រាជធានីភ្នំពេញ ៖ ដោយមានការជម្រុញណែនាំពីលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្រុមហ៊ុន OCIC ទទួលម៉ៅការស្ថាបនាស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ បានសម្រុកស្ថាបនាផ្លូវពង្រីកសងខាង ដើម្បីឈានទៅដល់ការស្ថាបនាតួស្ពានអាកាសចាប់ពីពាក់កណ្តាលខែមីនា នេះតទៅ ហើយគ្រោងបញ្ចប់ក្នុងឆ្នាំ២០១៣ខាងមុខ ។ ការស្ថាបនាគ្រឹះក្រោមពង្រីកផ្លូវក៏រួចរាល់១០០%ដែរ ផ្នែកខាងកើតរៀបប័រឌា និងដាក់លូរួចរាល់ដូចគ្នា ពេលនេះបានដំណើរការចាក់អ៊ុតកៅស៊ូ ពង្រីកផ្លូវមុខ បន្ទាប់មកឈានដល់ការស្ថាបនាតួស្ពានក្នុងរយៈពេល២សប្តាហ៍ទៀតនេះ ។
នៅព្រឹកថ្ងៃទី៣ មីនា ២០១១ អ្នកជំនាញបច្ចេកទេសសាលារាជធានីភ្នំពេញ និងមន្ត្រីមួយចំនួនបានចុះទៅពិនិត្យសកម្មភាពអ៊ុតកៅស៊ូពង្រីកផ្លូវខាងលើនៅផ្នែកខាងកើត ឬក្បាលស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈ ។មន្ត្រីជំនាញបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ការស្ថាបនាស្ពានអាកាសភ្លើងស្តុបមន្ទីរពេទ្យព្រះកុសុមៈនេះមានប្រវែង៣៤៥ម៉ែត្រ ទទឹង១៥,២ម៉ែត្រ លាតសន្ធឹងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងមានដៃស្ពានបំបែកធ្លាក់តាមមហាវិថីកម្ពុជាក្រោម ។ ស្ពាននេះត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៩ ធ្នូ ២០១០ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយក្នុងនោះមានការពង្រីកផ្លូវសងខាងស្ពាន៧ម៉ែត្រផងដែរ ។
មន្ត្រីជំនាញរបស់សាលាធានីបានបញ្ជាក់ថា ការស្ថាបនារហូតមកដល់ពេលនេះ ក្រុមហ៊ុនបានខិតខំយ៉ាងខ្លាំង គឺស្ថាបនាគ្រឹះខាងក្រោមនៃការពង្រីកផ្លូវផ្នែកខាងកើតរួចរាល់ ហើយផ្នែកក្បាលស្ពានខាងលិចក៏កំពុងធ្វើយ៉ាងមមាញឹកផងដែរ។ បន្ទាប់ពីអ៊ុតកៅស៊ូពង្រីកផ្លូវសងខាងនេះរួចរាល់ហើយ គឺចាប់ដំណើរការស្ថាបនាគ្រឹះស្ថាននៅអំឡុងពេលពាក់កណ្តាលខែមីនា ដែលការស្ថាបនានេះមិនមានការកកស្ទះចរាចរណ៍នោះទេ ដោយសារយើងពង្រីកផ្លូវអមសងខាងបាន៧ម៉ែត្រ ឯការស្ថាបនាស្ពានត្រូវបិទបាំងរបងស័ង្កសី។
មន្ត្រីសាលារាជធានីបានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋដែលមានដី ឬរបងប៉ះពាល់ដល់ការពង្រីកផ្លូវ និងប្រព័ន្ធខ្សែកាប ឬខ្សែអគ្គិសនីផ្សេងៗ ឱ្យចូលរួមសហការបង្កលក្ខណៈងាយស្រួលដល់ការស្ថាបនានេះផង ដោយសាលារាជធានីភ្នំពេញ ទុកពេលឱ្យត្រឹមសប្តាហ៍ក្រោយ បើពុំដូច្នោះទេ ត្រូវបង្ខំចិត្តកាត់ផ្តាច់ប្រព័ន្ធខ្សែទាំងអស់នេះតែម្តង៕
ចែករំលែកព័តមាននេះ