ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​៦​ពាន់​នាក់​នឹង​ប្រែ​ក្លាយទៅជា​មនុស្ស​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​បាន​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​បាន​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥៨៦៥​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៣៦២​នាក់ ត្រូវ​បាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​បន្សាប និង​អប់រំ​ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ទើប​បញ្ជូន​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ការ​បញ្ជាក់​របស់​លោកស្រី មុំ ចាន់​ដា​នី បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ​មួយ​ខ្នង​មាន​១១​បន្ទប់ ស្ថិត​ក្នុង​អធិបតីភាព​លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ដែល​ជា​អំណោយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោកស្រី មុំ ចាន់​ដា​នី បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​មាន​អ្នក​ញៀន​គ្រឿងញៀន​កំពុង​តែ​បន្សាប និង​អប់រំ​កែប្រែ​មាន​ចំនួន​១៩៦៣​នាក់ ស្រី​១៣៣​នាក់ ដោយ​គិត​ត្រឹម​ថ្ងៃ​១០ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោកស្រី​បញ្ជាក់​ថា ដោយ​មានការ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់​បងប្អូន​ដែល​កំពុង​រង​គ្រោះ​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ដោយ​ពិនិត្យ​ឃើញ​ថា មណ្ឌល​សុខភាព​ជា​តម្រូវការ​ចាំបាច់​ដែល​អាច​ធានា​ដល់​ការ​ព្យាបាល​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​ជន​រង​គ្រោះ​ដែល​កំពុង​ទទួល​សេវា​ព្យាបាល និង​ស្ដារ​នីតិសម្បទា​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ការ​សាងសង់​អគារ​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ​ចំនួន​១​ខ្នង កម្ពស់​១​ជាន់ មាន​១១​បន្ទប់ កាលពី​ថ្ងៃ​២១ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​ស្ថាបនា​រួចរាល់​កាលពី​ថ្ងៃ​២៥ ខែមករា ឆ្នាំ​២០១៨ ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ពេល​នេះ ។

លោក នួន ផា​រ័​ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បងប្អូន​ដែល​រង​គ្រោះ​ដោយ​គ្រឿង​ញៀន​ទាំងអស់​ត្រូវ​ខិតខំ​បន្ដ​ប្រឹងប្រែង​បន្សាប​ឱ្យ​បាន​ដើម្បី​ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ និង​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ ។

លោក​បញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​បាន​ធ្វើ​ឱ្យ​ស្រទាប់​យុវជន​របស់​យើង​មួយ​ចំនួន​បាន​លង់​ខ្លូ​ន អ្នក​ញៀន​គ្រឿងញៀន​ប្រៀប​បាន​ទៅ​នឹង​ច្រែះ​ស៊ី​ដែក​បាត​កប៉ាល់ទឹក បើ​យើង​មិន​រក​វិធី​ការពារ​ទេ ច្រែះ​នោះ​នឹង​ស៊ី​ដែក​បណ្តាល​ឲ្យ​លិច​កប៉ាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ