ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​ម្នាក់​ប៊ិះ​ខ្ទេច​ជិត​១​ម៉ឺន​ដុល្លារ​ដោយសារ​បុរស​ម្នាក់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ផ្សារ​TK ផ្លូវ​លេខ​៣១៥…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មុខ​ផ្សារ​TK ផ្លូវ​លេខ​៣១៥ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ប្រព្រឹត្ត​បទល្មើស ឆក់​កាបូបស្ពាយ​ពី​នារី​​អ្នកលក់​គ្រឿងសំអាង បាន​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ ស្រេង ហេង​ពី ហៅ​ពី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចាង គឹ​ម​ណៃ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥៩៨ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មុខរបរ លក់​គ្រឿងសំអាង ។

លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៦ កញ្ញា ជនសង្ស័យ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពា​ពី​ជន​រង​គ្រោះ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៤ ផ្លូ​លេខ​១១០ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​នារី​រង​គ្រោះជា​អ្នកលក់​គ្រឿងសំអាង​ម្នាក់ ដែល​ក្នុង​កាបូប​មាន​មាន​លុយ និង​គ្រឿងអលង្ការ​សរុប​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក ប៊ុ​ន សន្យា បន្ត​ថា ក្រោយ​ក្រុម​ជនសង្ស័យ​ឆក់​កាបូប​របស់​នារី​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ ពួក​គេ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ លុះ​បាន​១​ថ្ងៃ​ក្រោយមក​ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ព្រមទាំង​ដកហូត​ម​ធ្យោ​យ​បាយ​ធ្វើ​សកម្មភាព​រួម​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ​១HA-១៩៣៩ និង​មួក​សុវត្ថិភាព ពណ៌​ខ្មៅ ។

រីឯ​វត្ថុ​តាងដែល​សមត្ថកិច្ច​ដកហូត​បាន​​រួម​មាន ទូរ​សព្ទ័​ដៃ​ម៉ាក​ណូ​គា​មួយ​គ្រឿង ខ្សែ​កាស​ទូរ​ស័​ព្ទ១ បន្តោង​រូប​ព្រះ​រាង​ស្លឹកពោធិ ធ្វើ​ពី​លោហធាតុ ពណ៌​លឿង​ស្លេក «​ផ្លា​ក​ទី​ន​»​មួយ កូន​កាបូបដៃ​តូច​មាន​រូប​កូន​ដំរី ពណ៌​ឈាម​ជ្រូក​១ ប្រាក់​ចំនួន​៣.០០០​ដុល្លារ​អា​មេ​រិ​ក ខ្សែ​ក​ធ្វើ​ពី​លោហធាតុ ពណ៌​លឿង​ស្លេក មួយ​ខ្សែ​មាន​បន្តោង​ចំនួន​២ គឺ​១-បន្តោង​តូច​រាង​បេះដូង ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ស្លេក និង២-​បន្តោង​ដាំ​ត្បូង ពណ៌​ស ធំ​ចំ​កណ្តាល និង​មាន​ត្បូង​តូច​ៗ​ជុំវិញ​ចំនួន​១២​គ្រាប់ ចិ​ញ្ចៀន​ប្លា​ទី​ន មាន​ដាំ​ត្បូង ​ពណ៌​ស ចំនួន​៣​គ្រាប់ និង​ខ្សែដៃ​ធ្វើ​ពី​លោហធាតុ ពណ៌​ស មាន​ដាំ​ត្បូង ពណ៌​ស ចំនួន​៣១​គ្រាប់ ។

សម្ភារៈ និង​លុយកាក់​ដែល​សមត្ថកិច្ច​ដកហូត​បាន ត្រូវ​បាន​ប្រគល់​ឱ្យ​នារី​ជន​រង​គ្រោះ​វិញ​ផង​ដែរ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ