ខេត្តតាកែវ ៖ យ៉ាងហោចណាស់ តូបលក់ដូរជាង១០០ក្នុងចំណោម៧០០តូប ត្រូវបានព្រះអគ្គិលេបត្របាក់អស់គ្មានសល់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ កញ្ញា នៅផ្សារព្រៃល្វា ស្ថិតក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា តូបលក់ដូរដែលត្រូវភ្លើងឆេះមាន តូបលក់គ្រឿងទេស និងសម្ភារចម្រុះ ។ រីឯទីតាំងដែលឆេះដំបូងគេ ខូចខាតប្រហែល៩០% ចំពោះសម្ភារខូចខាតមានចំនួន១២០តូប ។ មូលហេតុនាំឱ្យមានភ្លើងឆេះផ្សារនេះ លោកអធិការអះអាងថា គឺមកពី
ទុស្សេចរន្តអគ្គិសនីចេញពីតូបរបស់ឈ្មោះ សួយ និងឈ្មោះ ជា ។
លោកនិយាយថា មុនពេលមានអណ្តាតភ្លើងឆាបឆេះ គេបានឮសូរសំឡេងផ្ទុះ ហើយក៏មានអណ្តាតភ្លើងឆេះរាលដាលឡើង ។ ក្រោយពីទទួលបានព័ត៌មានពីករណីមានភ្លើងឆេះតូបក្នុងផ្សារ លោកក៏បានរាយការណ៍ភ្លាម ជូនលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត រួចលោកបានដឹកនាំកម្លាំងនគរបាលខេត្ត-ស្រុក សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ទើបពន្លត់បានជាស្ថាពរ ។
លោកអធិការបន្តទៀតថា ចំនួនតូបទាំងអស់ក្នុងផ្សារមាន១២០តូប តែអាជីវករលក់ដូរក្នុងផ្សារមានតែ៣៩នាក់ប៉ុណ្ណោះ ដោយសារតូបមួយចំនួនធំ ត្រូវអាជីវករទិញសម្រាប់ស្តុកទុកអីវ៉ាន់របស់ពួកគាត់ ។ បើគិតពីចំនួនខូចខាត គិតជាទឹកប្រាក់គឺអស់ប្រមាណជាង២៩ម៉ឺនដុល្លារ ។
អគ្គិភ័យផ្សារព្រៃល្វានេះ គឺក្រោយ២ថ្ងៃប៉ុណ្ណោះ ដែលស្នងការដ្ឋាននគរបាលខេត្តប្រគល់រថយន្តពន្លត់អគ្គិភ័យ ដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ដល់អធិការដ្ឋាននគរបាលស្រុក-ក្រុងចំនួន១០ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា នៅស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីស្នងការរង នាយ-នាយរងការិយាល័យជំនាញ លោកអធិការ-អធិការរងទទួលការងារបង្ការពន្លត់អគ្គិភ័យ និងមន្ត្រីទទួលការងារអគ្គិភ័យសរុបចំនួន១៤៥នាក់ ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ សុផល ស្នងការរងនគរបាលខេត្ត ទទួលផែនការងារអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធនឹងការងារបង្ការពន្លត់អគ្គិភ័យឱ្យដឹងថា រយៈពេល៨ខែដើមឆ្នាំ២០១៨នេះ នៅទូទាំងខេត្តតាកែវ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងសរុប១៧លើក បើប្រៀបធៀបនឹងឆ្នាំ២០១៧ ដែលកើតមានតែ១៣លើកក្នុងរយៈពេលដូចគ្នានេះ ។
ចែករំលែកព័តមាននេះ