ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អឺរ៉ុប ម្រេច​កំពត​តម្លៃ​ពី​150​ទៅ​200​ដុល្លារ​ក្នុង​1​គីឡូក្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ម្រេច​កំពត​ត្រូវ​បាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ផលិតផល​នេះ​បាន​សាយភាយ​កិត្តិនាម និង​កំពុង​ល្បីល្បាញ​នៅ​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​សម្រាប់​ទីផ្សារ​សហគមន៍​អឺរ៉ុប ។ បើ​តាម​ឈ្មួញ​នាំ​ផលិតផល​នេះ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ថា ម្រេច​កំពត​លក់រាយ​នៅ​ទីផ្សារ​នោះ…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ម្រេច​កំពត​ត្រូវ​បាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ផលិតផល​នេះ​បាន​សាយភាយ​កិត្តិនាម និង​កំពុង​ល្បីល្បាញ​នៅ​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​សម្រាប់​ទីផ្សារ​សហគមន៍​អឺរ៉ុប ។ បើ​តាម​ឈ្មួញ​នាំ​ផលិតផល​នេះ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ថា ម្រេច​កំពត​លក់រាយ​នៅ​ទីផ្សារ​នោះ មាន​តម្លៃ​ចាប់ពី​១៥០​ដល់​២០០​ដុល្លារ​ក្នុង​១​គីឡូក្រាម ។

លោក​ឧកញ៉ា ហៃ លី​អ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​Confirel ជា​ក្រុមហ៊ុននាំចេញ​កសិផល​កម្ពុជា​ទៅ​ក្រៅប្រទេស បាន​មាន​ប្រសាសន៍​ថា ម្រេច​កំពត​ដែល​ឈ្មួញ​អឺរ៉ុប​បាន​ទទួល​ទិញ​ពី​ឈ្មួញ​កម្ពុជា ទៅ​ចែកចាយ​ទៅ​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប លក់រាយ​មាន​តម្លៃ​ចាប់ពី​១៥០​ដល់​២០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​១​គីឡូក្រាម ។ ចំណែក​ទីផ្សារ​លក់​ក្នុងស្រុក​វិញ ម្រេចខ្មៅ មាន​តម្លៃ​១៥​ដុល្លារ​, ម្រេច​ក្រហម ២៥​ដុល្លារ និង​ម្រេចស តម្លៃ​២៨​ដុល្លារ ក្នុង​១​គីឡូក្រាម ។

លោក​ឧកញ៉ា​បន្ត​ថា ចំពោះ​តម្លៃ​ដែល​ឈ្មួញ​បរទេស​ទទួល​ទិញ​ពី​ឈ្មួញ​ក្នុងស្រុក មាន​តម្លៃ​ប្រហាក់ប្រហែល​៦០​ដុល្លារ​ក្នុង​១​គីឡូក្រាម ដូចនេះ​បច្ចុប្បន្ន ខណៈ​តម្លៃ​ម្រេច​កំពត​នៅ​ត្រឹមតែ​១៥​ទៅ​២៨​ដុល្លារ ផលិតផល​នេះ​នៅ​មាន​វិសាលភាព​ទូលំទូលាយ និង​នៅ​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពង្រីក​ទីផ្សារ ក៏​ប៉ុន្តែ បើសិនជា​មិន​មាន​វិធានការ​ពង្រីក​ឲ្យ​បាន​ទូលាយ​ទេ​នោះ វា​នឹង​ដួល ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« ក្នុង​កាលៈទេសៈ​នេះ ត្រូវការ​ពង្រីក​ទីផ្សារ​ម្រេច​កំពត​បន្ថែម​ទៀត យើង​ត្រូវ​អប់រំ​ពលរដ្ឋ​ដែល​ជា​អ្នក​ផលិត​ម្រេច​ផ្ទាល់ ស្គាល់​ពីសារ​សំខាន់​នៃ ផលិតផល​សម្គាល់​ភូមិសាស្ត្រ ( GI ) បើ​ពុំនោះ​ទេ យើង​មិន​អាច​រក្សា​ទីផ្សារ​ម្រេច​កំពត​បាន​ស្ថិតស្ថេរ​នោះ​ទេ ហើយ​ទីផ្សារ​នេះ នឹង​បាត់បង់​បន្តិច​ម្ដង​ៗ ដោយសារ​ការ​ក្លែងបន្លំ​ម៉ាក និង​មិន​បាន​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​អ្នកទិញ » ។

ថ្វី​ដ្បិតតែ​តម្លៃ​ម្រេច​កំពត​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​ស្ថិរភាព តែ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​វិញ ហាក់ដូចជា​មិន​ទូលាយ​ដូច​កាលពីមុន​នោះ​ទេ ហើយ​មាន​កសិករ​ខ្លះ​ត្អូញ​ត្អែរ​ត្រូវ​រក​ទីផ្សារ​លក់​ដោយ​ខ្លួនឯង​ដែរ ដែល​ខុស​ពី​មុន កសិករ​ផលិត​បាន​ប៉ុន្មាន គឺ​សមាគម​ទទួល​ទិញ​ទាំងអស់ ដើម្បី​លក់​ជូន​ឈ្មួញ​ដែល​បញ្ជា​ទិញ ។

កសិករ​ដាំ​ម្រេច​មួយ​រូប​ក្នុងភូមិ​អង្គរ​ជ័យ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​សុំ​លើក​ឡើង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ឆ្នាំ​នេះ​ទិន្នផល​ម្រេច​របស់​លោក​ទទួល​បាន​គួរ​ជាទី​ពេញចិត្ត តែ​មិនដឹង​ថា​ត្រូវ​លក់​ទៅ​ខាង​ណា​នោះ​ទេ បើ​សមាគម​មិន​ទទួល​ទិញ​ទាំងអស់ ឬ​ទទួល​ទិញ​ច្រើន​នោះ​ទេ ពោល​គឺ​ទិញ​បាន​តែ​ចំនួន​តិចតួច​ប៉ុណ្ណោះ ព្រោះ​អី បច្ចុប្បន្ន​កសិករ​ដាំ​ម្រេច​មាន​ច្រើន ហើយ​អ្នក​ពង្រីក​ផ្ទៃដី​ដាំ​ម្រេច​ក៏​ច្រើន ។

ម្យ៉ាងទៀត ក៏​មាន​ក្រុមហ៊ុន​ធំ​ៗ ដែល​ធ្លាប់​ទិញ​ម្រេច​ពី​កសិករ​ពី​មុន​នោះ ក៏​បាន​ងាក​មក​វិនិយោគ​ដំណាំ​ម្រេច​នេះ​ដោយ​ខ្លួនឯង​ទៅ​ទៀត អីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​ពី​កសិករ​តាម​រយៈ​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត ។

បើ​តាម​លោក អុ​ន ប៊ុត ផលិតករ​ម្រេច​មួយ​រូប​ក្នុង​ខេត្ត​ក​ពត​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា បច្ចុ​ប្បន្ន​នេះ លោក​ត្រូវ​រក​ឈ្មួញ​ពី​ខាងក្រៅ​មក​ទិញ​ម្រេច​ដែល​ផលិត​បាន ព្រោះ​សហគមន៍​ដែល​ធ្លាប់តែ​ទិញ​ម្រេច​ស្ទើរតែ​ទាំងស្រុង​ពី​លោក និង​ពី​កសិករ​ផ្សេង​ទៀត​នោះ មិន​បាន​បញ្ជា​ទិញ​ច្រើន​នោះ​ទេ​។ ពួក​គេ​បញ្ជា​ទិញ​ក្នុង​មួយ​ចំនួន ហើយដោយ​សារ​តែ​កសិករ​ដាំ​ម្រេច​ក៏​ច្រើន អីចឹង​ហើយ​ត្រូវ​បែងចែក​ម្នាក់​បន្តិច​ៗ​ដើម្បី​លក់​ទៅ​ឈ្មួញ​តាម​សមាគម​។

លោក​ថា ៖« ការ​លក់​ម្រេច​តាម​រយៈ​សមាគម​ទទួល​បាន​តម្លៃ​ស្តង់ដា ពោល​គឺ​ម្រេចខ្មៅ​១៥​ដុល្លារ​, ម្រេច​ក្រហម ២៥​ដុល្លារ និង​ម្រេចស​២៨​ដុល្លារ ក្នុង​១​គីឡូក្រាម តែបើ​លក់​ទៅ​ឈ្មួញ មិន​តាម​រយៈ​សមាគម​នោះ តម្លៃនឹង​ត្រូវ​ទាប​ជាង​នេះ តែ​យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​តែ​លក់ » ។

គួរ​បញ្ជាក់​ថា​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ប្រកាស​ពី​ដំណឹង​ល្អ​មួយទៀត សម្រាប់​ផលិតផល​ម្រេច​ខេត្តកំពត ដោយ​មាន​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ស្វ៊ី​ស​ចាប់​អារម្មណ៍​នាំ​ចូល​ម្រេច​កំពត​ពី​កម្ពុជា​ទៅ​ផលិត​ឈី​ស​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតផល​របស់​គេ ។ ដូចនេះ បើសិនជា​គេ​សិក្សា​រួចរាល់ ហើយ​ត្រូវ​អ្វី​ដែល​គេ​ចង់បាន​នោះ ផលិតផល​ម្រេច​កំពត​នឹង​កាន់តែ​មាន​ទីផ្សារ​ខ្លាំង​ឡើង​នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ