ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុត ខ្លឹម​ខ្មៅ ធ្វើ​ឲ្យ​គេ​មិន​សរសើរ​មិន​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជា​ថ្មី​របស់​កីឡាករ​បង្គោល​ក្រហម មុត ខ្លឹម​ខ្មៅ កាលពី​យប់​ថ្ងៃ​ទី​៨ កញ្ញា​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជាប់ចិត្ត​ហួសប្រមាណ ដោយសារ​តែ​ពេញ​៥​ទឹក​ក្នុង​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ប្រើ​អស់​ថាមពល និង​ធ្វើ​ឱ្យ​គូប្រកួត​ស្ទើរ​មិន​មាន​ពេល​ដកដង្ហើម​បាន​ស្រួល​ឡើយ​។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជា​ថ្មី​របស់​កីឡាករ​បង្គោល​ក្រហម មុត ខ្លឹម​ខ្មៅ កាលពី​យប់​ថ្ងៃ​ទី​៨ កញ្ញា​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជាប់ចិត្ត​ហួសប្រមាណ ដោយសារ​តែ​ពេញ​៥​ទឹក​ក្នុង​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ប្រើ​អស់​ថាមពល និង​ធ្វើ​ឱ្យ​គូប្រកួត​ស្ទើរ​មិន​មាន​ពេល​ដកដង្ហើម​បាន​ស្រួល​ឡើយ​។

អ្នកគាំទ្រ​ប្រដាល់​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​ពី​ការ​សរសើរ​មិន​ដាច់​ពី​មាត់ បើ​ទោះជា​កីឡាករ​វ័យក្មេង​មក​ពី​ក្លិប​មកុដ​រាជសីហ៍​រូប​នេះ មិន​អាច​វាយ​បុក​ឲ្យ​គូ​បង្គោល​ខៀវ​ជា​គូប្រកួត​សន្លប់ ឬ​បោះបង់​ការ​ប្រកួត​មុន​ទឹក​ទី​៥ តាម​ការ​ចង់បាន​។ អ្នក​ទស្សនា​ជា​ច្រើន​បាន​ហៅ​ជ័យជម្នះ​របស់​កីឡាករ​រូប​នេះ​ថា បាន​មក​ដោយ​សមត្ថ​ភាព និង​សមជា​ទំពាំង​ស្នង​ក្នុង​វិស័យ​ប្រដាល់ ស្របគ្នា​ដែល​កីឡាករ​ប្រដាល់​ជើង​ចាស់​ៗ​ជា​ច្រើន​ឡើង​កាន់តែ​បាត់​ភាព​លេចធ្លោ​។

តាំងពី​ទឹក​ទី​១ បើក​ឆាក​បង្គោល​ក្រហម មុត ខ្លឹម​ខ្មៅ បាន​វាយ​បំ​បុក​កីឡាករ​បង្គោល​ខៀវ ប៊ី ចាន់​ណា មក​ពី​ក្លិប​ខេត្តស្វាយរៀង ធ្វើ​ឲ្យ​ម្នាក់​ៗ​ហើប​គូទ​ពី​កៅអី​នឹង​ប្រឹង​តាមដាន​តែ​ម្ដង​។ ទាំង​កណ្ដាប់ដៃ កែង និង​ជង្គង់ កីឡាករ​រូប​នេះ​មាន​ភាព​រស់​រវើក​ព្រម​គ្នា ដោយ​ការ​វាយ​ចេញ​ក្នុង​មួយ​ទឹក​ៗ​ភាគច្រើន​ត្រូវ​ចំ​គោលដៅ សូ​ម្បី​តែ​អ្នក​រៀបចំ​ការ​ប្រកួត​ក៏​សរសើរ​​ពី​ភាព​ស្វាហាប់​នេះ​។

យ៉ាងណាមិញ កីឡាករ​បង្គោល​ខៀវ គឺជា​កីឡាករ​ខ្លាំង និង​រឹង​មាំ​ម្នាក់​មិនធម្មតា ទើប​ការ​វាយ​បំ​បុក​តាំងពី​ទឹក​ទី​១ របស់​កីឡាករ មុត ខ្លឹម​ខ្មៅ មិន​អាច​បង្ខំ​ឲ្យ​បង្គោល​ខៀវ​បោះបង់​ការ​ប្រកួត​បាន​ឡើយ​។ មួយគូ​នេះ វាយ​គ្នា​ពេញកម្លាំង​ដល់​៥​ទឹក​ពេញ ទើប​អាច​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​លាន់មាត់ នៅ​ពេល​ភាគី​ណាមួយ​ឈ្នះ​ពិន្ទុ​ចុង​ក្រោយ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​អះអាង​ថា ការ​ប្រកួត​មួយគូ​នេះ គឺ​ធ្វើ​ឡើង​នៅ​ចន្លោះ​ការ​ប្រកួត​អន្តរជាតិ​២​គូ ដែល​តែង​ដាក់​ប្រកួត​សម្រាប់​ការ​ប្រដាល់​នៅ​យប់​ថ្ងៃ​សៅរ៍​។ ប៉ុន្តែ​លោក​មើលឃើញ​ថា ការ​ប្រកួត​មួយគូ​នេះ​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​២​គូ​ខ្មែរ និង​បរទេស​នៅ​យប់​នោះ​ផង ដោយសារ​តែ មុខ ខ្លឹម​ខ្មៅ និង​ចាន់​ណា ប្រឹង​អស់ពី​សមត្ថភាព​រៀងខ្លួន ហើយ​វាយ​បាន​៥​ទឹក​ពេញ មិន​ដូច​កីឡាករ​ភាគច្រើន​ដែល​ល្អមើល​តែ​ទឹក ឬ​៣​ទឹក​បើក​ឆាក ក៏​អស់កម្លាំង​ស៊ុ​ហ្វ​។

យ៉ាងណាមិញ​លោក​ថា ភាព​ខ្លាំង​របស់​កីឡាករ​បាន​ល្អ​តែ​ពេល​ដំបូង​ៗ មិន​ទាន់​ល្បី​ប៉ុណ្ណោះ ដល់​ពេល​មានឈ្មោះ​បាន​បន្តិច ច្រើន​តែ​មិនសូវ​ប្រឹង​ហាត់ ហើយ​ធ្លាក់ដៃ​មិន​ខុស​គ្នា​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ