ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រួច​ជិត​២​តោន​និង​ស្រា​សូ​នី​រាប់រយ​ដប​ត្រូវ​ដុត​បំផ្លាញ​ចោល

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋា​ន​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ចនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០១០ បាន​ធ្វើការដុត​បំផ្លាញ​ចោល​សត្វ​ក្រួច​រាប់​ម៉ឺន​ក្បាល និងស្រា​ម៉ាក​សូ​នី​១០០​ឆ្នាំ​រាប់រយ​ដប​ដែល​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​ពី​ ប្រទេស​វៀតណាម ក្នុង​គោលបំណង​លក់​លើ​ទីផ្សារ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នគរបាល​នាយកដ្ឋា​ន​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ចនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០១០ បាន​ធ្វើការដុត​បំផ្លាញ​ចោល​សត្វ​ក្រួច​រាប់​ម៉ឺន​ក្បាល និងស្រា​ម៉ាក​សូ​នី​១០០​ឆ្នាំ​រាប់រយ​ដប​ដែល​ឈ្មួញ​ទុច្ចរិត​នាំ​ចូល​ពី​ប្រទេស​វៀតណាម ក្នុង​គោលបំណង​លក់​លើ​ទីផ្សារ​កម្ពុជា ។

ទាក់ទិន​នឹង​ការ​ដុត​បំផ្លាញ​ទំនិញ​ខូច​គុណភាព​ខាងលើ​នេះ លោក​វរសេនីយ៍ទោ​ឡុ​ង ស្រេង ប្រធាន​ការិយាល័យ​រដ្ឋបាល និង​សរុប របស់​នាយកដ្ឋាន​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា កាលពី​វេលា​យប់​ថ្ងៃទី​៩ មក​រា ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ថា មាន​ឈ្មួញ​មួយ​ក្រុម​ឃុបឃិត​គ្នា​ដឹក​ទំនិញខុសច្បាប់​ក្លែង​ស្លាក​សញា និង​គ្មាន​គុណភាព តាម​រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ចេញពីច្រករបៀង​ស្អំ ក្នុងស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ។ ពេល​ទទួល​បាន​របាយការណ៍​នោះ នាយកដ្ឋាន​ជំនាញ​សេដ្ឋកិច្ច​ដែល​មាន​លោកឧត្ដមសេនីយ៍ទោ​ស៊ា​ង ប៊ុ​ន​លាង ជា​ប្រធានបាន​រាយការណ៍​ជូន​លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤​​ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្ដមសេនីយ៍ឯក​ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​ ​​​យុ​ត្ដិធម៌​ក្រសួងមហាផ្ទៃបាន​ចាត់តាំង​កំលាំង​ជា បន្ទាន់ ដើម្បី​បើក​ការ​បង្ក្រាប​លើ​ករណី​នេះ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក ឧត្ដមសេនីយ៍ត្រី​គឿ​ន ភារ​ម្យ អនុប្រធាន នាយកដ្ឋាន ។

លោក​វរសេនីយ៍ទោ​ឡុ​ង ស្រេង បានឱ្យដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺថ្ងៃទី​៩ មក​រា រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​ដែល​ពាក់ស្លាក​លេខ​កំពង់ចាម 3A 0666  បាន​ធ្លាយ មក​ដល់​ផ្សារ​ចាស់ ក្រោយ​ពី​ពេល​ទំលាក់ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ​រួច​មក ទើបត្រូវកំលាំង​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ គឿ​ន ភារ​ម្យ ចាប់ និង​នាំ​ទៅ​កាន់​ក្រសួងមហាផ្ទៃ ក្នុង​នោះ​មាន​អ្នកបើកបរ​ឈ្មោះ​សុខ ហួរ ហៅ​តា​អ៊ុ​ក អាយុ​៥២​ឆ្នាំម្នាក់​ផង ចំណែក​ម្ចាស់​ទំនិញ​ចាប់​មិន​បាន​ទេ ។

រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក ដោយ​មាន បទបញ្ជា​ពី​លោកនាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិបាន​បង្កើត​គណៈកម្មការ មួយ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​រថយន្ដ​នោះ​ដោយ​មាន​សមត្ថកិច្ច​នាយកដ្ឋានកាំកុងត្រូល​ចូលរួម​ផង​ដែរ ។ ពេលធ្វើការ ឆែកឆេរ​នោះ​បាន​រក​ឃើញ​សត្វ​ក្រួច​ដែល គេ​ក្លា​ស្សេ​ចំនួន​៦៩​កេស ស្មើនឹង​២.៧៦០​គី​​ឡូ ក្រាម​ខូចគុណភាព និង​ស្រា​ម៉ាក JOHNNIE WALKER BLACK LABEL ១០០​ឆ្នាំ ទឹកខ្មៅ​ចំនួន​៤៧​កេស ស្មើនឹង​២៨២​ដប ដែលឈ្មួញ​បង្កប់​ក្នុង​រថយន្ដ​ដោយ​ដាក់​ផ្លែ​ឈើ​ពីលើដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ។ ក្រោយ​ពីត្រួតពិនិត្យ​រក​ឃើញ​ថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​ដូច​ជា​ស្រា សូ​នី​ខុសច្បាប់ និង​សត្វ​ក្រួច ខូចគុណភាព​នោះ​គណៈកម្មការ​ចំរុះ​បានសំរេច​យក​ក្រួច​ទៅ​ដុត​បំផ្លាញ​ចោល​នៅចំណុច​គំនរ​ចាក់សំរាម​បឹង​ជើងឯក​នា​រសៀល ថ្ងៃ​ទី​៩ មក​រា​នោះ​តែ​ម្ដង ។
លោក​ឡុ​ង ស្រេង បានឱ្យ​ដឹង​ទៀត​ថា គណៈកម្មការ​សំរេច​បែប​នេះ ពីព្រោះ​ទំនិញនាំ​ចូល​ខុស​ស្ដង់ដា និង​ល្មើស​សារាចរ​លេខ០៧​របស់​ក្រសួងពាណិជ្ជកម្ម ហើយ​ក៏​ជា​ការរំលោភ​លើ​កម្មសិទ្ធិបញា​អ្នក​ដទៃ​ទៀត​ផង ដូច​ជា​ស្រា​សូ​នី២៨២​ដប គេចវេះ​ពី​ការ​បង់ ពន្ធ​នាំ​ចូល និង​សត្វ​ក្រួច​ជាង​២​តោនសុទ្ធតែ ខូចគុណភាព​ដែល​សត្វ​ស្លាប​ប្រភេទ​នេះ​ត្រូវបាន​បាច​ជីអ៊ុយរ៉េ​ដាក់​ពីលើដើម្បី​រក្សា​ទុកបាន​យូរថ្ងៃ ផ្ទុយ​ទៅ​វិញ ឈ្មួញ​មិន​បាន​គិតគូរពី​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​យក​ទៅទទួលទាន​នោះ​ឡើយ ។

លោក​ឡុ​ង ស្រេង បន្ដ​ថា យើង​ដុតចោល​តែ​ក្រួច​ទេ ឯ​ស្រា​សូ​នី​រក្សា​ទុក​បញ្ជូនទៅ​តុលាការ​ពេល​ក្រុមហ៊ុន​ដែល​នាំ​ចូល​ផ្ដាច់មុខ​ដាក់​ពាក្យបណ្ដឹង​ពី​ការ​លួច​នាំ​ចូល​ដោយខុសច្បាប់ ។ ទោះបីជា​បែប​ណា​ឈ្មួញ​ដែលនាំ​ចូល​មិន​ទាន់​ស្គាល់​អត្ដសញាណ​នៅឡើយទេ តែ​អ្នក​បើករថយន្ដ​ដែល​ចាប់ខ្លួន​ជា​អ្នកស្គាល់ ៕