ខេត្តកំពង់ឆ្នាំង ៖ វត្តភ្នំព្រះធាតុ គឺជាវត្តមួយដែលនៅដាច់ស្រយាលពីគេ ប៉ុន្តែវត្តមួយនេះគឺជាតំបន់ទេសចរណ៍ដែលមានភ្ញៀវទៅកំសាន្តជាច្រើន នៅថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ។ ក្រៅពីនោះមិនមានភ្ញៀវទេសចរទៅកម្សាន្តនោះទេធ្វើឱ្យវត្តសភាពស្ងាត់ជ្រងំ ។ វត្តនេះស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ។
បើតាមលោកតា ប៉េង វ៉ែន ជាគណៈកម្មការវត្តភ្នំព្រះធាតុ បាននិយាយឱ្យដឹងថា លោកមិនបានដឹងច្បាស់ថា វត្តភ្នំព្រះធាតុនេះកកើតតាំងពីពេលណាមកទេ ប៉ុន្តែប្រហែលជាច្រើនសតវត្សណាស់មកហើយ ព្រោះតាំងលោកតានៅកុមារភាព ជីដូនជីតារបស់លោកតាធ្លាប់បាននិទានពីវត្តព្រះធាតុនេះដែរ។ លោកតាបញ្ជាក់ដែរថា វត្តភ្នំព្រះធាតុនេះ គឺជាវត្តមួយដែលនៅដាច់ស្រយាលពីគេឯង មានចម្ងាយប្រមាណជាង៣៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៥ ត្រង់ផ្លូវបំបែកនៅចំណុចផ្សារត្រាច ស្រុកកំពង់ត្រឡាច។
ជាមួយគ្នានេះលោកតា អៀម ព្រឿន ជាលេខាកត់ត្រានៃគណៈកម្មការវត្តភ្នំព្រះធាតុ ក៏និយាយឱ្យដឹងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានការរីកចម្រើនគួរកត់សំគាល់ ដោយសារមានការសាងសង់ជាច្រើនកន្លែង ។ កត្តាដែលមានការសាងសង់ច្រើន ដោយសារវត្តភ្នំព្រះធាតុនេះ មានបារមីនៅប៉ែកខាងលើចំណុចថ្មដ៏ធំ ដែលគេមើលពីខាងណាមកក៏ឃើញដែរ គឺបារមីស័ក្តិសិទ្ធិ ហើយអ្នកដែលមកបន់ស្រន់នៅទីនេះ ច្រើនបានសម្រេចដូចបំណង ដោយខ្លះមកបន់ឱ្យប្រលងជាប់, បន់លក់ដី, បន់លក់ឡាន និងឱ្យជាពីជំងឺដង្កាត់ជាដើម ហើយសម្រេចដូចបំណង រួចអ្នកទាំងនោះបានមកលាបំណន់ ដោយខ្លះចូលជាដែក, ជាស៊ីម៉ងត៍ ម្នាក់១តោន២តោន និងខ្លះច្រើននេះជាងនេះក៏មាន ទើបធ្វើឲ្យវត្តនេះ មានការកសាងរីកចម្រើនរហូតដល់សព្វថ្ងៃ ។
ទន្ទឹមនឹងនេះដែរក្នុងនាមលោកតាជាគណៈកម្មាធិការវត្ត សូមអំពាវនាវដល់ពុទ្ធបរិស័ទ ជិតឆ្ងាយ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ដែលចង់មកទស្សនាកម្សាន្ត ក៏ដូចជាមកធ្វើការបែបបន់នៅវត្តភ្នំប្រធាតុនេះ សូមអញ្ជើញមកកាន់វត្តភ្នំព្រះធាតុ ដើម្បីបានលំហែកាយ និងបន់ស្រន់ ក៏ដូចជារួមចំណែកកសាងវត្តនេះបន្ថែមទៀត ។
ពាក់ព័ន្ធនឹងប្រវត្តិ វត្តភ្នំព្រះធាតុនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបាននិយាយឲ្យដឹងថា មិនមានឯកសារណាដែលបញ្ជាក់ពីប្រវត្តិនៃវត្តភ្នំព្រះធាតុនេះទេ ក៏ប៉ុន្តែគ្រាន់តែមានការសរសេរថា កាលពីព្រះពុទ្ធសាសនាចូលមកទឹកដីកម្ពុជាជាលើកដំបូង (ក្នុងអំឡុងសតវត្សទី១ទី២) គឺមានព្រះសង្ឃមួយអង្គបានគង់នៅលើវត្តភ្នំព្រះធាតុនេះមុនគេ ហើយនៅលើកំពូលភ្នំព្រះធាតុមានគ្រឹះប្រាសាទមួយផងដែរ ដែលបន្សល់ទុកដល់សព្បថ្ងៃ ៕
ចែករំលែកព័តមាននេះ