ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​លាក់​មុខ​ឆក់​យក​ជីវិត​ប្អូនស្រី​ដ៏ស្រស់ស្អាតទាំង​វ័យក្មេងដោយគ្មានពាក្យ «លា» !

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ យុវតី​ជា​និស្សិត​ឆ្នាំ​ទី​១ និង​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុម​លក់​ថ្នាំពេទ្យ Healol ម្នាក់ បាន​បែកក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ទាំង​ព្រឹក ខណៈ​ដែល​រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​មួយ​គ្រឿង​ទើប​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​តាម​ផ្លូវ ហើយ​បាន​ទាក់​ដៃចង្កូត​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល ស្រប​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​(​ទំនងជា​ដឹក​ធ្ងន់​)…

​រាជធានី​ភ្នំពេញ ៖ យុវតី​ជា​និស្សិត​ឆ្នាំ​ទី​១ និង​ជា​បុគ្គលិក​របស់​ក្រុម​ហ៊ុម​លក់​ថ្នាំពេទ្យ Healol ម្នាក់ បាន​បែកក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ទាំង​ព្រឹក ខណៈ​ដែល​រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​មួយ​គ្រឿង​ទើប​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​តាម​ផ្លូវ ហើយ​បាន​ទាក់​ដៃចង្កូត​ជាមួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល ស្រប​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​(​ទំនងជា​ដឹក​ធ្ងន់​) បាន​មក​បុក និង​កិន​ពីលើ​នាង​បន្ថែម រួច​ហើយ​នាំ​គ្នា​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់នោះ ។​

​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ក្រុមហ៊ុន ហុងដា ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន ។​

តាម​ប្រភព​ព័ត៌មាន​ពី​ន​គេ​បាល​ចរាចរណ៍​ខណ្ឌចំការមន​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ លី សៀវ​ហ្វុ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជា​និស្សិត និង​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ​មួយ​ឈ្មោះ Healol ស្នាក់​នៅផ្ទះ​លេខ​១៤៥ ផ្លូវលំ ភូមិ​ព្រះ​ពន្លា ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។​

​មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FA-១៣៣៥ មួយ​គ្រៀង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តែ​ម្នាក់ឯង​ក្នុង​គោលបំណង​ទៅ​កន្លែងធ្វើការ​របស់​នាង ។​

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម៉ូតូ​របស់​នាង​ក៏​បាន​ទាក់​ដៃចង្កូត​ជាមួយនឹង​ម៉ូតូ​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ទៀត​ដួល​ទៅ​លើ​ផ្លូវ ស្រប​ពេល​នោះ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​មក​បុក និង​កិន​លើ​នាង​បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​តែ​ម្តង រួច​ហើយ​ទាំង​ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​នោះ​បាន​នាំ​គ្នា​បន្តដំណើរ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​គ្មាន​សល់​ឡើយ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នេះ​ដែរ​កម្លាំង​របស់​លោក​មិន​ទាន់​បានដឹង​ច្បាស់​ថា ម៉ូតូ​របស់​នាង​ពិតជា​បាន​​ទាក់​ដៃចង្កូត​ម៉ូតូ​ដូច​គ្នា ឬ​ក៏​ជាមួយ​រថយន្ត​នោះ​អោយ​ច្បាស់លាស់​ឡើយ​ទើប​បណ្តាល អោយ​​ដួល​ហើយ​ត្រូវ​បាន​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​ទៀត​មក​កិន​នាង​អោយ​ស្លាប់​បែប​នេះនោះ​ទេ ដោយ​​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ។​

​តាម​ប្រភព​ពី​ក្រុម​បុគ្គលិក​ដែល​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន Healol បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​​ពី​មានការ​ភ្ញាក់ផ្អើល​ដោយ​បាន​ប្រទះ​ឃើញ​នារី​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍​បែកក្បាល​ស្លាប់​នៅ​លើ​ផ្លូវ​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​មក​មើល​ទើបបាន​ដឹង​ថា នាង​គឺជា​បុគ្គលិក​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ជាមួយ​ពួក​លោក​ដែល​មានឈ្មោះ លី សៀវ​ហ្វុ​ង នេះ​តែ​ម្តង ។​

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា នាង​ទើបតែ​បាន​ចូល​មក​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​លក់​ថ្នាំ​ទេ​ព្យ​ជាមួយនឹង​ពួក​លោក​នេះ​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១៦ ឬ​១៧ ខែសីហា ឆ្នាំ​២០១៨ កន្លង​មកនេះ​ទើបតែ​បាន​រយះ​ពេល​ជិត​មួយ​ខែ​ប៉ុណ្ណោះ ក្រៅពី​ការងារ​នេះ​នាង​ក៏​ជា​និស្សិត​ឆ្នាំ​ទី​១​ម្នាក់​ផង​ដែរ ។​

​ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដោយ​បាន​ធ្វើការ​ប្រគល់​សព​យុវតី​រង​គ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ​របស់​នាង​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំណែកឯ​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី​របស់​នាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការ​មន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​ទាំង​២​គ្រឿង​ដែល​ពាក់ព័ន្ធ​យក​មក​ធ្វើការ​ដោះស្រាយ​​គ្នា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ