ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចាប់ផ្តើម​ពិភាក្សា​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​4

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​កា​រវិ​វត្ត​ឥត​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ចាប់ផ្ដើម​ពិភាក្សា​រួម​គ្នា​អំពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដើម្បី​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០…

រាជធានី​ភ្នំពេញ ៖ ដោយសារ​កា​រវិ​វត្ត​ឥត​ឈប់​ឈរ​នៃ​បច្ចេកវិទ្យា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ចាប់ផ្ដើម​ពិភាក្សា​រួម​គ្នា​អំពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដើម្បី​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ។

បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ឬ​ហៅ​ថា​ឧស្សាហកម្ម​៤.០ សំដៅលើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ជឿនលឿន​ដូច​ជា ការ​បោះ​ពុ​ម្ភ​3D, ការ​ប្រើ​បច្ចេកវិទ្យា​មនុស្ស​យន្ត​, បច្ចេកវិទ្យា​ជីវសាស្ត្រ quantum computing, ទំនើប​កម្ម​លើ​បណ្ដាញ​ទូរគមនាគមន៍ និង​ចំណេះធ្វើ​ថ្មី​ៗ​អំពី​ការ​គ្រប់គ្រង​ផលិតកម្ម​ជាដើម ។

ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់ខ្ពស់​ស្ដី​អំពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ កញ្ញា នៅ​សណ្ឋាគារ​ឡឺ រ៉ូ​យ៉ា​ល់ លោក ត្រាំ អី​ុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍ មាន​ប្រសាសន៍​ថា ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ក្នុង​ការ​នាំ​ឧស្សាហកម្ម​៤.០​មក កម្ពុជា​ចាំបាច់​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​រឹង​មាំ​រវាង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន​ក្នុង​ឧស្សាហកម្ម និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នានា ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​បែប​នេះ យើង​អាច​បង្កើត​នូវ​លក្ខខណ្ឌ​ចាំបាច់​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន និង​ផ្ដល់​លទ្ធភាព​ឲ្យ​មានការ​សម្រប​ខ្លួន ដើម្បី​ឈាន​ទៅ​សម្រេច​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​របស់​យើង »​។

អ្នកសម្របសម្រួល​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ លោកស្រី​ Pauline Tamesis មាន​ប្រសាសន៍​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ អង្គការសហប្រជាជាតិ មាន​គោលបំណង​បង្កើន​ការ​យល់​ដឹង​ដល់​តួអង្គ សំខាន់​ៗ​អំពី​ប្រធានបទ​ដ៏​សំខាន់ ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល និង​ឈ្វេងយល់​ពី​តម្រូវការ​នានា​របស់​វិស័យ​ឯកជន​ជុំវិញ​ឧស្សាហកម្ម​៤.០ ។

លោកស្រី​បន្ត​ថា ទីភ្នាក់ងារ​សហប្រជាជាតិ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ជុំវិញ​កាលានុវត្តភាព និង​សក្តានុពល​នានា​របស់​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០​។ លោកស្រី​ថា ៖« យើង​ជឿជាក់​ថា​គោលនយោបាយ និង​សកម្មភាព​អនុវត្ត​នៅ​តែ​មាន​ភាព​ចាំបាច់ ប្រសិនបើ​គេ​ចង់​ធានា​នូវ​ការ​ទទួល​បាន​កាលានុវត្តភាព និង​សក្តានុពល​ពី​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០​នេះ »​។

បើ​តាម​លោកស្រី Pauline Tamesis ប្រទេស​មួយ​ចំនួន ក៏​ដូច​ជា​កម្ពុជា បច្ចេកវិទ្យា​ឧស្សាហកម្ម​៤.០ នាំ​ឱ្យ​មានការ​គិតពិចារណា​ពី​ថ្លៃដើម​មូលធន ធៀប​នឹង​កម្លាំង​ពលកម្ម និង​ភាព​ចម្រុះ​គ្នា​រវាង​ថ្លៃដើម​មូលធន និង​កម្លាំង​ពលកម្ម​នៅ​ក្នុង​ផលិតកម្ម​។ ប្រការ​នេះ​មាន​ភាព​ពាក់ព័ន្ធ​ជាមួយនឹង​ទីតាំង​ផលិតកម្ម ការ​បែងចែក​ផល​ចំណេញ​រវាង​ប្រទេស និង​ប្រទេស និង​រវាង​អ្នកចូលរួម​នានា​នៅ​ក្នុង​សង្វា​ក់​តម្លៃ ។

លោក Nick Beresford នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​UNDP មាន​ប្រសាសន៍​ថា ៖« ឧស្សាហកម្ម​៤.០ កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​មិនយូរ​ប៉ុន្មាន នឹង​មាន​ឥទ្ធិពល​មក​លើ​យើង​ទាំងអស់​គ្នា »​។

លោក​បន្ដ​ថា ៖« ការ​ពិចារណា​ជុំវិញ​ប្រធានបទ​នេះ អាច​ផ្ដល់​ឱ្យ​រាជរដ្ឋាភិបាល​ថ្មី​កម្ពុជា​នូវ​តំណ​ភ្ជាប់ ដើម្បី​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ »​។

លោក​បន្ត​ថា ឧស្សាហកម្ម​៤.០ បង្ហាញ​ពី​កាលានុវត្តភាព និង​ការ​ប្រឈម ដូច្នេះ​ចាំបាច់​ត្រូវ​មានការ​ប្រើប្រាស់​អភិក្រម​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ ដោយ​រាជរដ្ឋាភិបាល​ត្រូវ​ដឹង​ពី​ផល​ប៉ះពាល់ និង​ប្រមើល​មើល​ជា​មុន​ពី​បញ្ហា​ប្រឈម​នានា ក៏​ដូច​ជា​ត្រូវ​រៀបចំ​ផែនការ និង​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ