ខេត្តប៉ៃលិន ៖ សត្វគោស្ទាវ១ក្បាលបានងាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរត់ឆ្លងផ្លូវ ត្រូវបានរថយន្ត បុកចំពីមុខពេញទំហឹង ។ តែសំណាងល្អ មិនគ្រោះថ្នាក់អ្វីដល់អ្នកបើកបររថយន្តនោះទេ ហើយក្រោយមកអ្នកបើកបររថយន្តស្វែងរកម្ចាស់គោដើម្បីធ្វើការដោះស្រាយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់សត្វគោឈ្មោះ ធួ ចេង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកម្ចាស់រថយន្តឈ្មោះ ចិន ថន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបើករថយន្តម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ សៀមរាប ២A-៦២៣៣ មានអ្នករួមដំណើរចំនួន៩នាក់ (គ្មានរបួស) ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីសត្វគោស្ទាវមួយក្បាល រត់ឆ្លងកាត់ផ្លូវធ្វើឲ្យរថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹង បណ្តាលឱ្យងាប់ ចំណែករថយន្តបានរងការខូចខាតតែម្តង ។
ប្រភពបញ្ជាក់ទៀតថា ក្រោយពីកើតហេតុ ភាគីទាំងពីរបានធ្វើការសម្រួលគ្នានៅនឹងកន្លែង ដើម្បីបញ្ចប់រឿង ។ ហើយនគរបាលក៏ធ្វើការអប់រំម្ចាស់គោឱ្យប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមរបស់ខ្លួន ដោយធ្វើយ៉ាងណាត្រូវមានអ្នកឃ្វាលត្រឹមត្រូវ និងឆ្ងាយពីផ្លូវជាតិ ដែលពលរដ្ឋធ្វើដំណើរបើកបរម៉ូតូ និងរថយន្តចេញ ចូលទៅមកផងដែរ ។ បើសិនជាគោធំៗ ត្រូវមានខ្សែចងនៅកន្លែងវាលស្មៅ ដែលឆ្ងាយពីផ្លូវ ចៀសវាងចងសត្វគោក្បែរផ្លូវនាំឱ្យដើរឆ្លងកាត់ទៅមក បណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកដំណើរជាយថាហេតុ ៕
ចែករំលែកព័តមាននេះ