ទីក្រុងហ្សាការតា ៖ ភ្នាក់ងារ Moodly’s Investors Service បាននិយាយថា វិស័យអចលនទ្រព្យរបស់ប្រទេសឥណ្ឌូណេស៊ី នឹងបន្តជួបប្រទះនឹងឧបសគ្គនៅឆ្នាំក្រោយ ខណៈដែលមានភាពមិនប្រាកដប្រជាទាក់ទិននឹងការបោះឆ្នោត ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុ និងកំណើនអត្រាការប្រាក់ ។
ធនាគារជាតិរបស់ប្រទេសនេះបានបង្កើនអត្រាការប្រាក់ប្រមាណ១,២៥% តាំងពីខែឧសភានាឆ្នាំនេះមក ហើយអ្នកតាមដានទីផ្សារជាច្រើនគិតថា អត្រាការប្រាក់នឹងបន្តកើនឡើងបន្ថែមទៀតនៅចុងឆ្នាំនេះ ។ តម្លៃរូបិយវត្ថុរបស់ប្រទេសក៏បានធ្លាក់ចុះ១១%ផងដែរពេលថ្លឹងជាមួយនឹងប្រាក់ដុល្លារអាមេរិក ។
Moody’s បានប្រទះឃើញថា មានក្រុមហ៊ុនអចលនទ្រព្យចំនួន៥ក្នុងចំណោម៨ក្រុមហ៊ុន មិនមានសាច់ប្រាក់គ្រប់គ្រាន់ឡើយកាលពីថ្ងៃទី៣០ខែមិថុនានាឆ្នាំនេះដើម្បីសងបំណុលរយៈពេលខ្លីរបស់ពួកគេ ។ ក្រុមហ៊ុនទាំងនេះរួមមាន Agung Podomoro, Modernland Realty, Intiland Develipment, Sentul City និង Lippo Karawaci ជាដើម។
ប៉ុន្តែ Moody’s បានកត់សម្គាល់ដែរថា ក្រុមហ៊ុនទាំងនេះមួយចំនួនបានជំនួសឥណទានរយៈពេលខ្លីជាមួយនឹងឥណទានរយៈពេលវែងវិញ ដែលអាចជួយដល់ស្ថានការខ្វះសាច់ប្រាក់របស់ពួកគេ ។
យ៉ាងណាក្តី Moody’s គិតថា តម្រូវការអចលនទ្រព្យនឹងល្អប្រសើរឡើងនៅឆ្នាំក្រោយ។ កំណើននៃគម្រោងអចលនទ្រព្យថ្មីៗ ការដាក់លក់បញ្ចុះតម្លៃ និងការធ្លាក់ចុះនៃតម្លៃអចលនទ្រព្យនឹងបង្កើនដល់តម្រូវការ និងជំរុញដល់ការលក់ផងដែរ ។
Moody’s បាននិយាយក្នុងរបាយការណ៍របស់ពួកគេថា ការលក់របស់ក្រុមហ៊ុន Bumi Serpong Damai, Alam Sutra Realty និង Modernland Realty ស្មើនឹងខ្ពស់ជាង៥០% នៃគោលដៅប្រចាំឆ្នាំរបស់ពួកគេទៅហើយកាលពីពាក់កណ្តាលឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ