រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យកសិករនៅតាមបណ្ដាខេត្ត ចងក្រងសហគមន៍ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងតម្លៃ ក៏ដូចជាធានាបាននូវផលប្រយោជន៍របស់កសិករ និងឈ្មួញផងដែរ ស្របពេលដែលកសិផលរបស់កសិករ ហាក់មិនទាន់មានស្ថិរភាពនៅឡើយ ។
លោក គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បែបនេះនៅក្នុងពិធីបើកពិព័រណ៍ កសិកម្ម ចិញ្ចឹមសត្វ ជលផល និងនេសាទ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ កញ្ញាកន្លងមក ។ លោកបានមានប្រសាសន៍ថា កសិករនៅតាមខេត្តនានាសូមបន្តចងក្រងជាសហគមន៍ ឬសមាគមដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗដូចជា ស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ក៏ដូចជាធានាបាននូវតម្លៃរបស់កសិផល ទាំងនោះផងដែរ។
លោកបន្ដថា ៖« ការប្រមូលម្ដុំនិងចងក្រងជាសហគមន៍គឺមានភាពងាយស្រួលក្នុងការប្រមូលទិន្នផលកសិផលរបស់កសិករ ហើយនៅពេលមានឈ្មួញត្រូវការទិញ គេអាចទៅរកតែមួយកន្លែងគឺគ្រប់គ្រាន់សម្រាប់កសិផល ព្រមទាំងអាចធានាបាននូវគុណភាពជូនអ្នកទិញ និងធានាបានពីតម្លៃជូនកសិករវិញផងដែរ »។ លោកបន្តថា រហូតមកដល់ពេលនេះ បញ្ហាក្នុងវិស័យកសិកម្មកម្ពុជានៅតែកើតមានដដែល ដូចជាបញ្ហាទីផ្សារ បញ្ហាគុណភាព ភូតគាមអនាម័យ ដែលធ្វើឲ្យទីផ្សារអន្តរជាតិ មិនទាន់អាចទទួលបានទូលំទូលាយ និងបញ្ហាពិបាក ក្នុងការប្រមូលផ្ដុំកសិផលសម្រាប់ឈ្មួញ ក្នុងការប្រមូលទិញជាដើម ។ ជាក់ស្ដែងកសិករផលិតនៅតំបន់នេះបន្តិច តំបន់នោះបន្តិច ដូចនេះហើយឈ្មួញខ្លះមិនចង់ដើរប្រមូលទិញ និងត្រូវចំណាយពេលដើរទិញពីទីនេះបន្តិចទីនោះបន្តិច ដូច្នេះហើយ បើសិនជាមានការចងក្រងជាបណ្ដុំសហគមន៍ វានឹងផ្ដល់ប្រយោជន៍ទាំងឈ្មួញផង និងកសិករផង ។
លោកបន្ថែមថា ការជំរុញឲ្យមានការបង្កើតសហគមន៍ នៅតាមបណ្ដាខេត្តសក្ដានុពលកសិកម្មនេះមានតាំងពីយូរណាស់មកហើយ តែក្រសួងចង់ឲ្យមានបង្កើតបន្ថែមទៀត ។ លោកថា ៖« រហូតមកដល់ពេលនេះ សហគមន៍ដែលបង្កើតរួចហើយមានច្រើនគួរសមដែរ តែនៅតែមានបញ្ហាសម្រាប់ពួកគាត់ ដោយយើងអត់មានទុនសម្រាប់ផ្គត់ផ្គង់ក្នុងដំណើរការសហគមន៍ទាំងនោះ ។ អីចឹងហើយសហគមន៍ត្រូវពឹងលើខ្លួនឯងច្រើន » ។
លោក ម៉ៅ មិនា ប្រធានយកដ្ឋានផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ សហគមន៍ដែលបានបង្កើតឡើងនៅទូទាំងប្រទេសមានចំនួន៨៦៧សហគមន៍ ហើយផែនការរបស់ក្រសួងកសិកម្ម ក៏ចង់ឲ្យមានការបង្កើតបន្ថែមទៀត ដើម្បីងាយស្រួលរកទីផ្សារ និងរក្សាតម្លៃកសិផល ដែលផលិតបាន ព្រោះបើមិនមានជាសហ គមន៍ទេ តម្លៃអាចឡើងចុះតាមចិត្ត ហើយធ្វើឲ្យទីផ្សារក៏មិនមានស្ថិរភាពនឹងនរដែរ ។
គួរកត់សម្គាល់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានកៀងគរបណ្ដាវិនិយោគិនក្នុងនិងក្រៅស្រុក ដើម្បីបណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយក្នុងនោះ មានជាវិនិយោគដំណាំផង និងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មមុននាំចេញផង ។ ជាក់ស្ដែងបច្ចុប្បន្ន កម្ពុជាបានបង្កើតរោងចក្រកិនស្រូវ នៅតាមបណ្ដាខេត្តសក្ដានុពលវិស័យស្រូវអង្ករដើម្បីនាំអង្ករចេញ និងកាត់បន្ថយការនាំចេញស្រូវទៅប្រទេសជិតខាង។ ក្រៅពីនោះ ក៏មានវិនិយោគិនមួយចំនួនបានចាប់អារម្មណ៍លើដំណាំដំឡូងមី ដំណាំហូបផ្លែ ដោយគ្រោងវិនិយោគសង់រោងចក្រកែច្នៃនៅនឹងកន្លែងផងដែរ ៕
ចែករំលែកព័តមាននេះ