ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនពេលកំពុងជិះម៉ូតូដឹកគ្នាមកពីទិញថ្នាំញៀនរួចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដល់ក្នុងផ្ទះជាមុខសញ្ញាចែកចាយថ្នាំញៀន ។ ហេតុការណ៍បង្ក្រាបមុខសញ្ញាចាស់ទាំង៣នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។
តាមប្រភពព័ត៌មានពីនគរបាលក្រុងច្បារមនបានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះមានប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍ប្តឹងសមត្ថកិច្ចថា បានប្រទះឃើញមុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់កំពុងជិះម៉ូតូដឹកគ្នាគួរឲ្យសង្ស័យ ។
ក្រោយទទួលបានព័ត៌មានច្បាស់ហើយកម្លាំងសមត្ថកិច្ចបានធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១-ឈ្មោះ ឃៀង សុផាត ភេទប្រុស អាយុ២៥ឆ្នាំ និងទី២-ឈ្មោះ ជីវ វណ្ណេត ហៅ ង៉ុយ ភេទប្រុស អាយុ២១ឆ្នាំ ពួកគេទាំង២នាក់រស់នៅភូមិធ្យូង ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពេលឆែកឆេរសមត្ថកិច្ចដកហូតបានម្សៅពណ៌សថ្នាំញៀនចំនួន១កញ្ចប់តូច, ទូរស័ព្ទ១គ្រឿង, ដែល.កចំនួន២, ម៉ូតូម៉ាកសេ១២៥ចំនួន១គ្រឿង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្រាប់ទីតាំងលក់ដូរគ្រឿងញៀនដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងទទួលបទបញ្ជាពីលោកស្នងការផងនោះលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការក្រុងច្បារមនបានដឹកនាំកម្លាំងនគរបាលឆែកឆេរផ្ទះមួយកន្លែងនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ទៀតឈ្មោះ ហាន ប៊ុនហ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរមិនពិតប្រាកដ ដកហូតបានវត្ថុតាងមួយចំនួនមាន លុយខ្មែរ២ពាន់រៀល, ថង់ប្លាស្ទិកច្រកគ្រឿងញៀនចំនួន៣ដុំ, ដែកកេះ៥,ច្បូកចូកថ្នាំ១, ឧបករណ៍ច្នៃជក់ថ្នាំ១ និងកន្ត្រៃ១ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចក្រុងច្បារមនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ