ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ស្រែកយំ​ទារក​កំសត់​ត្រូវ​ស្រមោចចោម​រោម​ខាំ​… ដាច់​ចិត្ត​ម្ល៉េះ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​ឮ​សូរ​សម្លេង​ទារក​យំ​យ៉ាង​រងំ​នៅ​ក្នុង​ដីចំការ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​របស់​ពួក​គាត់…

រាជធានី​ភ្នំពេញ ៖ អ្នក​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់​ពី​ឮ​សូរ​សម្លេង​ទារក​យំ​យ៉ាង​រងំ​នៅ​ក្នុង​ដីចំការ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​របស់​ពួក​គាត់ ក៏​ប្រើ​ឲ្យ​យុវជន​ម្នាក់​ទៅ​មើល ស្រាប់តែ​ឃើញ​ទារក​ម្នាក់​ទើប​សម្រាល​ថ្មី​ៗ និង​មាន​ស្រមោច​រោម​ខាំ​ថែម​ទៀត​ផង​មើលទៅ​គួរ​ឱ្យ​សង្វេគ​ណាស់​។

អ្នក​ភូមិ​ខាងលើ​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង​ទារក​នោះ​ទើបនឹង​កើតមក​ថ្មី​ប៉ុណ្ណោះ ព្រោះ​ផ្ចិត​នៅ​មិន​ទាន់​កាត់ ឬ​ចង​តាម​បច្ចេកទេស​របស់​គ្រូពេទ្យ ឬ​ឆ្មប​នៅឡើយ ចំណែកឯ​កាយសម្បទារ​មាំមួន​ល្អជា​ធម្មតា​។ មិនតែប៉ុណ្ណោះ​ក៏​មិន​មាន​នរណា​ម្នាក់​ដឹង និង​ស្គាល់​ថា ឪពុក​ម្ដាយ​របស់​ទារក​កំសត់​ខាងលើ​គឺជា​នរណា​នោះ​ឡើយ​។ ក្រោយ​ពេល​សម្រាលកូន​រួច ក៏​យក​កូន​ទៅ​ដាក់​ចោល​នៅ​ក្នុង​ដីចំការ​មួយ​ក្បែរ​ផ្ទះ​របស់​យុវជន​ម្នាក់​ឈ្មោះ សេង ស៊ី​ថា អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ​។

អ្នក​ភូមិ​បន្ត​ថា ខណៈ​ពេល​ឮ​ទារក​យំ​ខ្លាំង​ពេក ក៏​ត្រូវ​បាន​បុរស​ចំណាស់​ម្នាក់​ទៀត​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ប្រើ​ឲ្យ​យុវជន​នោះ​ដើរទៅ​មើល លុះ​ទៅ​ដល់​ក៏​ឃើញ​ទារក​ម្នាក់​នេះ​កំពុង​តែ​ដេក​យំ​នៅ​លើ​ដី ថែម​ទាំង​មាន​សត្វ​ស្រមោច​កំពុង​រោម​ខាំ​ថែម​ទៀត​ផង​ឃើញ​ហើយ​គួរ​ឲ្យ​សង្វេគ ។ ពេល​នោះ​យុវជន​នេះ​មាន​ភាព​ស្រឡាំងកាំង និង​ស្រែកហៅ​ក្រុម​គ្រួសារ ព្រមទាំង​អ្នក​ភូមិ​ឲ្យ​ទៅ​ជួយ​មើល ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​យុវជន​នោះ​ក៏​បី​ទារក​ខាងលើ​យក​ទៅ​ផ្ទះ​របស់​ខ្លួន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពួក​គាត់​សង្ស័យ​ថា​ទារក​នេះ​គឺជា​កូន​របស់​កម្មការិនី​ម្នាក់​ជួល​ផ្ទះ​ស្នាក់​នៅ​ជិត​ៗ​នោះ​ដែល​បាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​សង្សារ ហើយ​ភ្លើតភ្លើន​ប្រព្រឹត្ត​ខុស​គន្លង​ប្រពៃណី​រហូត​ជ្រុលខ្លួន​មាន​ផ្ទៃពោះ​។ បន្ទាប់​មក​ត្រូវ​សង្សារ​ក្បត់ចិត្ត​ដោះដៃ​ចោល ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ពពោះ​ម្នាក់ឯង ដោយ​ខ្លាច​ឪពុក​ម្ដាយ​សាច់ញាតិ​ដឹង​ខ្មាស​អ្នកស្រុក ទើប​ពេល​កូន​កើតមក​សម្រេចចិត្ត​យក​ទៅ​បោះចោល​បែប​នេះ ម្យ៉ាង​ទៀត​ប្រសិនបើ​គ្មាន​អ្នក​ប្រទះ​ឃើញ​ទេ​ទារក​នោះ​នឹង​ត្រូវ​ស្លាប់​មិន​ខាន​ឡើយ​។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា ពួក​គាត់​មិនដឹង​ថា តើ​ទារក​នេះ​ត្រូវ​ម្ដាយ​យក​ទៅ​បោះចោល​តាំងពី​ពេល​ណា​នោះ​ឡើយ ប៉ុន្តែ​ខណៈនោះ​មេឃងងឹត​ជិត​ភ្លៀង​ផង ស្រាប់តែ​ឮ​សម្លេង​ទារក​យំ​យ៉ាង​ខ្លាំង​នៅ​ក្រោយ​ផ្ទះ​។ ពួក​គាត់​មានការ​ងឿងឆ្ងល់​ខ្លាំង​ណាស់ ព្រោះ​នៅ​ក្នុង​ភូមិ​មិន​មាន​ស្ត្រី​ណា​ទើប​សម្រាលកូន​ឡើយ ហេតុ​អ្វី​ទើប​មាន​ទារក​យំ​បែប​នេះ

លុះ​ពេល​យុវជន​ដើរទៅ​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ទារក​នោះ​ដេក​យំ​នៅ​លើ​ដី​ដោយ​មាន​សត្វ​ស្រមោច​រោម​ខាំ​ថែម​ទៀត​ផង​។ ឪពុក​ម្ដាយ​របស់​ទារក​នេះ​ពិតជា​មនុស្ស​ចិត្ត​ដាច់​ខ្លាំង​ណាស់ គ្មាន​ធម៌​មេត្តា​ឡើយ​ដែល​សុខចិត្ត​យក​កូន​ទៅ​បំបរបង់​ចោល​ដោយ​មិន​គិត​ថា កូន​កើត​ចេញពី​ផ្ទៃ​ខ្លួនឯង​សោះ ហើយ​ពួក​គាត់​ក៏​នាំ​យក​ទារក​ខាងលើ​ទៅ​លាង និង​ជូត​សម្អាត​រួចរាល់ ទើប​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដើម្បី​ពិនិត្យ​សុខ​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ