ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​ឆ្លង​ដែន​ជនជាតិ​ចិន​បា.ញ់​ជនជាតិ​ចិន​គ្នា​ឯង ត្រូវ​នគរបាល​បង្ក្រាប​បាន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​ល្លី ស្នងការ​រង​ទទួល​ការងា​រព្រហ្មទណ្ឌ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​ល្លី ស្នងការ​រង​ទទួល​ការងា​រព្រហ្មទណ្ឌ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល ខេត្ត​ព្រះ​សីហ​នុ បាន​ធើ​ស​ន្និ​សិ​ទ​ព័ត៌មាន​បង្ហាញមុខ​អ្នកលេង​ឆ្លង​ដែន​ជា​ជនជាតិ​ចិន​ចំនួន​០២​នាក់ ដែល​ជា​ជន​ដៃដល់​ធ្វើ​សកម្មភាព​ប្រើប្រាស់​អាវុធ​ខ្លី​បាញ់​ជនជាតិ​ចិន​ដូច​គ្នា បណ្តាល​ឲ្យ​រង​របួស ចំនួន​៤​នាក់ នៅ​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​។

ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត​ព្រះ​សីហ​នុ​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់ ក្នុង​នោះ​នគរបាល​ដក​បាន​វត្ថុ​តាង​កាំភ្លើងខ្លី ចំនួន​០២​ដើម ផង​ដែរ​។ លោក​ឧត្តមសេនីយ៍ត្រី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ជនសង្ស័យ​បាន​បង្កហេតុ​តាម ពេលវេលា​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​យ៉ាងណា​ត្រូវ​តែ​បើក​ការ​ស្រាវជ្រាវ លើកកម្ពស់​ក្នុង​ការ​យកចិត្ត ទុកដាក់​ស្វែងរក​ជនសង្ស័យ​ឈាន​ទៅ​ឃាត់ខ្លួន​ឲ្យ​ខាង​តែ​បាន​។

លោក​ឧត្តមសេនីយ៍​ស្នងការ​រង ទទួល​ការងារ​ព្រហ្មទណ្ឌ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះដល់​ល្ងាច​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​ជិត​ពីរ​ខែ​របស់​នគរបាល​ជំនាញ​ទើប​កម្លាំង​នគរបាល​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​នា​ពេល​កន្លង មក​ថា នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​មក​នៅ​ភោជនីយដ្ឋាន យីហោ​(​ស៊ី​ហ៊ួ​)​តាម​បណ្តោយ​វិ​ថី​២៨​មិថុនា ស្ថិត​នៅ​ក្រុម​០៩ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ មាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​០២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ប្រើ​ស្កុ​តបិត​ពីលើ​ស្លាក​លេខ​ជិត ពាក់មួក​សុវត្ថិភាព​ពណ៌​ខ្មៅ និង​ពាក់អាវ​រងារ​ខ្មៅ​ធំ ដៃ​វែង​ទាំង​០២​នាក់ បាន​ធ្វើ​សកម្មភាព​បាញ់​គំរាម ជា​ច្រើន​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះជា​ជនជាតិ​ចិន ០៤​នាក់។

ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​ហូប​អាហារ​នៅ​ហាង​ខាងលើ បណ្តាល​ឲ្យ ត្រូវ​របួស​ជើង​ទាំង​០៤​នាក់​រួច​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ លោក​ឧត្តមសេនីយ៍ ស្នងការ​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​០៤​នាក់ ដែល​ត្រូវ​គេ​បាញ់​ឲ្យ​រង​របួស​មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-/​ឈ្មោះ ZHANG KUN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​។ ២-/ ឈ្មោះ YANG HUAIHUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន ត្រូវ​ចំ​ក្បាលជង្គង់​ខាងស្តាំ​។ ៣-/​ឈ្មោះ YANG JUN GING ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ត្រូវ​ចំ​ចុង​ភ្លៅ​ស្តាំ និង​ដើម​កំភួនជើង​ខាងឆ្វេង​។ ៤-/​ឈ្មោះ LIU WEIMIN ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​។ ជន​រង​គ្រោះ​ខាងលើ​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​វិមាន​ខ្សាច់​មាស ជា​អ្នក​ទេសចរណ៍ ចូល​មក​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​។

ក្រោយ​កើតហេតុ​បាន​រថយន្ត​គ្លីនិក​ដឹក​បញ្ជូន​ទៅ​ព្យាបាល នៅ​គ្លីនិក​សេ​តេ បច្ចុប្បន្ន​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​អស់ហើយ ។ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បន្ត​ថា ក្រោយ​ធ្វើ​សកម្មភាព​ក្រុម​ជនសង្ស័យ​បាន​បន្សល់​នៅ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ​រួម​មាន​៖-​សម្បក​គ្រាប់ ចំនួន​០៩ និង​គ្រាប់​មិន​ទាន់​បាញ់​ចំនួន ១​គ្រាប់​។ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន សង្កត់ធ្ងន់​ថា ក្រោយ​រឿងហេតុ​កើតឡើង​ភ្លាម ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បង្កើត​គណៈកម្មការ​មួយ ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជា​បន្ទាន់​។ ដោយ​មានការ​ចង្អុល​ដឹកនាំ​ផ្ទាល់​ពី​លោក រួម​ជាមួយ​កម្លាំង​ជំនាញ ផែន​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ និង​ឈាន​ទៅ​ឃាត់ខ្លួន​បាន ជនសង្ស័យ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​មក​។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជាក់​ថា ជន​អ្នកលេង​ឆ្លង​ដែន​ដៃដល់​ជា​ជនជាតិ​ចិន​ក្នុង​ការ បាញ់​គំរាម​ទាំង​០២​នាក់​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​មានឈ្មោះ​ដូច​ខាងក្រោម​៖ ១-/​ឈ្មោះ REN HAI JUN ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ E០១១១៥៤៣៤ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ២-/ ឈ្មោះ WU HAI ZHU ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E៩២១១១៩៨៥ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ មិន​ពិតប្រាកដ​។ វត្ថុ​តាង​ដែល​សមត្ថកិច្ច​នគរបាល​ដកហូត​បាន​មាន​៖ -​កាំភ្លើងខ្លី​០២​ដើម​៖ ១,​ម៉ាក BERETA លេខ G643652 បង់​១​គ្រាប់​ចំនួន​០២​គ្រាប់​។ ២,​ម៉ាក GLOCK19 លេខ WBEN763 បង់​១ គ្រាប់​០៤​គ្រាប់​។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ភ្លើង​ខ្លី​០២​ដើម បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ព្រោះ​ពួក​គេ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​បាន​និយាយ​ប្រមាថមើលងាយ​ពួក​គេ​ថា ពួក​គេ​ជា​មនុស្ស​ដើរ​មិន​ត្រង់​ផ្លូវ មិនមែន​ជា​មនុស្ស​ល្អ ពេល​ដែល​ពួក​គេ​ទៅ​ផឹក​នៅ​ក្នុង​ក្លឹ​ប​មួយ​កន្លែង ដែល​នៅ​ចំណុច​ឧតុនិយម​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​មក ទើប​នៅ​ថ្ងៃ​កើតហេតុ​ពួក​គេ បាញ់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​។

ចំពោះ​កាំភ្លើង​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​១​ដើម តម្លៃ​៣,៨០០​ដុល្លារ ហើយ​ពេល​ធ្វើ​សកម្មភាព​រួច ពួក​គេ​បាន​យក​ទៅ​កប់​នៅ​ក្នុង​ដី​ស្ថិត​នៅ​ក្រុម​២២ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ ២០១៨ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ