ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុត្ដិធម៌​គឺជា​សមធម៌ មិនមែន​ជា​ការ​សងសឹក

13 ឆ្នាំ មុន

នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ យើង​ទាំងអស់​គ្នា​នឹង​បានដឹង​ពី​ការ​ប្រកាស​សាលក្រម​កាត់ទោស​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីតប្រធាន​មន្ទី​សន្ដិសុខ ស​-២១ ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ក្លាយជា​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​មួយ សំរាប់​ជន​រង​គ្រោះ សំរាប់​ប្រជាជន​កម្ពុជា សំរាប់​មនុស្សជាតិ​ទាំងមូល ដែល​បាន​រង​គ្រោះ​ដោយ​បទឧក្រិដ្ឋ​រវាង​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ឌុ​ច​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ក្រោម​ ច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ

                     ដោយ ៖ បណ្ឌិត​រ៉ា​អ៊ូ​ល ម៉ាក់​ហ្សេ​ណា
        ប្រវត្ដិវិទូ និង​ជា​អ្នកជំនាញ​ផ្នែក​នយោបាយ

នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ យើង​ទាំងអស់​គ្នា​នឹង​បានដឹង​ពី​ការ​ប្រកាស​សាលក្រម​កាត់ទោស​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច អតីតប្រធាន​មន្ទី​សន្ដិសុខ ស​-២១ ក្នុង​រយៈពេល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ក្លាយជា​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​មួយ សំរាប់​ជន​រង​គ្រោះ សំរាប់​ប្រជាជន​កម្ពុជា សំរាប់​មនុស្សជាតិ​ទាំងមូល ដែល​បាន​រង​គ្រោះ​ដោយ​បទឧក្រិដ្ឋ​រវាង​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ឌុ​ច​ត្រូវ​បាន​ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ក្រោម​ច្បាប់ព្រហ្មទណ្ឌអន្ដរជាតិ​ ។ គាត់​ត្រូវ​បាន​ចោទ​ថា ជា​អ្នក​ទទួលខុសត្រូវនូវ​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ដ​ក្នុង​ពេល​ដែល​គាត់​ជា​ប្រធាន និង​ដែល​គាត់​បាន​ចូលរួម​ដោយ​ផ្ទាល់​មាន​ជា​អាទិ៍ មនុស្សឃាត អំពើ​ដ៏​ប្រល័យ ការ​រំលោភ ការ​ឃុំឃាំង ទារុណកម្ម ការ​ធ្វើទុក្ខបុកម្នេញ​ ដោយ​ហេតុផល​នយោបាយ និងសាសនា ។ ឌុ​ច​ត្រូវ​បាន​ចោទប្រកាន់​ផង​ដែរ​ពី​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញា​ទីក្រុង​ហ្សឺ​ណែវ ប្រឆាំង​នឹង​ប្រជាជន ស៊ី​វិល​វៀតណាម និង​អ្នកទោស​សង្គ្រាម ។ អង្គហេតុ​និង​ភស្ដុ​តាង​ត្រូវ​បាន​ចងក្រង​និង​បង្ហាញ ។ គេ​សង្កេត​ឃើញ​ថា ទាក់ទង​ទៅនឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ឌុ​ច​មិន​អាច​គេច​ផុត​ពី​ការ​ចោទប្រកាន់​មួយ​តាម​ក្រម​ព្រហ្មទណ្ឌ​អន្ដរជាតិ​បាន​ទេ ។

ជន​រង​គ្រោះ​របស់​ឌុ​ច បាន​ទទួល​រង​ការ​ឈឺចាប់​ដ៏​សែន​វេទនា ។ សំរាប់​អ្នក​នៅ​រស់រាន​មានជីវិត​ពី​គុក ស​-២១ សំរាប់​ក្រុម​គ្រួសារ​នៃ​អ្នកទោស​របស់​ឌុ​ច ពិតជា​ទាមទារ​ការ​ដាក់ទោស​ឌុ​ច​អស់​មួយ​ជីវិត​ដែល​ច្បាប់​បាន​កំណត់ ។ ការ ទាមទារ​នេះ​គ្មាន​អ្វី​ប្លែក​ទេ ហើយ​គេ​ក៏​យល់​យ៉ាង​ច្បាស់​ពី​ការ​រង់ចាំ​នេះ​ផង​ដែរ ។ ប៉ុន្ដែ​យុត្ដិធម៌ គឺ​មិនមែន​ជា​គំនុំគុំកួន​នោះ​ទេ ជា​និច្ចកាល​មិន​ដែល​មាន​យុត្ដិធម៌​ណា​ដែល​ល្អ​ឥត​ខ្ចោះ ពីព្រោះ​ថា វា​កើត​ចេញ​អំពី​ការ​ទាមទារ​របស់​មនុស្ស​ក្នុង​ការស្វែងរក​ការ​ដាក់​ទោសទណ្ឌ​ដោយ​ឯករាជ្យ​ដ៏​សមធម៌​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ចៅក្រម​ទាំងអស់​បាន​ធ្វើការ​ត្រិះ​រិះ ពិចារណា​យ៉ាង​យូរ​ពី​ទម្ងន់ទោស​ដែល​ត្រូវ​ដាក់ទោស​ឌុ​ច ។ ទោស​នេះ​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​។ តើ​ត្រូវ​វាយតំលៃ យ៉ាងដូចម្ដេច​ពាក្យ​ថា​ធ្ងន់ធ្ងរ ?

បន្ទាប់​ពី​ការ​កាត់ក្ដី​អន្ដរជាតិ​ដំបូង​ៗ​នៅ Nuremberg និង​នៅ​ទីក្រុង​តូ​ក្យូ ក្រោយ​ពី​សង្គ្រាមលោក​លើក​ទី​២ យុទ្ធសាស្ដ្រ​មួយ​ត្រូវ​បាន បង្កើត​ឡើង ។ យុទ្ធសាស្ដ្រ​នេះ​គឺ​ចែង​អំពី​របៀប​វាយតំលៃ​ពី​ភាព​ធ្ងន់ធ្ងរ​ នៃ​ឧក្រិដ្ឋកម្ម​មួយ ដោយ​ត្រូវ​គិតដល់​ប្រភេទ បទឧក្រិដ្ឋ ផល​ប៉ះពាល់​របស់​ជន​រង​គ្រោះ និង​កំរិត​នៃ​ការ​សហការ​របស់​ជន​ត្រូវ​ចោទ​តាំងពី​ដំណាក់កាល​នៃ​ការ​ស៊ើប អង្កេត​របស់​តុលាការ ។ ចៅក្រម​ទាំងអស់​ត្រូវ​ថ្លឹងថ្លែង​នូវ​ធាតុ​ផ្សំ​បី ចៅក្រម​មិន​អាច​យោង​តែ​លើ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ បើ​យ៉ាងដូច្នេះ​វា​មិន​អាច​កាត់ក្ដី​មួយ​ប្រកបដោយ​យុត្ដិធម៌​បាន​ទេ វា​ទាល់តែ​ពិនិត្យ​គ្រប់​ទិដ្ឋភាព​នៃ​សំណុំរឿង​មួយ ពីព្រោះ​ថា បទឧក្រិដ្ឋ​កម្ម​របស់​ឌុ​ច មិនមែន​ធ្វើ​ឡើង​ដោយ​មនុស្ស​ម្នាក់​នោះ​ឡើយ ។ បទឧក្រិដ្ឋ​នេះ​កើតឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​របប​មួយ​ដែល​រូប​គាត់​បាន​គាំទ្រ និង​គោរព​វិន័យ​បាន​យ៉ាង​ល្អ ។ ការ​ទទួលខុសត្រូវ​ផ្ទាល់​របស់​ឌុ​ច​វា​ស្ថិត​នៅ​ក្នុង​ចង្កោម “​សហកម្ម​ឧក្រិដ្ឋកម្ម​រួម​” ហើយ​រាល់​ការ ទទួលខុសត្រូវ​មិន​មាន​កម្រិត​ទទួលខុសត្រូវ​ដូច​ៗ​គ្នា​នោះ​ទេ ។ ចំណុច​នេះ​ត្រូវ​តែ​យក​មក​គិតគូរ ។

សំរាប់​ហេតុផល​នេះ​គឺថា ព្រះរាជអាជ្ញា​ទាំង​ពីរ​ដែល​ម្នាក់​ជ្រើសតាំង​ដោយ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​របស់កម្ពុជា ហើយ​ម្នាក់​ទៀត​តែងតាំង​ដោយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ស្នើ​សុំ​ឱ្យ​មាន​អង្គ​ជំនុំជម្រះ​សាលា ដំបូង​នៃ​អង្គ​ជំនុំ​ជំ​ម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឱ្យ​កាត់ទោស​ឌុ​ច​ចំនួន​៤០​ឆ្នាំ ។ សហ​ព្រះរាជអាជ្ញា​មិន​បាន​ស្នើ​សុំ​ដាក់ទោស​ឌុ​ច​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ដោយ​យោង​លើ​ហេតុ​៤ ដែល​មាន​ចែង​ក្នុងច្បាប់ ព្រហ្មទណ្ឌអន្ដរជាតិ និង​ក្នុង​យុត្ដិសាស្ដ្រ ។

ហេតុផល​ទី​១ ជនជាប់ចោទ​បាន​សហការ​ជាមួយ​តុលាការ​ដោយ​ផ្ដល់​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ធ្វើ​ឱ្យ​យល់​ដឹង​កាន់តែ​ច្បាស់ ពី​របប​នៃ​បក្សកុម្មុយនិស្ដ​កម្ពុជា ពី​នយោបាយ​ឧក្រិដ្ឋ​របស់​គាត់ ពី​របៀប​ទំនាក់ទំនង ពី​រចនាសម្ព័ន្ធ និង​ពី​ការ​រៀបចំការ​ប្រព្រឹត្ដិ​ទៅ​របស់​គាត់​នៅ​មន្ទីរ ស​-២១ ។ ឌុ​ច​បាន​ផ្ដល់​ព័ត៌មាន​ដ៏​មាន​តំលៃ​ដើម្បី​ធ្វើការ​ចោទប្រកាន់ ទាំង​លើ ករណី​របស់​គាត់​ផ្ទាល់ និង​លើ​ករណី​មេដឹកនាំ​ជាន់ខ្ពស់​ដែល​នឹង​ត្រូវ​កាត់ទោស​នៅ​ពេល​ក្រោយ ។ ជា​រួម ឌុ​ច​បាន​ចូលរួម​ក្នុង​ការ​ស្វែងរក​ការ​ពិត ។

ហេតុផល​ទី​២ ឌុ​ច​បាន​សារភាព​ទទួលខុសត្រូវ​ទាំងស្រុង បើ​ទោះបី​ទីបំផុត​បែរជា​គាត់​មិន ព្រម​ទទួល​ខ្លួន​ជា​ពិរុទ្ធជន ប៉ុន្ដែ​ត្រឹមតែ​ជា​អ្នក​ទទួលខុសត្រូវ ។ ឌុ​ច​បាន​និយាយ​ជា​ច្រើន​លើក​ថា គាត់​ទទួលស្គាល់​នូវ អំពើ​ដ៏​គួរ​ឱ្យ​ស្អប់ខ្ពើម​នៅ​មន្ទីរ ​ស​-២១ ក្រោម​ការ​គ្រប់គ្រង​របស់​គាត់ ។ ចំណុច​ផ្សំ​មួយ​ដែល​ត្រូវ​តែ​គិតគូរ​ដែរ​នោះ​ ​គឺ​គាត់​បាន​ជួយ​បង្ហាញ​ការ​ពិត​នៃ​អង្គហេតុ​ទាំងនោះ ។

ហេតុផល​ទី​៣ ជនជាប់ចោទ​បាន​បង្ហាញ​ពី​វិប្បដិសារី​ដូច​ការ​ថ្លែង​របស់​សហ​ព្រះរាជអាជ្ញា​ម្នាក់​នា​ពេល​ធ្វើ​សេចក្ដី​ស​ន្និដ្ឋា​ន​បិទ​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​នោះ គឺ​ “​វិប្បដិសារី​នេះ គឺជា​ការ​វិភាគទាន​នៃ​ការ​បង្រួបបង្រួម​ជាតិ​ ។ បើ​ទោះ បី​ការ​បដិសេធ​របស់​ឌុ​ច​ថា គាត់​នឹង​ជា​ពិរុទ្ធជន​នោះ​បង្ក​ឱ្យ​មាន​វិមតិសង្ស័យ​លើ​ភាព​ស្មោះត្រង់​នៃ​វិប្បដិសារី​របស់​គាត់ ​។ គាត់​បាន​ថ្លែង​ផ្ទាល់មាត់​ផង និង​ដោយ​សរសេរ​ផង​ជា​សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សា​ថា គាត់​ពិតជា​មាន​វិប្បដិសារី​ដ៏​សង្វេគ​” ​។

ហេតុផល​ទី​៤ ឌុ​ច​ត្រូវ​បាន​ដាក់គុក​ជាង​៨​ឆ្នាំ​នៅ​ក្នុង​តុលាការយោធា​គ្មាន​បាន​ចាត់វិធានការ​ច្បាប់ គឺ​គ្មាន​ការ​ស៊ើបអង្កេត ស៊ីជម្រៅ និង​ជាក់លាក់​នោះ​ទេ ។ ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ត្រូវ​បាន​ចាត់​ទុក​ថា មិន​ប្រក្រតី​បើ​ទោះបី​អនុលោម​លើ​ច្បាប់​ខ្មែរ​ក៏ដោយ ។ សិទ្ធិ​របស់​គាត់​ត្រូវ​បាន​រំលោភ ។ ជា​ថ្មី​ម្ដងទៀត ភាព​មិន​ប្រក្រតី គឺ​ហេតុផល​ដែល​ត្រូវ​គិតគូរ ។ គោលការណ៍​កាត់ក្ដី​ប្រកប ដោយ​យុត្ដិធម៌​ត្រូវ​យក​មក​អនុវត្ដ ។ ដូច្នេះ​គឺ​មាន​ន័យ​ថា ការ​វិនិច្ឆ័យ​ទោស គឺ​ការ​គោរព​រាល់​វិធាន​នៃ​ច្បាប់ ឬ​មួយ​ក៏​ការ​វិនិច្ឆ័យ ទោស​ជា​ការ​សងសឹក បើ​ដូច្នេះ​គឺ​មិន​ត្រូវការ​មាន​តុលាការ​នោះ​ទេ ។

សំរាប់​ហេតុផល​ទាំង​បួន​នេះ សហ​ព្រះរាជអាជ្ញា​បាន​ស្នើ​សុំ​ឱ្យ ដាក់​ពន្ធនាគារ​មួយ​ជីវិត ដែល​ចំណុច​ចាប់ផ្ដើម​សំរាប់​ការ​កំណត់​ពី​ទោសទណ្ឌ និង​ការ​កាត់​បន្ធូរ​បន្ថយទោស សមាមាត្រ​ទោ​នឹង​ការ សហការ​ទៅ​នឹង​ការ​ទទួលស្គាល់​នៃ​ការ​ទទួលខុសត្រូវ វិប្បដិសារី និង​ការ​រំលោភ​លើ​សិទ្ធិ​របស់ ជនជាប់ចោទ ។ សហ​ព្រះរាជអាជ្ញា​បាន​សំរេច​ទាមទារ​ដាក់ទោស​ឌុ​ច​ចំនួន​៤០​ឆ្នាំ ។ ខ្ញុំ​សូម​បន្ថែម​ហេតុផល​ទី​៥ ដែល​បង្ហាញ​ថា ឌុ​ច​មិន​អាច​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​កំរិត​ទោស​អតិបរមា​បាន​ទេ សំខាន់​គឺ​ធ្វើ​ឱ្យ មាន​ភាព​ផ្សេង​គ្នា​រវាង​ការ​អនុវត្ដ​កំរិត​ខ្ពស់ ដែល​ធ្វើ​ឱ្យ​មានការ​ពិចារណា​ពី​ភាព​ខុស​គ្នា​រវាង​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់ និង​ថ្នាក់ដឹកនាំ​ខ្ពស់​បំផុត ។ វា​នឹង​ជា​ការ​ថ្មី​មួយទៀត​សំរាប់​តុលាការ​កាត់សេចក្ដី​លើ​ជន​ត្រូវ​ចោទ​ទាំង​៤​រូប​ទៀត ដែល​មានតួនាទី​ខ្ពស់​ជាង​ឌុ​ច​ក្នុង​ឋានានុក្រម​នយោបាយ និង​ស្ថាប័ន​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ។ យុត្ដិធម៌​ត្រូវ​តែ​ទទួលស្គាល់​ពី​ឋានានុក្រម​នៃ ការ​ទទួលខុសត្រូវ និង​កំណត់​ទោស​ដោយ​យោង​លើ​ឋានានុក្រម​នេះ ។

មនុស្ស​ជា​ច្រើន​គិត​ថា នៅ​ពេល​ឌុ​ច​កាន់​អំណាច ទាំង​ឌុ​ច ទាំង​របប​ដ៏​ឃោរឃៅ មិន​បាន​ព្រួយបារម្ភ​ពី​សិទ្ធិ​របស់​ជន​រង គ្រោះ​នោះ​ទេ ដែល​តាម​ធម្មតា​គ្រប់​មនុស្សជាតិ មាន​សិទ្ធិ​របស់​ខ្លួន​ជា​មូលដ្ឋាន​ ។ ក្នុង​ន័យ​នេះ​គេ​ក៏​យល់​ហើយ​ក៏​ពិចារណាដែរ ។ ប៉ុន្ដែ​ត្រូវ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ ប្រសិនបើ​គេ​វាយបក​ឌុ​ច ដូច​ឌុ​ច​វាយប្រហារ​ជន​រង​គ្រោះ ពេល​នោះ​វា​មិនមែន​ជា​យុ​ត្ដិធម៌ ប៉ុន្ដែ​វា​ជា​ការ​សងសឹក ។ ប្រសិនបើ​គេ​វាយបក​អ្នក​ទទួលខុសត្រូវ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដូច​ពួក​គេ​វាយប្រហារ​ប្រជាជន​កម្ពុជា គឺ​មាន​ន័យ​ថា វិធីសាស្ដ្រ​របស់​ពួក​គេ​ទទួល​ជោគជ័យ​ដោយ​ប្រើ​អំណាច​ផ្ដាច់​ការ​ដូច​របបនោះ​ដែរ ។ ប៉ុន្ដែ​អ្វី​ដែល​ល្អ គឺ​ការ​វិល​ត្រឡប់​ទៅ​រក​ការ​គោរព​ច្បាប់ និង​ទៅ​រក​សមធម៌ ៕