ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បារាំង​ធំ​ៗ នឹង​មក​មើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ឆាប់​ៗ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​វិនិយោគ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង Atout France និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ធំ​ៗ​របស់​បារាំង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​វិនិយោគ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង Atout France និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ធំ​ៗ​របស់​បារាំង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ក៏​ដូច​ជា​សម្លឹង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះ លោក Laurent Triponey ភារធារី​ស្តីទី​នៃ​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​បារាំង នឹង​ត្រូវ​ជំរុញ​ឲ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំងក្លា​ថែម​ទៀត ។

លោក​ថ្លែង​ថា ៖« នៅ​អំឡុង​ខែតុលា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​វិនិយោគ​ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទេសចរណ៍​បារាំង Atout France និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ធំ​ៗ​របស់​បារាំង​ដូច​ជា​ក្រុមហ៊ុន Club Med, Airfrance, CroisiEurope នឹង​មក​កម្ពុជា ដើម្បី​សម្លឹង​រក​ឱកាស​វិនិយោគ »​។ លោក​បណ្ឌិត ថោ​ង ខុន ក៏​បាន​សំដែង​នូវ​ការ​រីករាយ និង​ស្វាគមន៍​ដំណើរ​ចំពោះ​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​វិនិយោគ​បារាំង​នៅ​ខែតុលា​ខាង​មុខ​នេះ និង​បាន​ជម្រាប​ជូន​ភាគី​បារាំង​អំពី​សារសំខាន់​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ដែល​ទាមទារ​នូវ​ការ​គាំទ្រ និង​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ពិសេស​ដៃគូ​អភិវឌ្ឍន៍ និង​សហប្រតិបត្តិការ​នានា ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​នូវ​ចំណុច​ជា​យុទ្ធសាស្ត្រ​សំខាន់​មួយ​ចំនួន និង​បាន​ស្នើ​ឲ្យ​ភាគី​បារាំង​យកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​ការ​ទទួលខុសត្រូវ​ផង​ដែរ ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ថា ៖« ជា​អាទិភាព រួម​មាន​សារសំខាន់​នៃ​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ « សេវា​មួយ ស្តង់ដារ​មួយ » (One service, one standard ) , « បុគ្គលិក​ម្នាក់ ជំនាញ​មួយ » ( One person, one skill ) ដើម្បី​រួមចំណែក​ពង្រឹង និង​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ »​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី​បន្ត​ថា ការ​ពង្រឹង​ការ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ក៏​ជា​ការងារ​សំខាន់​ផង​ដែរ ខណៈ​ដែរ​បច្ចុប្បន្ន ក្រុមប្រឹក្សា​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មានការ​ចូលរួម​យ៉ាង​សំខាន់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ និង​ទ្រទ្រង់​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ពិសេស​គឺ ការ​ពង្រឹង​ការ​គ្រប់គ្រង និង​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ប្រព័ន្ធអន​ឡាញ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​ជូន​អំពី​សារសំខាន់​នៃ​វិស័យ​កីឡា​ទេសចរណ៍​ដែល​បាន​ដើរតួ​នាទី និង​ចូលរួម​យ៉ាង​សកម្ម​ដែល​រួមចំណែក​ដល់​ការ​បង្កើត​ផលិតផល​ទេសចរណ៍ និង​ការ​ផ្សព្វផ្សាយ​កម្ពុជា​ផង​ដែរ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នានា​កន្លង​មក ដូច​ជា កីឡា Half marathon, Triathlon និង​បាន​ស្នើ​ភាគី​បារាំង​ជួយ​ជំនួយ​បច្ចេកទេស ដើម្បី​ត្រៀមលក្ខណៈ​ទទួល​ទេសចរ​ក្នុង​ព្រឹត្តិ​កាណ៍​កីឡា​ទេសចរណ៍​ធំ​ៗ​ដែល​កម្ពុជា​ត្រៀម​រៀបចំ ដូច​ជា Asian Beach Games នៅ​ឆ្នាំ​២០២២ និង​កីឡា​SEA Games នៅ​ឆ្នាំ​២០២៣ ។

គួរ​បញ្ជាក់​ថា កិច្ច​ពិភាក្សា​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ត្រៀម​រៀបចំសេចក្តី​ព្រាង​អនុស្សរណៈ​នៃ​យោគយល់​យោគ​គ្នា ស្តី​ពី​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បារាំង ដើម្បី​ចុះហត្ថលេខា​នៅ​ពេល​ខាង​មុខ ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​ឆ្នាំ​២០១៧ ទេសចរ​បារាំង​ដែល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១៦៦.៣៥៦​នាក់ កើនឡើង ១០,៧% ឈរ​លំដាប់​លេខ​រៀង​ទី​១០ ហើយ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​ទេសចរ​បារាំង​ចំនួន​៨៥.៩០៦​នាក់ កើនឡើង​៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ