ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​ភិក្ខុ​ទ្រទ្រង់​អភិធម្ម​ប៉ុណ្ណោះ​ទើប​ឈ្មោះ​ថា​ធម្មកថិក

5 ឆ្នាំ មុន

នៅ​ក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​លោក​បាន​ពន្យល់​ពាក្យ​ថា​ធម្មកថិក​ដោយ​បង្ហាញ​នូវ​វិគ្គហៈ​ថា ធ​ម្មំ ក​ថេ​តី​តិ >(​ជា​) ធម្ម​ក​ថិ​កោ អ្នក​ណា​ពោល​នូវ​ធម៌ អ្នក​នោះ ឈ្មោះ​ថា…

នៅ​ក្នុង​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត​លោក​បាន​ពន្យល់​ពាក្យ​ថា​ធម្មកថិក​ដោយ​បង្ហាញ​នូវ​វិគ្គហៈ​ថា ធ​ម្មំ ក​ថេ​តី​តិ >(​ជា​) ធម្ម​ក​ថិ​កោ អ្នក​ណា​ពោល​នូវ​ធម៌ អ្នក​នោះ ឈ្មោះ​ថា ធម្មកថិក គឺ​អ្នក​សម្ដែង​វែកញែក​នូវ​ធម៌ ។

ប៉ុន្តែ​នៅ​ក្នុង​សទ្ទានុក្រម​បាលី​ក៏​បាន​ពន្យល់​បញ្ជាក់​ផង​ដែរ​ថា ភិក្ខុ​អ្នក​ទ្រទ្រង់​ព្រះ​អភិធម្ម​ឈ្មោះ​ថា​ព្រះ​ធម្មកថិក ដូច​មាន​ភាសិត​បាលី​ថា អភិ​ធម្មិក​ភិ​ក្ខូ​យេ​វ កិរ ធម្ម​ក​ថិ​កោ នាម បានឮ​ថា​មាន​តែ​ភិក្ខុ​អ្នក​ទ្រទ្រង់​នូវ​ព្រះ​អភិធម្ម​ប៉ុណ្ណោះ ទើប​ឈ្មោះ​ថា ព្រះ​ធម្មកថិក ក្រៅពី​នេះ​សូ​ម្បី​លោក​អ្នក​ពោល​នូវ​ធម៌ ក៏​មិនមែន​បាន​នាម​ថា​ធម្មកថិក​ដែរ ។ ព្រោះ​ហេតុ​អ្វី ? ព្រោះថា ភិក្ខុ​អ្នក​មិន​ទ្រទ្រង់​នូវ​ព្រះ​អភិធម្ម​ទាំងនោះ កាលណា​ពោល​នូវ​ធម៌ តែង ពោល​តាម​លំដាប់​កម្ម និង​ផល លំដាប់​វិបាក អាច​នឹង​ធ្វើ​លំដាប់​ធម៌​ឲ្យ​ច្រឡូកច្រឡំ​គ្នា ញុំ​ា​ង​អ្នក​ស្តាប់​ឱ្យ​យល់​ខុស​ចាក​ធម៌​ដើម ។

ចំណែក​ភិក្ខុ​អ្នក​ទ្រទ្រង់​ព្រះ​អភិធម្ម​វិញ ទោះជា​ពោល​ធម៌​ច្រើន ពិស្តារ​វិចិត្រ​យ៉ាងណា​ក៏​ដោយ ក៏​មិន​ឲ្យ​លំដាប់​ធម៌​ទាំងនោះ​ច្រឡូកច្រឡំ​ឡើយ ។ ព្រោះ​ហេតុ​ដូច្នោះ​ហើយ បានជា​លោក​ពោល​ថា ភិក្ខុ​អ្នក​ទ្រទ្រង់​ព្រះ​អភិធម្ម​ពោល​ធម៌ ឬ​មិន​បាន​ពោល​ក៏​ដោយ តែ​ក្នុង​កាលដែល​គេ​សួរ​បញ្ហា ធម៌អាថ៌​ហើយ​ក៏​នឹង​ពោល​ដោះស្រាយ​បញ្ហា​នោះ​បាន​យ៉ាង​ប្រណីត ។

ព្រោះហេតុនោះ​ទើប ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា មាន​តែ​ភិក្ខុ​អ្នក​ទ្រទ្រង់​នូវ​ព្រះ​អភិធម្ម​ប៉ុណ្ណោះ ទើបបាន​នាម​ថា ជា​ធម្មកថិក​ពិតប្រាកដ ហើយ​ទ្រង់​ប្រទាន​នូវ​ស័ព្ទ​សាធុការពរ ។