ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​កម្ពុជា​បង្កើត​ឧបករណ៍​ដាំ​គ្រាប់ស្រូវ ទទួល​បាន​ពានរង្វាន់​កំពូល​ពី​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​មោទនភាព​មួយ​សម្រាប់​កសិករ​កម្ពុជា​ដែល​មានគំនិត​ច្នៃ​ប្រឌិត​​បង្កើត​បាន​នូវ​ឧបករណ៍​ដាំ​គ្រាប់​ពូជស្រូវ​ផ្ដល់​នូវ​គុណ​តម្លៃ​ខ្ពស់​សម្រាប់​កសិករ រហូត​ទទួល​បាន​ពានរង្វាន់​កំពូល​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ​នៅ​ប្រទេស​​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពានរង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​នេះ​មានឈ្មោះ​ថា «​ប៉ាតង់​សម្រាប់​មនុស្សជាតិ​»…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​មោទនភាព​មួយ​សម្រាប់​កសិករ​កម្ពុជា​ដែល​មានគំនិត​ច្នៃ​ប្រឌិត​​បង្កើត​បាន​នូវ​ឧបករណ៍​ដាំ​គ្រាប់​ពូជស្រូវ​ផ្ដល់​នូវ​គុណ​តម្លៃ​ខ្ពស់​សម្រាប់​កសិករ រហូត​ទទួល​បាន​ពានរង្វាន់​កំពូល​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ​នៅ​ប្រទេស​​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពានរង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​នេះ​មានឈ្មោះ​ថា «​ប៉ាតង់​សម្រាប់​មនុស្សជាតិ​» ឬ (Patents for Humanity) សម្រាប់​ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​ឈ្មោះ​អុ​ី​ឡាយ ដែល​ជួយ​ដល់​កសិករ​កាត់​បន្ថយ​គ្រាប់ពូជ ជួយ​បង្កើន​ទិន្នផល និង​កាត់​បន្ថយ​កម្លាំង​ពលកម្ម ។ ពានរង្វាន់​នេះ នឹង​ប្រគល់​ជូន​តំណាង​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ខាង​មុខ ដែល​នឹង​មានការ​ចូលរួម​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ ផង​ដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ពានរង្វាន់​កិត្តិយស​កំពូល​របស់​ការិយា​ល័យ​ប៉ាតង់​(​ប្រកាសនីយបត្រ​តក្កកម្ម​) និង​ស្លាក​សញ្ញា​របស់​សហរដ្ឋអាមេរិក ហើយ​ពានរង្វាន់​នេះ នឹង​ត្រូវ​ផ្តល់​ជូន​អ្នក​កែ​ច្នៃ​ណា​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​មនុស្សជាតិ ។

ក្នុង​នោះ កសិកម្ម​ឈ្លាសវៃ រួម​ជាមួយនឹង​បេក្ខភាព​ចំនួន​ប្រាំបី​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ជ្រើស​ចេញពី​ស្ថាប័ន​ធំ​ៗ​ចំនួន​៦៩ មក​ពី​ជុំវិញ​ពិភពលោក នឹង​ត្រូវ​ទៅ​ទទួល​រង្វាន់​នេះ​នៅ​សហរដ្ឋអាមេរិក​ក្នុង​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក សាន ប៊ុ​ន​នី​កា នាយក​គ្រប់គ្រង​កសិកម្ម​ឈ្លាសវៃ ដែល​បាន​ស្រាវជ្រាវ និង​ដឹកនាំ​ក្រុមការងារ​ផលិត​ឧបករណ៍​អ៊ី​ឡាយ បាន​មាន​ប្រសាសន៍​ថា ឧបករណ៍​ដាំ​គ្រាប់ស្រូវ​អ៊ី​ឡាយ​នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង​គោ​យន្ត​ដៃ​នៅ​ពេល​ដាំ ។ លោក​ថា ៖« ឧបករណ៍​នេះ​ប្រើ​កម្លាំង​ខ្យល់​ដោយ​រុញ​គ្រាប់​ពូជស្រូវ​ចូល​ទៅ​ក្នុង​ដីស្រែ​ដែល​មានទឹក ។ អ៊ី​ឡាយ ជួយ​កសិករ​ក្នុង​ការ​កាត់​បន្ថយ​គ្រាប់​ពូជស្រូវ ដោយ​ប្រើ​ក្នុង​ចន្លោះ​ពី​៣០​ទៅ​១០០​គីឡូ​ក្រាម​តែ​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា ខណៈ​តាម​ទម្លាប់ កសិករ​ត្រូវ​ប្រើ​គ្រាប់​ពូជស្រូវ​ពី​២០០​ទៅ​៣៥០​គីឡូក្រាម​ក្នុង​១​ហិ​កតា »​។

លោក​បន្ត​ថា ឧបករណ៍​អ៊ី​ឡាយ ក៏​អាច​ជួយ​បង្កើន​ទិន្នផល​រហូត​ដល់​២០% ហើយ​ឧបករណ៍​​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ជី និង​ថ្នាំ​កសិកម្ម​ផង​ដែរ ។ ដំណាំ​ស្រូវ​ដាំ​ដោយ​ប្រើ​ឧបករណ៍​នេះ​ដុះ​ចេញ​ជា​ជួរ អាច​ស្រូប​យក​ពន្លឺព្រះអាទិត្យ​បាន​ច្រើន និង​មាន​ខ្យល់​ចេញចូល​បាន​ល្អ ដែល​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ជំងឺ និង​កត្តា​ចង្រៃ​​ផ្សេង​ៗ​បាន​ផង​ដែរ ។ លើស​ពី​នេះ ក៏​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម ដោយ​ប្រើ​ពេល​តែ​៤៥​នាទី​ប៉ុណ្ណោះ​ក្នុង​ផ្ទៃដី​ស្រែ​១​ហិ​កតា រីឯ​ការ​ព្រោះ​ដោយ​ដៃ កសិករ​ប្រើ​ពេល​ប្រហែល​២​ម៉ោង និង​ចំណាយពេល​រាប់​ស​ប្តា​ហ៍ បើ​ស្ទូង​ដោយ​ដៃ ។

លោក​និយាយ​ថា ៖« ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ពេល​បានដឹង​ថា​ឧបករណ៍​នេះ​ទទួល​បាន​ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព ហើយ​ពេល​ខ្លះ​ខ្ញុំ​សឹងតែ​មិន​ជឿ​ថា​ការ​ទទួល​ពានរង្វាន់​នេះ​វា​ជា​រឿង​ពិត »​។

ក្នុង​នាម​ជា​កសិករ​មួយ​រូប លោក សាន ប៊ុ​ន​នី​កា បន្ថែម​ថា ៖« ការ​ស្វែងរក​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម គឺជា​ការ​លំបាក​មួយ រួម​ជាមួយនឹង​តម្លៃ​ឈ្នួល​កាន់តែ​ថ្លៃ​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នេះ​ជា​ភស្តុ​តាង​មួយ​បង្ហាញ​ថា យើង​ជា​ខ្មែរ ក៏​អាច​ធ្វើ​អ្វី​ៗ​បាន​ដែរ ឲ្យ​តែ​មានឱកាស និង​ធនធាន ។ ដូច្នេះ ពានរង្វាន់​នេះ គឺជា​សមិទ្ធផល​មួយ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំងមូល »​។

លោក​បញ្ជាក់​ថា សមិទ្ធផល​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ច​ខំប្រឹង​ប្រែង​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ជួយ​វិស័យ​កសិកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ផលិតភាព និង​ភាព​ធន់​នឹង​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​កម្មវិធី​ខ្សែ​សង្វា​ក់​តម្លៃ​កម្ម​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា កា​វ៉ា​ក់​(CAVAC) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ