ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ជាង៧ម៉ឺន​នាក់ ប្រឡងបាក់ឌុបជាប់…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី​៩ ​កញ្ញា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី​៩ ​កញ្ញា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ​២០១៨ បានឱ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២០-២១ ខែសីហា ឆ្នាំ​២០១៨ មាន​មណ្ឌល​ប្រឡង​នៅ​គ្រប់​រាជធានី ខេត្ត សរុប​១៩៦​មណ្ឌល បន្ទប់​ប្រឡង​៤.៦៥៥​បន្ទប់ និង​បេក្ខជន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សរុប​១១៥.២៦៨​នាក់ ដែល​ក្នុង​នោះ​៩០.១២០​នាក់ ជា​បេក្ខជន​ចំណេះ​ទូទៅ ១៧.០៣១​នាក់​ជា​បេក្ខជនស្វៃរិន ៤.៤២៥​នាក់​ជា​បេក្ខជន​បំពេញវិជ្ជា និង​៣.៦៩២​នាក់​ជា​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ។ បេក្ខជន​អវត្តមាន​មាន​ចំនួន​១.៩០៣​នាក់ ។

ដំណើរការ​នៃ​ការ​ប្រឡង ​ទាំង​ដំណើរការ​សំ​ណេ​រ កំណែ និង​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ ពុំ​មាន​ឧបទ្ទវហេតុ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។ ការ​ប្រកាស​លទ្ធផល​ប្រព្រឹត្ត​ទៅ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ដទៃ​ទៀត ។ ការ​ប្រកាស​លទ្ធផល​ប្រឡង គេ​ក៏​អាច​មើល​តាម​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា MoEYS Cambodia Facebook.com/moeys.gov.kh តាម​មណ្ឌល​ប្រឡង​នានា ។

បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៧៥.០៥៩​នាក់ ត្រូវជា​៦៦,២១%(​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​ចំនួន​៦៣,៨៤%) ក្នុង​នោះ​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​A មាន​ចំនួន​២៩០​នាក់ (​ឆ្នាំ​២០១៧ ចំនួន​៤២៤​នាក់​) និទ្ទេស​B មាន​ចំនួន​១.៥៣២​នាក់​(​ឆ្នាំ​២០១៧ ចំនួន​២.៤៦៤​នាក់​) និទ្ទេស​C មាន​ចំនួន​៤.៦៣១​នាក់​(​ឆ្នាំ​២០១៧ ចំនួន​៥.០០០​នាក់​) និទ្ទេស​D មាន​ចំនួន​១៣.៩៩៩​នាក់​(​ឆ្នាំ​២០១៧ ចំនួន​៩.១២៣​នាក់​) និង​និទ្ទេស​E មាន​ចំនួន​៥៤.៦០៧​នាក់ (​ឆ្នាំ​២០១៧ ចំនួន​៤៦.៦៥៧​នាក់​) ។

មូលហេតុ​ដែល​បេក្ខជន​ទទួល​បាន​និទ្ទេស​A B និង C ធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើន​ស្តង់ដារ​ប្រធាន​វិញ្ញាសា​ប្រឡង​ឱ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឱ្យ​ខិតខំ​រៀនសូត្រ​ឱ្យ​កាន់តែ​មានចំណេះ​ដឹង​ជ្រៅជ្រះ​ថែម​ទៀត ។
ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​និទ្ទេស​A ចំនួន​២៩០​នាក់​គឺ​មក​ពី រាជធានី​ភ្នំពេញ​១៣៥​នាក់ ខេត្តសៀមរាប​២១​នាក់ ខេត្តកណ្តាល​១៦​នាក់ ខេត្តបាត់ដំបង​១៥​នាក់ ខេត្តតាកែវ​១៥​នាក់ ខេត្តកំពង់ចាម​១៣​នាក់ ខេត្ត​កំពត​១១​នាក់ ខេត្ត​ត្បូងឃ្មុំ​៩​នាក់ ខេត្តកំពង់ធំ​៩​នាក់ ខេត្តកំពង់ឆ្នាំង​៩​នាក់ ខេត្តបន្ទាយមានជ័យ​៩​នាក់ ខេត្តព្រៃវែង​៨​នាក់ ខេត្តក្រចេះ​៦​នាក់ ខេត្តពោធិ៍សាត់​៤​នាក់ ខេត្តស្វាយរៀង​៣​នាក់ ខេត្តកំពង់ស្ពឺ​៣​នាក់ ខេត្ត​ព្រះ​សីហ​នុ​៣​នាក់ និង​ខេត្តរតនគិរី​១​នាក់ ។

ដោយឡែក យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌មាន​ស្តី​ពី​ការ​ដាក់​វិន័យ​បេក្ខជន​នៅ​ក្នុង​ការ​ប្រឡងសញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡងថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ អង្គប្រជុំ​ក្រុមប្រឹក្សា​វិន័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​ចូលរួម​ពី​តំណាង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ បាន​សម្រេច​ដាក់វិន័យ​ចំពោះ​បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ ហើយ​ត្រូវ
បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ចំនួន​១៧​នាក់ ក្នុង​នោះ​មាន​ករណី​ប្រើប្រាស់​ទូរស័ព្ទ​៣​នាក់ ករណីយក​​សំណៅ​ឯកសារ​និង​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង​៦​នាក់ ករណី​យក​នាឡិកាដៃ​Smart Watchចូល​​ក្នុង​បន្ទប់​ប្រឡង​១​នាក់ និង​ករណី​រក​ឃើញមាន​សញ្ញា​សម្គាល់​អាគតដ្ឋាន​(​ដំណើរ​សេចក្តី​ឬរឿង​)​នៅ​លើ​សន្លឹក​កិច្ចការ​បេក្ខជន​៧​នាក់ ។

ករណី​បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ខាងលើ បាន​កើតឡើង​នៅ​តាម​មណ្ឌល​សំ​ណេ​រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​១​នាក់ ខេត្តក្រចេះ​១​នាក់ ខេត្តស្វាយរៀង​១​នាក់ ខេត្តសៀមរាប​១នាក់ ខេត្តកណ្តាល​១​នាក់ ខេត្តរតនគិរី​១​នាក់ខេត្ត​ព្រះ​សីហ​នុ​១​នាក់ ខេត្តកំពង់ចាម​១​នាក់ ខេត្តបន្ទាយ​មាន​ជ័យ​៣​នាក់ និង​រាជធានី​ភ្នំពេញ​៦​នាក់​។ បេក្ខជន​ដែល​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ មាន​លំដាប់​ពិន្ទុ​០.០០ នៅ​លើ​បញ្ជី​ប្រ
កាស​លទ្ធផល​ប្រឡង ។

អត្ថបទសរសេរ ដោយ