ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ពី​ថ្ងៃ​ទី​១០ ដល់​១២ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ពិធី​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ពី​ថ្ងៃ​ទី​១០ ដល់​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ណា​ន​នី​ង ខេត្ត​ក្វា​ង​ស៊ី តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ត្រូវ​អមដំណើរ​ដោយ​លោក ហោ ណាំ​ហុង ឧបនាយករដ្ឋមន្ត្រី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រួម​ទាំង​ឥស្សរជន​រាជរដ្ឋាភិបាល​ដទៃ​ទៀត និង​ធុរជន​ពី​សភាពាណិជ្ជកម្ម​កម្ពុជា ។

គួរ​បញ្ជាក់​ថា ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ដែល​នឹង​ប្រារព្ធ​ឡើង​ក្រោម​មូលបទ «​រួម​គ្នា​កសាង​វិ​ថី​សូត្រ​សមុទ្រ សតវត្ស​ទី​២១ និង​ន​វា​នុ​វត្ត​សហគមន៍​ចិន​-​អាស៊ាន​» នឹង​ដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ពី​អាស៊ាន និង​ចិន ដើម្បី​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​របស់​វិស័យ​ឯកជន នៅ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ធុរៈកិច្ច​វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​សុន្ទរកថា គន្លឹះ​នៅ​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ក្នុង​គោលបំណង​លើក​ស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​អាស៊ាន និង​ចិន​រួម​ទាំង​ទាក់ទាញ​វិនិយោគ​គិ​ន និង​ភ្ញៀវ​ទេសចរ​ចិន​ដែល​មាន​សក្តានុពល​មក​កាន់​តំបន់​អាស៊ាន ។ ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​កិត្តិយស​នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​ណ៍ ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា​រួម​ទាំង​អញ្ជើញ​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា ។

អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​ចិន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​នឹង​ជួប​ពិភាក្សា​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​ឥស្សរជន​ចិន និង​ទទួល​ការ​ជួប​សម្តែង​ការ​គួរសម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្វា​ង​ស៊ី និង​ថ្នាក់ដឹកនាំ​ផ្នែក​ធុរៈកិច្ច​សំខាន់​ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន​ព្រមទាំង​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ចិន​ផង​ដែរ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ពិព័រណ៍​ចិន​-​អាស៊ាន​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​កាលានុវត្តភាព​ធុរកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​វិនិយោគទុន​នូវ​ទំហំ​ទឹកប្រាក់​១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ប្រទេស​ចិន​មក​កាន់​តំបន់​អាស៊ាន និង​១៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​តំបន់​អាស៊ាន​ទៅ​កាន់​ប្រទេស​ចិន​នៅ​ត្រឹម​ឆ្នាំ​២០២០ ៕

កែសម្រួលដោយ