ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ពោល​១​ឃ្លា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មិន​តិច​ជាង៥​​ម៉ឺ​ន​នាក់​​​កាន់តែ​មោះ​មុត​ល្ងាចនេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​មិន​តិច​ជាង​៥ម៉ឺ​ន​នាក់​ទេ​ដែល​នឹង​ចូល​មើល​ការ​ប្រកួត​រវាង ក្រុម​​ជម្រើសជាតិ​កម្ពុជា​(​គោព្រៃ​) ​និង​ក្រុមជម្រើសជាតិ​ម៉ា​ឡេ​ស៊ីក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ កញ្ញា​នេះ​ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។ មន្ត្រី​ផ្នែក​ទីផ្សារ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​​ថ្មី​ៗ​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​មិន​តិច​ជាង​៥ម៉ឺ​ន​នាក់​ទេ​ដែល​នឹង​ចូល​មើល​ការ​ប្រកួត​រវាង
ក្រុម​​ជម្រើសជាតិ​កម្ពុជា​(​គោព្រៃ​) ​និង​ក្រុមជម្រើសជាតិ​ម៉ា​ឡេ​ស៊ីក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ កញ្ញា​នេះ​ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។

មន្ត្រី​ផ្នែក​ទីផ្សារ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល​​ថ្មី​ៗ​នេះ​ថា ចំពោះ​សំបុត្រ​ចូល​ទស្សនា កន្លែង​មាន​ដំបូល​តម្លៃ​១​ម៉ឺ​ន​រៀល​បាន​លក់​អស់​៣​ថ្ងៃមុន​ការ​ប្រកួត ចំណែក​សំបុត្រ​តម្លៃ​៥​ពាន់​រៀល កន្លែង​អត់​មាន​ដំបូល​ទើបតែ​លក់​អស់​ប្រមាណ​៧០%​ប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា​លោក​ថា សំបុត្រ​ដែល​នៅ​សេស​សល់​​នឹង​លក់​អស់​មិន​ខាន ព្រោះ​តាម​ទម្លាប់ អ្នកគាំទ្រ​មួយ​ចំនួន​ចូល​ចិត្ត​សម្រុក​​ទិញ​នៅ​ពេល​ថ្ងៃ​ប្រកួត​តែ​ម្ដង​ហើយ​អ្នក​ដែល​មក​ទិញ​សំបុត្រ​ចូល​ទស្សនា​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវវ័យ​។

ក្នុង​ចំណោម​អ្នក​មក​ទិញ​សំបុត្រ​ចូល​ទស្សនា​ពេល​សាកសួរ​ពី​ចំណាប់អារម្មណ៍​ពួក​គេ​ភាគ​ច្រើន​បញ្ចេញយោបល់​ស្រ​ដៀង​គ្នា​ថា ពួក​គេ​ចង់​ឃើញ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខ្លាំង​ណាស់​ជា​ពិសេស​ក្រុម​ជម្រើសជាតិ​កម្ពុជា​តែ​ម្ដង​ថា​ តើ​នឹងទទួលលទ្ធផល​បែប​ណា​ពេល​ជួប​ក្រុម​ជម្រើស​ជាតិ​ម៉ា​ឡេ​ស៊ី​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​បន្ទាប់​ពី​ក្រុម​ដែល​​មាន​រហស្សនាម​គោព្រៃ​មួយ​នេះ​ទទួល​បានការ​បណ្ដុះបណ្ដាល​ដោយ​ផ្ទាល់​ពី​លោក Keisuke Honda​ដែល​ជា​កីឡាករ​ល្បី​លំដាប់​ពិភពលោក​របស់​ជប៉ុន​នោះ​។

ពួក​គេ​មាន​ជំនឿ​ថា តាម​រយៈ​ការ​បណ្ដុះបណ្ដាល​នេះ​នឹង​ធ្វើ​ឱ្យ​កម្រិត​បច្ចេកទេស នៃ​ការ​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា មានការ​ផ្លាស់​ប្ដូរ​ទម្រង់​លេង​បាន​ល្អ​ជាង​មុន​មិន​ខាន។

លោក ឆាំង ពិសិដ្ឋ មន្ត្រី​សម្របសម្រួល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ផង​ដែរ​ថា លោក​មិន​ហ៊ាន​កំណត់​លទ្ធផល​ចាញ់​ឈ្នះ​ទុក​មុន​បាន​ទេ លោក​គ្រាន់តែ​គិត​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​មានការ​ប្រែប្រួល​ទម្រង់​លេង​ខ្លះ ព្រោះ​ជា​ធម្មតា​ទេ​កាល​ណា​បាន​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ដែល​មានឈ្មោះ​ល្បី ពួក​គេ​ពិតជា​ខិតខំ​ប្រឹងប្រែង​មិន​ខាន​ឡើយ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ដោយសារ​តែ​ការ​ហ្វឹកហាត់​ជាមួយ​លោក Keisuke Honda មាន​រយៈពេល​ខ្លី​ពេក​។

លោក ប្រាក់ សុ​វ​ណ្ណា​រ៉ា គ្រូបង្វឹក​១​រូប​ប្រចាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​គ្រូ​ឧទ្ទេស​​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​(FIFA)​បាន​លើក​ហេតុផល​ចំនួន​២​ថា​៖
ទី​១-​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី​លើក​នេះ គឺ​ជា​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​តែ​ប៉ុណ្ណោះ ជា​ពិសេស​ដើម្បី​ត្រៀមលក្ខណៈ​ប្រកួត​ពានរង្វាន់​SUZUKI Cup នា​ពេល​ខាង​មុខ ។

ដូច្នេះ គ្រូ​ណា​ក៏​ដូច​គ្រូ​ណា​ដែរ គេ​មិនសូវ​ខ្វល់​ពី​លទ្ធផល​នោះ​ទេ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​ខ្មែរ​យើង​វិញ​ចង់​ឃើញ​លទ្ធផល​វិជ្ជមាន​ភ្លាម​ៗ​តែ​ម្ដង ។

លោក​បាន​លើក​ជា​ឧ​ទា​ហណ៍​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្វី​លី​ពី​ន​ថា ស្ទើរតែ​គ្រប់​ព្រឹត្តិ​ការណ៍​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​គឺ​មិនសូវ​ដែល​ឈ្នះ​គេ​នោះ​ទេ ព្រោះ​ក្រុម​ដែល​គេ​ប្រកួត​ជាមួយ​សុទ្ធសឹងតែ​ជា​ក្រុម​ខ្លាំង​ៗ តែ​ទីបំផុត​ចំណាត់ថ្នាក់​របស់​គេ​ចេះ​តែ​កើន​ឡើង ។ ចំណែក​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ដែល​មុន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​គេ​បាន​ចាញ់​​ក្រុម​ចិន​តៃប៉ិ​២-០​ប៉ុន្តែ​ក្រុម​ចិន​តៃប៉ិ​នេះ​មិន​ដែល​លេង​ឈ្នះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​​ទេ ។

មួយវិញទៀត ការ​ប្រកួត​ជា​ច្រើន​លើក​កន្លង​មក​កម្ពុជា​មិន​ដែល​ឈ្នះ​ម៉ា​ឡេ​ស៊ី​នោះ​ទេ​ជា​ពិសេស​ក្នុង​ព្រឹត្តិការណ៍​SUZUKI Cup​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ឆ្នាំ​មុន កម្ពុជា​យើង​ចាញ់​ម៉ា​ឡេ​ស៊ី​២-១​។

ទី​២-​លោក Keisuke Honda ទើបតែ​មក​បង្ហាត់​មិន​ទាន់​បាន​មួយ​អាទិត្យ​ស្រួលបួល​ផង​ទេ ដូច្នេះ​លោក​គិត​ថា​អ្វី​ៗ​នៅ​មិន​ទាន់​រៀបរយ​បាន​ល្អ​នៅឡើយ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​ការ​ប្រកួត​នា​ពេល​នេះនោះ​គឺ​គ្រូបង្វឹក​ចង់​ឃើញ​ដោយ​ផ្ទាល់​ពី​សមត្ថភាព​នៃ​ការ​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ងាយស្រួល​ក្នុង​ការ​កែទម្រង់​លេង ។

ដូច្នេះ​អ្វី​ដែល​លោក​លើក​ឡើង​នេះ ជា​សារ​មួយ​ប្រាប់​ទៅ​អ្នកគាំទ្រ​បាល់ទាត់​ខ្មែរ​យើង ត្រូវ​​មានការ​អត់ធ្មត់​ទោះ​ចាញ់ក្ដី​ឈ្នះក្ដី ព្រោះ​វា​ជា​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​នឹង​កាន់តែ​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​ពេល​ជួប​ក្រុម​ខ្លាំង​ដូច​ជា​ក្រុម​ម៉ា​ឡេ​ស៊ី​នេះ​។

ចំណែក​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ និង​ជា​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ពោល​ពាក្យ​មួយ​ឃ្លា ធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​កាន់តែ​មាន​ជំនឿ​ចិត្ត​ថែម​ទៀត មុន​ក្រុម​គោព្រៃ​កម្ពុជា បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី ។

លោក​និយាយ​ថា ៖«​បើ​ខ្ញុំ​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ទេ ខ្ញុំ​មិន​ទទួលយក​ការងារ​នេះ​ឡើយ​»​។

អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​រូប​នេះ បាន​ថ្លែង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​ការ​ប្រកួត​មិត្តភាព​អន្ដរជាតិ​រវាង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ម្សិលមិញ​នេះ ។ ការ​លើក​ឡើង​នេះ លោក​ចង់​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​កម្ពុជា និង​ទទួលយក​គ្រប់​បែប​យ៉ាង​ក្នុងអំឡុងពេល​លោក​ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ។ ប៉ុន្ដែ​ទន្ទឹម​ជាមួយ​គ្នា​លោក​ក៏​បាន​ស្នើ​ឲ្យ​អ្នកគាំទ្រ​មានការ​អត់ធ្មត់ និង​កុំ​ផ្ដោត​លើ​លទ្ធផល​ពេក​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ម៉ា​ឡេ​ស៊ី ក្នុង​ជំនួប​មិត្តភាព​នា​ល្ងាច​​នេះ ហើយ​ក៏​ជា​ការ​ប្រកួត​ដំបូង ដែល​លោក Keisuke Honda ដឹកនាំ​ផង​ដែរ ដើម្បី​ធ្វើការ​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​ក្នុង​គោលដៅ​ត្រៀម​ការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 នា​ចុងឆ្នាំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ