ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប្តី​-​ប្រពន្ធ ឬ​គូស្នេហ៍​ទៅ​លេង​វត្ត​ភ្នំ​ព្រាត់​គ្នា​» មហាជន​នៅ​មាន​ជំនឿ​ទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កន្លង​មក​មហាជន​តែងតែមាន​ជំនឿ​ថា គូសង្សារ ឬ​ប្តី​ប្រពន្ធ បើ​នាំ​គ្នា​ទៅ​លេង​វត្ត​ភ្នំ​នោះ​ប្រាកដជា​និរាស​ព្រាត់ប្រាស​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ ។ អបិយ​ជំនឿ​នេះ ត​ៗ​គ្នា​ជា​យូរលង់​មក​ហើយ ។ មក​ដល់​សម័យ​ទំនើប​ជឿនលឿន​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ​៖ កន្លង​មក​មហាជន​តែងតែមាន​ជំនឿ​ថា គូសង្សារ ឬ​ប្តី​ប្រពន្ធ បើ​នាំ​គ្នា​ទៅ​លេង​វត្ត​ភ្នំ​នោះ​ប្រាកដជា​និរាស​ព្រាត់ប្រាស​គ្នា​ជាក់​ជា​មិន​ខាន​ឡើយ ។ អបិយ​ជំនឿ​នេះ ត​ៗ​គ្នា​ជា​យូរលង់​មក​ហើយ ។ មក​ដល់​សម័យ​ទំនើប​ជឿនលឿន​បច្ចុប្បន្ន តើ​អបិយ​ជំនឿ​នេះ​មហាជន​នៅ​តែ​ជឿ ឬ​យ៉ាងណា ?

នា​ពេល​បច្ចុប្បន្ន​រមណីយដ្ឋាន​វត្ត​ភ្នំពេញ​បាន​ប្រែ​ក្លាយជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ និង​មហាជន​ទូទៅ​បន់ស្រន់​សុំ​សេចក្តីសុខ ជា​ជាង​ទៅ​កម្សាន្ត ។

ជា​ការ​កត់សម្គាល់ យុវវ័យ​ភាគច្រើន​នា​សម័យនេះ មិន​ជឿ​ទៅ​លើ​អបិយ​ជំនឿ​គូស្នេហ៍​ទៅ​លេង​វត្ត​ភ្នំ​បែកបាក់​គ្នា​ទេ ប៉ុន្តែ​អ្នកខ្លះ​នៅ​តែ​មិន​ហ៊ាន​ប្រមាថ​ឡើយ ពោល​គឺ​ពួក​គេ​មិន​ហ៊ាន​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​ជា​គូ​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្រី​តុ អាយុ​២៣​ឆ្នាំ​ជា​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​និយាយ​ថា នាង​ធ្លាប់​លឺ​ពាក្យ​គេ​និយាយ ត​ៗ​គ្នា​អំពី​បញ្ហា​នេះ​ដែរ ដូច្នេះ​ហើយ​នាង​ខ្លាចរអា​ក្នុង​ការ​នាំ​មនុស្ស​ជាទី​ស្រឡាញ់​ទៅ​កម្សាន្ត​នៅ​វត្ត​ភ្នំ ។ ទោះជា​យ៉ាង​ណា​ក្តី​នាង​យល់​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ជំនឿ​នេះ​ហាក់​មិន​មានការ​សាយ​ភាយ​ដូច​មុន​ទៀត​ឡើយ ហើយ​ទំនងជា​មិន​មាន​ភាព​សក្តិ​សិទ្ធិ​ដូច​ពាក្យ​គេ​និយាយ ត​ៗ​គ្នា​នោះ​ឡើយ ។

ចំណែក​លោក​សេង វិចិត្រ ជា​អ្នកបម្រើ​ការងារ​រដ្ឋ​ឲ្យ​ដឹង​ដែរ​ថា លោក​ធ្លាប់​បានលឺ​អបិយ​ជំនឿ​មួយ​នេះ ប៉ុន្តែ​លោក​មិន​ប្រាកដ​ពី​ការ​កើតឡើង​នូវ​រឿង​ព្រាត់ប្រាស​គ្នា​ពេល​ទៅ​លេង​​វត្ត​ភ្នំ​ពិត​ឬ​យ៉ាងណា​នោះ​ឡើយ ។ បើ​តាម​លោក​វិចិត្រ សម្រាប់​ទស្សនៈ​លោក​ផ្ទាល់​ជំនឿ​នេះ​វា​គ្រាន់តែ​ជា​ការ​កតសម្គាល ត​ៗ​គ្នា​ប៉ុណ្ណោះ ហើយ​សម្រាប់​លោក​គឺ​ហាក់​មិន​ជឿ​អបិយ​ជំនឿ​នេះ​ឡើយ ។ លោក​ធ្លាប់​ទៅ​លេង​វត្ត​ភ្នំ និង​បាន​ចូល​បន់ស្រន់​សុំ​សេចក្តី​នៅ​ទីនោះ​បាន​២​ទៅ​៣​ដង​ដែរ ហើយ​លោក​ក៏​មិន​បានឃើញ​មានរឿង​អ្វី​កើតឡើង ជាមួយ​សង្សារ​របស់​លោក​ទេ ។

ទោះជា​យ៉ាងណា​ក្តី​បច្ចុប្បន្ន​លោក​សេង វិចិត្រ មិនសូវ​ជា​បាន​ទៅ​ទីនោះ​ទៀត​ទេ ដោយសារ​តែ​លោក និង​សង្សារ​និយម​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្សារ​ទំនើប និង​ការ​ណាត់គ្នា​មើល​កុន​ប៉ុណ្ណោះ ។

រស់ ចាន់​នី​កា ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​តែ​ជឿ​លើ​អបិយ​ជំនឿ​នេះ ព្រោះ​នាង​មាន​មិត្តភក្ដិ​បាន​ជួប​រួច​ហើយ​។ មិត្តភក្តិ​របស់​នាង​ធ្លាប់​មាន​សង្សារ​ពីរ​នាក់ នាំ​ទៅ​លេង​នៅ​វត្ត​ភ្នំ ហើយ​បែក​ទាំង​ពីរ​នាក់ ដោយ​មិនដឹង​ថា​មូលហេតុ​ដូចនេះ​ហើយ ។ ដូច្នេះ​ហើយ​មិត្ត​នាង​មាន​គូស្នេហ៍​ថ្មី​នា​ពេល​នេះ សូ​ម្បី​តែ​ជិះ​កាត់​វត្ត​ភ្នំ​ក៏​មិន​ហ៊ាន​ដែរ​ព្រោះ​ខ្លាច​បែក​គ្នា​ដូច​អ្នក​មុន ។

លោក​វ៉ា​ន់ សាលី អាយុ​ជាង​៤០​ឆ្នាំ​បាន​មាន​ប្រសាសន៍​ថា ថ្វី​ដ្បិត​គាត់​ជា​អ្នក​រស់នៅ​ភ្នំពេញ​មែន តែ​មិនសូវ​បាន​ទៅ​លេង​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ឡើយ ។ ភាគច្រើន​ដែល​គាត់​ទៅ​ទីនោះ​គឺ​ដោយសារ​គាត់​នាំ​កូន​ទៅ​លេង​នៅ​សួន​កុមារ​ដែល​នៅ​ក្បែរ​វត្ត​ភ្នំ ហើយ​ពេល​ខ្លះ​ក៏​បង្ហួស​ទៅ​អង្គុយ​លេង​នៅ​បង់​វត្ត​ភ្នំ​ដើម្បី​ស្រូប​យក​ខ្យល់អាកាស​។ លោក​លី​បញ្ជាក់​ថា ចំពោះ​អបិយ​ជំនឿ​ដែល​និយាយ ត​ៗ​គ្នា​លោក​ក៏​ធ្លាប់​បានឮ​ដែរ តែ​លោក​មិន​ហ៊ាន​អះអាង​ថា​វា​ជា​ការណ៍​ពិត ឬ​យ៉ាងណា​ទេ ។

តាម​គំនិត​របស់​លោក​អបិយ​ជំនឿ​នេះ​ប្រហែលជា​ចេញ​មក​ដោយ​ការ​កត់សម្គាល់​របស់​មនុស្ស​មួយ​ចំនួន​ដែល​ពេល​ខ្លះ​វា​បាន​កើតឡើង​ដូច​ពាក្យ​ដែល​គេ​និយាយ​ប្រាកដ​មែន ហេតុនេះ​គេ​មាន​ជំនឿ ត​ៗ​គ្នា​មក​តែ​ម្តង ។ សម្រាប់​រូប​លោក​គឺ​គ្រាន់តែ​គិត​ថា​ទីនោះ​គឺជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សម្រាប់​រាជធានី​ភ្នំពេញ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត ហើយ​សាលា​រាជធានី​ភ្នំពេញ​បាន​ខិតខំ​កែ​លំអ​សោភ័ណ​ភាព​ឱ្យ​កាន់តែ​ស្រស់​ស្អាត ព្រោះ​ទីនោះ​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ ។ ចំពោះ​រឿង​អបិយ​ជំនឿ ផ្សេង​ៗ​នោះ​លោក​មិនសូវ​ជា​យកចិត្តទុកដាក់​ឡើយ តែ​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​គឺជា​រឿង​ផ្ទាល់ខ្លួន​របស់​គេ​មិន​អាច​ហាមឃាត់​បាន​ឡើយ ។

ទាក់ទិន​នឹង​អបិយ​ជំនឿ​ថា​គូស្នេហ៍​ទៅ​លេង​នៅ​វត្ត​ភ្នំ​នឹង​ព្រាត់ប្រាស់​គ្នា​នេះ ព្រះ​តេជ​គុណ​ព្រះ​នាម​បុណ្យ គង់នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ធ្លាប់​មាន​សង្ឃដីកា​ថា បញ្ហា​អបិយ​ជំនឿ​នេះ​ព្រះ​អង្គ​ធ្លាប់​បានឮ​គេ​និយាយ ត​ៗ​គ្នា​មក​ដែរ ហើយ​បើ​និយាយ​ថា វា​ជា​ការណ៍​ពិត ឬ​យ៉ាងណា​នោះ​គឺជា​ការ​យល់​ឃើញ​របស់​បុគ្គល ម្នាក់​ៗ​ប៉ុណ្ណោះ ។

​ព្រះសង្ឃ​ដដែល​មាន​សង្ឃដីកា​ថា «​ចំពោះ​អាត្មា​យល់​ថា អបិយ​ជំនឿ​នេះ​មិនមែន​ជា​ការណ៍​ពិត​ឡើយ ដោយហេតុ​ថាបើ​យើង​និយាយ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​គឺ​ការ​ព្រាត់ប្រាស​គ្នា​នេះ​ជា​ឧបនិស្ស័យ ព្រោះ​ផល​បុណ្យ​កុសល​ដែល​យើង​បាន​សាង​ពី​ជាតិ​មុន​គឺ​បាន​តែ​ប៉ុណ្ណឹង ហេតុនេះ​ការ​ជួប ឬ​ព្រាត់ គឺជា​រឿង​ធម្មជាតិ​របស់​សត្វលោក ហើយ​បើ​និយាយ​ថា ព្រះ​មានចិត្ត​ពង្រាត់​សត្វលោក​នោះ​គឺ​មិនមែន​ជា​ការណ៍​ពិត​ឡើយ »​។

តាម​ប្រវត្តិ​និទាន​ថា​ក្នុង​គ្រឹ​ស្ត​សករាជ​១៣៧២ (​ឯកសារ​ខ្លះ​ថា ១៣៧៨) ដូនពេញ​ដែល​ជា​ស្ត្រី​មេម៉ាយ​មានទ្រព្យ​សម្បត្តិ​ស្តុក និង​អ្នកស្រុក​បាន​ស្រុះស្រួល​គ្នា​សាងសង់​ព្រះ​វិហារ​មួយ​ខ្នង​លើ​កូនភ្នំ​នៃ​វត្ត​ភ្នំ​សព្វ​ថ្ងៃនេះ​ដែល​កើត​ដោយសារ​គាត់​ឱ្យ​គេ​ជញ្ជូន​ដី​ពូន ហើយ​ដង្ហែ​ព្រះ​ពុទ្ធរូប​៤​អង្គ ដែល​នៅ​ក្នុង​ដើម​គគីរ ស្រង់​យក​មក​ពី​ក្នុង​ទឹកទន្លេ​ទៅ​តម្កល់​នៅ​ទីនោះ ។ ដោយហេតុ​នោះ​ហើយ​ទើប​ភ្នំ​នោះ​ហៅ​ថា «​ភ្នំ​ដូនពេញ​» និង​ក្លាយ​នៅ​ត្រឹម​«​ភ្នំពេញ​» ឯ​ទី​អារាម​នៅ​ទីនោះ​ហៅ​ត្រឹម​«​វត្ត​ភ្នំ​»​មក​ដល់​សព្វ​ថ្ងៃនេះ ។

អ្នក​វប្បធម៌​ជា​ច្រើន​យល់​ដូច​គ្នា​ថា វត្ត​ភ្នំ​ជា​កន្លែង​សក្ការបូជា​នៃ​ពុទ្ធសាសនា ដូច្នេះ​មិនមែន​ជា​កន្លែង​បំផ្លិចបំផ្លាញ​សុភមង្គល ឬ​ស្នេហា​របស់​នរណា​ម្នាក់​ឡើយ ។ ម្យ៉ាង​យាយ​ពេញ​ជា​អ្នក​គោរព និង​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា ដូច្នេះ​គាត់​ពិតជា​គ្មាន​ចិត្ត​អកុសល​បំបែក​គូស្នេហ៍​នរណា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ