រាជធានីភ្នំពេញ ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី៣១ សីហា កន្លងទៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចនិងប្លន់ប្រដាប់អាវុធនៅរាជធានីភ្នំពេញ ដែលតាមចម្លើយសារភាពថា ធ្លាប់លួចនិងប្លន់បានសម្រេចជាង៣៥០លើក ក្នុងចំណោមបក្សពួកប្រមាណ១០នាក់ ។
ជនសង្ស័យនេះឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនបោះបង់ចោលផ្ទះសម្បែង ។ ទាក់ទិននឹងការឃាត់ខ្លួនជនសង្ស័យរូបនេះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យ១ក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូ នៅក្នុងទឹកដីខណ្ឌ៧មករា កាលពីយប់ថ្ងៃទី៣០ សីហា ហើយសកម្មភាពនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពតាមផ្លូវសាធារណៈ ។
ក្រោយពីបានពិនិត្យក្នុងសកម្មភាពប្លន់នោះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ គឺរូបលោកផ្ទាល់បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ។ បន្ទាប់ពីត្រូវឃាត់ខ្លួន ជនសង្ស័យសារភាពថា បក្សពួកគេទាំងអស់មានជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពលួច និងប្លន់ប្រដាប់អាវុធជាង៣៥០លើក គឺលួចនិងប្លន់នៅក្នុងរាជធានីភ្នំពេញ។
លោក ប៉ុល រតនា បន្តថា ចម្លើយនេះ ដំបូងសមត្ថកិច្ចយើងមិនអាចយកជាផ្លូវការបានទេ ប៉ុន្តែតាមរយៈនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងផ្នែកព្រហ្មទណ្ឌគ្រប់បណ្តាខណ្ឌ ឲ្យយករបាយការណ៍កំណត់ហេតុ កន្លែងកើតហេតុស្តីពីអំពើលួចនិងប្លន់ រួមទាំងការសាកសួរយកចម្លើយឃើញថា ជនសង្ស័យឈ្មោះ កែវ សារិន និងបក្សពួកជាង១០នាក់ ពិតជាមុខសញ្ញាលួចនិងប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញប្រាកដមែន ។
តាមចម្លើយរបស់ឈ្មោះ កែវ សារិន បានឱ្យដឹងថា ក្នុងចំណោមបក្សពួកជាង១០នាក់នោះ មាន ១-ឈ្មោះ គក ២-ឈ្មោះ ប៉ិត ៣-ឈ្មោះ លីន ៤-ឈ្មោះ ផុក ៥-ឈ្មោះ ល័ក្ខ ៦-ឈ្មោះ ថា ៧-ឈ្មោះ ឡា ៨-ឈ្មោះ ផាន់ណា និង៤ទៅ៥នាក់ទៀតមិនស្គាល់ឈ្មោះ ព្រោះខ្លះបានចូលរួមធ្វើសកម្មភាពប្លន់តាមរយៈបក្សពួកខាងលើ ។ ពួកគេមានជាង១០នាក់មែន តែរាល់ការចេញធ្វើសកម្មភាពលួច(កាច់.កម៉ូតូ) ឬប្លន់ប្រដាប់អាវុធ មិនមែនទៅម្តងទាំងអស់គ្នាទេ គឺមានបែងចែកជាក្រុម ឬក៏តាមបទល្មើសជាក់ស្តែង ។
ជាក់ស្តែង ដូចជាករណីលួចកាច់សោ.កម៉ូតូ ពេលខ្លះធ្វើម្នាក់ឯងឬ២នាក់ គ្រាន់តែជិះម៉ូតូឌុបគ្នាទៅដាក់នៅចំណុច ឬគោលដៅណា ដែលត្រូវធ្វើសកម្មភាព ។ បើប្លន់ពួកគេត្រូវការប្រើប្រាស់កម្លាំងច្រើន គឺចាប់ពី៤នាក់ទៅ៦នាក់ ក្នុងនោះត្រូវប្រើមធ្យោបាយម៉ូតូ២ទៅ៣គ្រឿង និងប្រើអាវុធស្ទើរគ្រប់ដៃ ដោយបានចាត់តាំងរួចជាស្រេចមុនប្លន់ជនរងគ្រោះណាម្នាក់ ខ្លះមានតួនាទីភ្ជង់ជនរងគ្រោះ ខ្លះមើលផ្លូវប្លន់ ហើយត្រូវជិះចេញតាមណា ខ្លះតាមមើលសមត្ថកិច្ច និង ខ្លះចាំបិទគូទ ។
រាល់ពេលចេញធ្វើសកម្មភាព ពួកគេតែងតែជួបប្រជុំគ្នានៅក្នុងផ្ទះសំណាក់ណាមួយ ដើម្បីបែងចែកតួនាទីគ្នាឲ្យបានច្បាស់លាស់ អ្នកណាត្រូវចុះភ្ជង់ជនរងគ្រោះ ហើយអ្នកណាត្រូវដណ្តើមយកម៉ូតូ ។ ពេលនោះបើសិនជាជនរងគ្រោះតដៃ ឬមិនព្រមប្រគល់ម៉ូតូឲ្យពួកគេទេ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមចោរ ត្រូវតែផ្ទុះអាវុធ ។
ប៉ុន្តែមើលពេលវេលា បើជនរងគ្រោះណារឹងរូសខ្លាំង អាចបាញ់សម្លាប់តែម្តង ហើយបើគ្រាន់តែមិនព្រមប្រគល់សោម៉ូតូអាចបាញ់គំរាម ឬក៏ពេលខ្លះជនរងគ្រោះប្រគល់ម៉ូតូឲ្យតាមសម្រួល បទបញ្ជាមិនឲ្យផ្ទុះអាវុធទេ ។
ជនសង្ស័យឆ្លើយទៀតថា ពួកគេជាង១០នាក់តែងតែជួបប្រជុំគ្នាមុនចេញធ្វើសកម្មភាព ហើយតែងតែបានស្បថស្បែរួមគ្នាមិនឲ្យក្បត់គ្នា និងត្រូវហ៊ានប្តូរជីវិតស្លាប់រស់ជាមួយគ្នា ។ ក្រុមគេភាគច្រើនចេញលួចឬប្លន់នៅពេលយប់ ហើយលួចឬប្លន់បានតែងតែយកម៉ូតូរបស់ជនរងគ្រោះទៅលក់ឲ្យអ្នកទទួលទិញនៅផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ម្តុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងភាគច្រើនលក់នៅម្តុំឃ្លាំងរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចម្លើយសារភាពឲ្យដឹងទៀតថា ការធ្វើចោរលួច និងប្លន់ម៉ូតូនេះ មិនដែលយកមកធ្វើមានបានទេ គ្រាន់តែម៉ារស់ និងចាយវាយផឹកស៊ីស្រីញីអូនបង ល្បែងស៊ីសង ពេលចាយអស់ចេញប្លន់ទៀត ។ មានពេលខ្លះដាច់លុយមែនទែន ពួកគេទៅខ្ចីពីអ្នកទទួលទិញចាយបណ្តោះអាសន្ន រួចទើបលួច ឬប្លន់ម៉ូតូយកទៅទូទាត់ឲ្យម្ចាស់ប្រាក់វិញក៏មាន ។ ពេលខ្លះ អ្នកចាំទិញម៉ូតូកក់លុយមុនក៏មានដែរ កក់លុយដើម្បីកុម្មង់ឬតម្រូវឲ្យក្រុមគេប្លន់ម៉ូតូប្រភេទណា ស៊េរីណាដែលងាយលក់ឬតាមអតិថិជនត្រូវការ ។
សកម្មភាពលួចនិងប្លន់ប្រដាប់អាវុធជាង៣៥០លើកនេះ គឺពួកគេទើបចាប់ផ្តើមក្នុងឆ្នាំ២០១៨នេះ ហើយសុទ្ធតែទទួលបានជោគជ័យគ្រប់ពេលទាំងអស់ ទោះបីមានពេលខ្លះជួបឧបសគ្គតឹងតែងក៏ដោយ ។ ផលទទួលបានពីការលួច ឬប្លន់ ពួកគេមិនក្បត់គ្នាទេ និងតែងតែចែកគ្នាចាយវាយតាមតិចតាមច្រើន ពោលគឺពួកគេមិនចេះទាស់ទែងគ្នា មានស៊ីអត់ស៊ី គឺចាប់ដៃគ្នាចេញធ្វើសកម្មភាព ។
ថ្វីដ្បិតតែពួកគេ ជាចោរមានវ័យក្មេងៗមែន ប៉ុន្តែចេញលួចនិងប្លន់ជាង៣៥០លើកកន្លងមកនេះ មិនទាន់មានបក្សពួកណាម្នាក់ មានគ្រោះថ្នាក់ក្នុងហេតុការណ៍ចេញប្លន់នោះទេ ហើយក៏សឹងថា គ្មានអ្នកណាបានទៅដេកគុកដែរ ។
លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា ថ្លែងថា តាមការស្តាប់ចម្លើយជនសង្ស័យជាចោរវ័យក្មេងម្នាក់ ក្រុមគេជាចោរសកម្មនិងប្លន់សាហាវបំផុតនៅក្នុងរាជធានីភ្នំពេញ ។ ជាក់ស្តែងដូចសកម្មភាពដែលសមត្ថកិច្ចចាប់បានក្នុងកាមេរ៉ាសុវត្ថិភាពស្រាប់ ។ ក្រុមនេះភាគច្រើនប្លន់នៅពេលយប់ និងប្លន់តាមស្ថានីយប្រេងឥន្ធនៈ ខណៈជនរងគ្រោះចូលទៅចាក់សាំង ។
លោក ប៉ុល រតនា បន្តថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ កែវ សារិន សមត្ថកិច្ចអាចចាត់ទុកជាផ្លូវការបាន បើទោះជាការចង្អុលបង្ហាញទីតាំងធ្វើសកម្មភាព មានការខុស ឬក៏ប្រែប្រួលយ៉ាងណាក្តី វាពិតជាស៊ីសង្វាក់ទៅនិងអំពើលួច ប្លន់ប្រដាប់អាវុធរបស់ក្រុមនោះមែន ។ ចម្លើយដែលថា តួលេខលួចនិងប្លន់ម៉ូតូកន្លងមកជាង៣៥០លើក គឺមិនខុសទេ បើបូកមែនទែនទៅអាចដល់ទៅជាង៣៨០លើកឯណោះ ។
គ្រាន់តែពាក្យបណ្តឹងរបស់ជនរងគ្រោះ បានដាក់ចូលទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌជិត២០នាក់ ចុះនៅតាមបណ្តាប៉ុស្តិ៍ និងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ទៀត ដូច្នេះតួលេខតាមចម្លើយជនសង្ស័យនោះប្រហែលជាមិនខុសទេ ។ ជនសង្ស័យឈ្មោះ កែវ សារិន និងវត្ថុតាងកាំភ្លើងខ្លីម៉ាករូឡូ១ដើម និងម៉ូតូ១គ្រឿង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ