ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្រាំង​ក​សិន្ធុ​អង្គរ​ជ្រុង​ខាងលិចចំណាយ​អស់៤​ឆ្នាំរួច​រាល់ ឥឡូវ​​ថែម​២០ម៉ែត្រ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ច្រាំង​ក​សិន្ធុ​អង្គរវត្ត​ជ្រុង​ខាងលិច ស្លាប​ខាងជើង​ប្រវែង​៤០​ម៉ែត្រ ត្រូវ​បាន​ជួសជុល​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​រួចរាល់​ជា​ស្ថាពរ​កាលពី​ចុងឆ្នាំ​២០១៧ និង​កំពុង​បន្ត​ជួសជុល​ប្រវែង​២០​ម៉ែត្រ​បន្ថែម​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៨ ។ លោកស្រី​ន​ង បូ​រ៉ា​វី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ…

រាជធានី​ភ្នំពេញ​៖ ច្រាំង​ក​សិន្ធុ​អង្គរវត្ត​ជ្រុង​ខាងលិច ស្លាប​ខាងជើង​ប្រវែង​៤០​ម៉ែត្រ ត្រូវ​បាន​ជួសជុល​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​រួចរាល់​ជា​ស្ថាពរ​កាលពី​ចុងឆ្នាំ​២០១៧ និង​កំពុង​បន្ត​ជួសជុល​ប្រវែង​២០​ម៉ែត្រ​បន្ថែម​ទៀត នៅ​ក្នុង​ឆ្នាំ​២០១៨ ។

លោកស្រី​ន​ង បូ​រ៉ា​វី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណ​វិទ្យា​បង្កា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា ច្រាំង​ក​សិន្ធុ​ប្រវែង​៤០​ម៉ែត្រ​ដែល​ជួស​ជុល​​រួច គឺ​ចំណាយ​រយៈពេល​៤​ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៣​ដល់​២០១៧ ។ ក្នុង​ចំណោម​​៤០​ម៉ែត្រ​នេះ​ដែរ គឺ​មាន​ប្រវែង​២០​ម៉ែត្រ​ដំបូង​ធ្លាប់​បាន​ជួសជុល​ម្តង​ហើយ​ដោយ​​បារាំង​នា​ទស្ស​វត្ស​ទី​៦០ ដែល​ដឹង​បាន​តាម​រយៈ​ការ​មើលឃើញ​ដោយ​ផ្ទាល់ និង​កាន់តែ​ច្បាស់​ពេល​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​មុន​ជួសជុល ។ ក្រោយ​ការ​បញ្ចប់​គម្រោង​៤០​ម៉ែត្រ​ដោយ​ជោគជ័យ ក្រុមការងារ​ក៏​បាន​បន្ត​គម្រោង​ជួសជុល​២០​ម៉ែត្រ​បន្ថែម​នៅ​ឆ្នាំ​២០១៨ ។

ចំពោះ​បច្ចេកទេស​ជួសជុល បន្ទាប់​ពី​កំណាយ​ស្រាវជ្រាវ​យើង​ដឹង​ថា ចាស់​បុរាណ​កសាង​​ច្រាំង​ក​សិន្ធុ​ដោយ​ដី​បុក​បង្ហាប់​បាត​គ្រឹះ​ក្រោម ដូច្នេះ​ដើម្បី​រក្សា​តម្លៃ​នៃ​បេតិក​ភណ្ឌ​វប្បធម៌ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជ្រើស​យក​បច្ចេកទេស​បុរាណ​មក​អនុវត្ត ដោយ​កាយ​យក​ដី​ចាស់ ដី​ស្អុយ​ចេញ ហើយ​ជំនួស​ដោយ​ដី​ថ្មី ហើយ​បុក​បង្ហាប់​គ្រឹះ​ក្រោម​ឱ្យ​មាំ​ជាមួយ​ថ្មភ្នំ ថ្ម​ក្រលៀន ដីខ្សាច់ និង​ល្បាយ​ដី​ដែល​បាន​ពី​កម្ទេច​ថ្មបាយក្រៀម ដីឥដ្ឋ កំបោរ​ស ។ ចំពោះ​គ្រឹះ យើង​ពង្រីក​ទំហំ​គ្រឹះ​ចាស់​៨០​សង្ទីម៉ែត្រ​ទៅ​១២០​សង្ទីម៉ែត្រ ហើយ​ជម្រៅ​គ្រឹះ​ទៅ​ក្រោម​៣០​សង្ទីម៉ែត្រ​ទៅ​៨០​សង់ទីម៉ែត្រ ធ្វើ​យ៉ាងណា​ឱ្យ​កាំ​ក​សិន្ធុ​រឹង​មាំ​បាន​ល្អ ។

ក្រៅពី​ពង្រឹង​គ្រឹះ​ហើយ ក៏​ពង្រឹង​រចនាសម្ព័ន្ធ​ច្រាំង​ក​សិន្ធុ​ដោយ​ប្រើ​ថ្មបាយក្រៀម​ចាស់​ដែល​មាន​ស្រាប់ និង​ថ្មបាយក្រៀម​ថ្មី​ជំនួស​ថ្ម​ដែល​ពុក​ផុយ​មក​រៀប​ជា​ជណ្តើរ​ចំនួន​៨​កាំ ដោយ​ដាក់​ឆ្លាស់គ្នា និង​ដាប់​ចុះ​ក្រោម​១​សង្ទីម៉ែត្រ​សម្រាប់​ប្រទាក់​គ្នា​ពី​មួយ​ទៅ​មួយ​ក្នុង​ការ​រក្សា​លំនឹង​ឱ្យ​បាន​ល្អ​មិន​ឱ្យ​ថ្ម​រអិល ហើយ​បិទ​ភ្ជាប់​ថ្ម​ពី​មួយ​ទៅ​មួយ​ដោយ​បាយអ​រាវ ដើម្បី​ការពារ​ជម្រាប​ទឹក​ចូល​ក្នុង​ថ្ម ធ្វើ​ឱ្យ​ថ្ម​ឆាប់​ពុក​ផុយ ។

រីឯ​ថ្មភក់​ដែល​រៀប​នៅ​ផ្នែក​ខាងលើ​ថ្មបាយក្រៀម​ក៏​រៀប​ទៅ​តាម​លំនាំ​ដើម ដោយ​ប្រើ​ថ្ម​ដែល​មាន​ស្រាប់​និង​ថ្មី​ជំនួស​ថ្មី​ដែល​មិន​អាច​ទ្រ​ទម្ងន់​បាន​ទៀត ហើយ​បិទ​ភ្ជាប់​ថ្ម​ដោយ​បាយអរ​ម្សៅ ដើម្បី​ភ្ជឹ​ត​ស្នាម​មិន​ឱ្យ​ទឹក​ចូល​ក្នុង​ថ្ម ធ្វើ​ឱ្យ​ថ្ម​ឆាប់​ខូច ។

លោកស្រី បូ​រ៉ា​វី បញ្ជាក់​ពី​មូលហេតុ សំខាន់​ៗ​ដែល​ធ្វើ​ឱ្យ​រចនាសម្ព័ន្ធ​សំណង់​ក​សិន្ធុ​អង្គរ​វត្ត​ផ្នែក​ខាងលិច​ស្លាប​ខាងជើង​រង​នូវ​ការ​ខូចខាត​យ៉ាង​ខ្លាំង គឺ​ដោយសារ​អាយុកាល​នៃ​សំណង់ កង្វះ​ការ​ថែទាំ​ជា​ប្រចាំ ការ​ឡើង​ចុះ​នៃ​កម្ពស់​ទឹក​មិន​ទៀងទាត់​បាន​បំផ្លាញ​គ្រឹះ​ក្រោម រួម​ទាំង​ការ​ពុក​ផុយ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម ដើមឈើ​ធំ​ៗ​ដុះ​ក្បែរ​ច្រាំង​​បាន​ចាក់​ឫស​ជ្រែក​ទៅ​ក្នុង​ថ្ម ធ្វើ​ឱ្យ​ថ្ម​រំកិល​ពី​ទីតាំង​ដើម នាំ​ឱ្យ​ច្រាំង​ក​សិន្ធុ​រលំ​។

បច្ចុប្បន្ន​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​អភិរក្ស​និង​ជួសជុល​ទាំង​ប្រាសាទ​និង​ក​សិន្ធុ ដើម្បី​អភិរក្ស​សំណង់​បុរាណ​ដែល​ជា​និមិត្តរូប​នៃ​ជាតិខ្មែរ​ឱ្យ​រឹង​មាំ​យូរអង្វែង និង​លើក​តម្លៃ​សោភ័ណ​ភាព​សំណង់​បេតិកភណ្ឌ​ឱ្យ​មាន​ភាព​ស្រស់​ស្អាត​ជាទី​ទាក់ទាញ​ទេសចរ ។ បន្ថែម​ពី​នោះ​ការ​បណ្តុះ​ធនធានមនុស្ស ក៏​ជា​ផ្នែក​សំខាន់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​គិតគូរ​យ៉ាង​ខ្លាំង ដើម្បី​បង្កើន​ស្នាដៃ​ក្នុង​នាម​ជា​របស់​ខ្លួន ដោយ​មិន​ពឹង​លើ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ច្រើន​ដូច​មុន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ