ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC​អនុម័ត​ឱ្យ​ក្រុមហ៊ុន​ចិន​សាងសង់​រោងចក្រ​កែ​ច្នៃ​កាក​សំណល់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​ចេញ​វិញ្ញា​បនបត្រ​ជា​ផ្លូវការ​ជូន​ក្រុមហ៊ុន​វិនិយោគិន​ចិន ដែល​មាន​បំណង​សង់រោង​ចក្រ​កែ​ច្នៃ​កាក​សំណល់​គ្រោះថ្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ផ្លូវការ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​លទ្ធភាព និង​ជួប​ជាមួយ​បណ្ដា​ថ្នាក់ដឹកនាំ​កម្ពុ​ជាមួយ​ចំនួន​រួច​មក…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​សម្រេច​ចេញ​វិញ្ញា​បនបត្រ​ជា​ផ្លូវការ​ជូន​ក្រុមហ៊ុន​វិនិយោគិន​ចិន ដែល​មាន​បំណង​សង់រោង​ចក្រ​កែ​ច្នៃ​កាក​សំណល់​គ្រោះថ្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ជា​ផ្លូវការ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​លទ្ធភាព និង​ជួប​ជាមួយ​បណ្ដា​ថ្នាក់ដឹកនាំ​កម្ពុ​ជាមួយ​ចំនួន​រួច​មក ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ដាក់​ស្នើ​សុំ​វិនិយោគ​សាងសង់​រោងចក្រ​កែ​ច្នៃ និង​កម្ទេច​ចោល​សំណល់​ក្នុងស្រុក​ដូច​ជា រថយន្ត បរិក្ខារ​អគ្គិ​សនី បរិក្ខារ​អេ​ឡិ​ត្រូ​និក សំណល់​ឧស្សាហកម្ម និង​លោហធាតុ​ផ្សេង​ៗ ដែល​កាក​សំណល់​ទាំងនេះ​ចាត់​ទុក​ថា ជា​កាក​សំណល់​គ្រោះថ្នាក់ នឹង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ដំណើរការ ។

តាម​គេហទំព័រ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថា ក្រុមហ៊ុន​ដែល​ស្នើ​សុំ​វិនិយោគ​លើ​គម្រោង​កែ​ច្នៃ​កាក​សំណល់​នេះ មានឈ្មោះ​ថា MI NER VA INVESTMENT CO.,LTD បោះទុន​វិនិយោគ​ចំនួន​៣០០,៤​លាន​ដុល្លារ​អា​មេ​រិ​ក មាន​ទីតាំង​វិនិយោគ​នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ នៅ​ពេល​ដំណើរការ​គម្រោង​នេះ នឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ចំនួន​៥៤៥​កន្លែង ។

គួរ​រំ​ឭ​ថា មុន​ពេល​ទទួល​បាន​អាជ្ញាប័ណ្ណ​វិនិយោគ​លើ​គម្រោង​កែ​ច្នៃ និង​កម្ទេច​ចោល​កាក​សំណល​គ្រោះថ្នាក់​ក្នុងស្រុក​នេះ ក្រុមហ៊ុន​បាន​ជួប​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ និង​បាន​ពន្យល់​ពី​ខ្សែ​សង្វា​ក់​នៃ​ដំណើរការ​រោងចក្រ​នោះ​ផង​ដែរ ។

តំណាង​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ​បាន​បញ្ជាក់​ប្រាប់​ថា រោងចក្រ​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ហើយនឹង​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ ឬ​ដើមឆ្នាំ​២០២១ ដែល​ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ជាង​៥០០​នាក់ តែ​គ្រប់គ្រង​ដោយ​បុគ្គលិក​ជំនាញ​មក​ពី​ប្រទេស​ចិន​ជាង​២០​នាក់​ថែម​ទៀត ។

តំណាង​ក្រុមហ៊ុន​រូប​នេះ​បាន​និយាយ​ថា រាល់​កាក​សំណល់​ដែល​ត្រូវ​យក​មក​កម្ទេច​ចោល និង កែ​ច្នៃ​ឡើង​វិញ​នោះ នឹង​ប្រមូល​ទិញ​ពី​ក្នុងស្រុក ដោយ​មិន​មានការ​នាំ​ចូល​ពី​ខាងក្រៅ​នោះ​ទេ ដូចនេះ​វា​ក៏​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​សម្អាត​បរិស្ថាន​របស់​កម្ពុជា​ផង​ដែរ ក្នុង​ពេល​ដែល​សំរាម​ក្នុង​ប្រទេស​កម្ពុជា មិន​ទាន់​ត្រូវ​បាន​យក​ទៅ​កែ​ច្នៃ​ជា​អ្វី​នៅឡើយ ។ ម្យ៉ាងទៀត​កាក​សំណល់​ដែល​ចេញពី​រោងចក្រ ក៏​មាន​កន្លែង​ទុកដាក់​ត្រឹមត្រូវ នឹង​ត្រូវ​យក​ទៅ​កប់ និង​ដាំ​ដើមឈើ​ពីលើ ដើម្បី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ផង​ដែរ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន លោក ហេង ណា​រ៉េ​ត អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គាំពារ​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ៖« សំរាម​ក្នុង​ប្រទេស​យើង​មិន​ទាន់​ត្រូវ​បាន​យក​ទៅ​កែ​ច្នៃ​ជា​អ្វី​ផ្សេង​បាន​នៅឡើយ​ទេ គឺ​ត្រឹមតែ​យក​ទៅ​កប់​ចោល ឬ​ទុក​មួយ​កន្លែង​សម្រាប់​ដុត​ចោល​ប៉ុណ្ណោះ ។ ដូចនេះ បើសិនជា​មាន​ក្រុមហ៊ុន​វិនិយោគ​បន្តបន្ទាប់​ទៀត ពិតជា​ល្អ​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ។ លោក​ថា ៖« យើង​សូម​ស្វាគមន៍​ចំពោះ​គម្រោង​វិនិ​យោគ​រោងចក្រ​កែ​ច្នៃ​កាក​សំណល់​នៅ​ក្នុងស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ តែ​ហាម​ដាច់​ខាត ការ​នាំ​ចូល​សំរាម​ពី​ប្រទេស​ជិតខាង​មក​កែ​ច្នៃ​ក្នុងស្រុក​យើង »​។

គួរ​បញ្ជាក់​ថា បញ្ហា​កាក​សំណល់ ឬ​សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​កន្លង​មក មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​សិក្សា​ពី​ការ​ចង់​វិនិយោគ​កែ​ច្នៃ​ដែរ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ចាប់ផ្ដើម​នៅឡើយ​ទេ ដូចនេះ​សម្រាប់​ក្រុមហ៊ុន MI NER VA INVESTMENT CO.,LTD ជា​ក្រុមហ៊ុន​ដំបូង​ដែល​ចាប់ផ្ដើម​គម្រោង​វិនិយោគ​សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ