬ​ថ្ងៃ​ណា​ត្រូវ​បើក​សន្លឹក​កិច្ចការ​គណិត​វិទ្យា​ដែល​មានការ​តវ៉ា​នេះ​នៅឡើយ​ទេ ។ ចំពោះ​ការ​តវ៉ា​របស់​បេក្ខ​ជន​ធ្លាក់​មុខ​វិជ្ជា​រូបវិទ្យា និង​ភាសា​ខ្មែរ​នោះ ក៏​ក្រសួង​អប់រំ​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​ដែរ ។ ប៉ុន្តែ​តាម​បេក្ខជន​ដែល​មក​តវ៉ា​ថា នឹង​មាន​អ្នក​មក​តវ៉ា​នៅ​ក្រសួង​អប់​រំជា​បន្តបន្ទាប់​ទៀត ដើម្បី​ឲ្យ​មានការ​ពិនិត្យ​លើ​ការ​ស្រង់​ពិន្ទុ​ពី​សន្លឹក​កិច្ចការ​ដែល​ពួក​គេ​កើតទុក្ខ​មិន​សុខចិត្ត ។យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់
ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា បេក្ខជន​ប្រឡង​ជាប់សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) សម័យ​ប្រឡង​ថ្ងៃ​ទី​២០២១ ខែសីហា ឆ្នាំ​២០១៨ នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៧៥.០៥៩​នាក់ ត្រូវជា​៦៦,២១% ក្នុង​ចំណោម​បេក្ខជន​មក​ប្រឡង​ជាង​១១​មុ​ឺ​ន​នាក់ ដែល​កាលពី​ឆ្នាំ​២០១៧ បេ​ក្ខ​ដែល​ជាប់​មាន​៦៣,៨៤% ។

បេក្ខជន​ជាប់​និទ្ទេស​A មាន​ចំនួន​២៩០​នាក់ និទ្ទេស​B​ចំនួន​១.៥៣២​នាក់ និទ្ទេស​C​ចំនួន ៤.៦៣១​នាក់ និទ្ទេស​D​ចំនួន​១៣.៩៩៩​នាក់ និង​និទ្ទេស E​ចំនួន​៥៤.៦០៧​នាក់ ។សម្រាប់​រាជធានី​ភ្នំពេញ​មាន​តួលេខ​ខ្ពស់​ជាងគេ ដោយ​និទ្ទេស​A​មាន​ចំនួន​១៣៥​នាក់ និង​ជា​បន្តបន្ទាប់ ខេត្តសៀមរាប​២១​នាក់ ខេត្តកណ្តាល​​១៦​នាក់ ខេត្តបាត់ដំបង​១៥​នាក់ ខេត្តតាកែវ​១៥​នាក់ ខេត្តកំពង់ចាម​១៣​នាក់ ខេត្តកំពត​១១​នាក់ ខេត្ត​ត្បូងឃ្មុំ​៩​នាក់ ខេត្តកំពង់ធំ​៩​នាក់ ខេត្តកំពង់ឆ្នាំង​៩​នាក់ ខេត្តបន្ទាយមានជ័យ​៩​នាក់ ខេត្តព្រៃវែង​៨​នាក់ ខេត្តក្រចេះ​៦​នាក់ ខេត្តពោធិ៍សាត់​៤​នាក់ ខេត្តស្វាយរៀង​៣​នាក់ ខេត្តកំពង់ស្ពឺ​៣​នាក់ ខេត្ត​ព្រះ​សីហ​នុ​៣​នាក់ និង​ខេត្ត​រតនគិរី​១​នាក់ ។

ចំណែក​ខេត្ត​ដែល​ពុំ​មាន​បេក្ខជន​ជាប់​និទ្ទេសA​មាន ខេត្តកោះកុង ខេត្ត​កែប ខេត្តមណ្ឌលគិរី​ខេត្តឧត្តរមាន​ជ័យ ខេត្តព្រះវិហារ ខេត្ត​ប៉ៃលិន និង​ខេត្តស្ទឹងត្រែង ។ជាមួយ​គ្នា​នេះ បេក្ខជន​ចំនួន​១៧​នាក់​ត្រូវ​បានកំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​ប្រព្រឹត្តខុសឆ្គង​ផ្ទុយ​ពី​បទ​ប្បញ្ញត្តិ​និង​កម្រិត​វិន័យ ។ សូម​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប​កាលពី​ថ្ងៃ​ទី​២១-២១ ខែសីហា ឆ្នាំ​២០១៨ មាន​មណ្ឌលប្រឡង​នៅ​គ្រប់​រាជធានី​-​ខេត្ត​សរុប​ចំនួន​១៩៦​បន្ទប់​ចំនួន​៤.៦៥៥ និង​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជីសរុប​១១៥.២៦៨​នាក់ ក្នុង​នោះ ៩០.១២០​នាក់ជា​បេក្ខជន​ចំណេះ​ទូទៅ ១៧.០៣១​នាក់ ជា​បេ​ក្ខជន​ស្វៃរិន ៤.៤២៥​នាក់​ជា​បេក្ខជន​បំពេញវិជ្ជានិង​៣.៦៩២​នាក់ ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ។ ចំណែក​បេក្ខជន​អវត្តមាន មាន​ចំនួន១.៩០៣​​នាក់ ៕ ​