ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​ម្តាយ​ជាប់គុក​ កូន​តូច​ទាំង​ពីរ​គ្មាន​អ្នក​មើលថែ​ទៅ​ដេក​ក្នុង​គុក​ជាមួយ​ម្តាយដែរ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ អយ្យការ​អម​សាលាដំបូង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​២​នាក់​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​ប្រាក់​ជំពាក់​មេ​ទុង​ទី​ន​កាលពី​អំឡុង​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ អ៊ា​ក សុ​ណា…

ខេត្តរតនគិរី ៖ អយ្យការ​អម​សាលាដំបូង​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​២​នាក់​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ពាក់ព័ន្ធ​នឹង​ប្រាក់​ជំពាក់​មេ​ទុង​ទី​ន​កាលពី​អំឡុង​ឆ្នាំ​២០១៤ ឆ្នាំ​២០១៥ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ អ៊ា​ក សុ​ណា ជា​មេ​តុងទីន​បាន​ដាក់​ពាក្យ​ប្ដឹង​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ។

ស្ត្រី​២​នាក់​ដែល​តុលាការ​យក​ទៅ​ឃុំខ្លួន​នោះ​ទី​១-​ឈ្មោះ ការី​ម ធីតា អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង មានមុខ​របរ​លក់​គ្រឿងទេស​នៅ​ផ្សារ​បាន​លុង និង​ម្នាក់​ទៀត​មានឈ្មោះ ការី​ម ស៊ុន​លី អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់​មាន​លំនៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា ។

ការ​ឃាត់ខ្លួន​ស្ត្រី​ទាំង​២​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​នេះ​បន្ទាប់​ពី​ស្ត្រី​ទាំង​២​នាក់​បាន​ចូលខ្លួន​ទៅ​សាលាដំបូង​ខេត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ជា​លើក​ទី​៣ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃិ​ន វិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ ។

តាម​ការ​រៀបរាប់​ទាំង​ទឹកភ្នែក​សុំ​រក​យុត្តិធម៌​របស់​ប្ដី​ស្ត្រី​ដែល​ត្រូវ​ឃុំខ្លួន​នោះ​មានឈ្មោះ ទូច ចំណាប់ បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​គាត់​ពិតជា​ជំពាក់​លុយ​មេ​តុងទីន​គេ​ចំនួន​១៥​លាន​៩០​ម៉ឺន​រៀល​ពិតមែន ហើយ​តុលាការ​បាន​កោះហៅ​ឲ្យ​ចូលខ្លួន​ចំនួន​២​លើក​មក​ហើយ ដោយ​ប្រពន្ធ​គាត់​សុំ​សង​គេ​តាម​លទ្ធភាព​ប្រចាំខែ ក៏​ប៉ុន្តែ​ម្ចាស់បំណុល​គេ​មិន​ព្រម រហូត​ដល់​ដីកា​រកោះ​លើក​ទី​៣​នេះ​ប្រពន្ធ​គាត់​ចូលខ្លួន​មក​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ឃុំខ្លួន​តែ​ម្ដង ។

លោក​បាន​បន្ត​ទៀត​ថា ជំពាក់​ប្រាក់​ក្នុង​ការ​លេង​តុងទីន​ពួក​គាត់​មិ​បាន​បដិសេធ​ថា មិន​សង ឬ​រត់គេច​ទៅ​ឯណា​ទេ គ្រាន់តែ​ពួក​គាត់​គ្មាន​ប្រាក់​ក៏​ប៉ុន្តែ​ពួក​គាត់​ខំប្រឹង​រក​សង​តាម​លទ្ធភាព​បណ្ដើរ​ៗ ហេតុ​អី​បានជា​ចាប់​ប្រពន្ធ​គាត់​ដាក់គុក ។

ពាក់ព័ន្ធ​ករណី​នេះ​លោក កែវ ពិសិដ្ឋ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​ឃុំខ្លួន​ស្ត្រី​ខាង​នេះ​តំណាង​អយ្យការ​បាន​សម្រេច​ឃុំខ្លួន​ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។ លោក​បាន​បញ្ជាក់​ទៀត​ថា សំណុំរឿង​ពាក្យបណ្ដឹង​នេះ​ដើមបណ្ដឹង​បាន​ដាក់​មក​ព្រះរាជអាជ្ញា​តាំងពី​ចុងឆ្នាំ​២០១៧​មក​ម្លេះ ហើយ​ព្រះរាជអាជ្ញា​ទើបតែ​បញ្ជូន​មក​អយ្យការ ក្នុង​ខែ​៨, ខែ​៩ ឆ្នាំ​២០១៨ ម្យ៉ាងវិញទៀត​ប្រហែលជា​មិន​បាន​គោរព​កាតព្វកិច្ច​ណាមួយ​ពាក់ព័ន្ធ និង​ការ​សង​ហើយ​បានជា​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។

គួរ​បញ្ជាក់​ថា ការ​ឃុំខ្លួន​ស្ត្រី​ទាំង​២​នាក់​ខាងលើ​នេះ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ សារី​ម ស៊ុន​លី ជា​ស្ត្រី​មេម៉ាយ​ដែល​មានកូន​តូច​ៗ២​នាក់​បាន​ទៅ​ដេក​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ​ដែរ​ដោយ​ពុំ​មាន​អ្នក​មើលថែរ ។ ចំណែក​លោក អ៊ា​ក សុ​ណា ដើមបណ្ដឹង​ភ្នាក់ងារ សារព័ត៌មាន កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ ។ ដោយឡែក​មន្ត្រី​ពន្ធនាគារ​ខេត្ត​បានអោយ​សារព័ត៌មាន កោះសន្តិភាព ដឹង​ថា ឈ្មោះ ការី​ម ស៊ុន​លី ជា​ស្ត្រី​មេម៉ាយ​កូន​២​ពិតជា​បាន​យក​កូន​តូច​ៗ​ទាំង​២​នាក់​ទៅ​ដេក​នៅ​ពន្ធនាគារ​ពិតមែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ