ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តស៊ូ​របស់​តារា​មួយ​ចំនួនដែល​មិន​មាន​រថយន្ត​ទំនើប​ហ៊ឺហា​នឹង​គេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​តារា​មួយ​ចំនួន​មាន​រថយន្ត​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ចំណែកឯ​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​ជួប​ការ​ពិបាក​ច្រើន​ក្នុង​ជីវភាព ។ អ្នក​ហ៊ឺហា​ជិះ​រថយន្ត​ទំនើប​ទៅ​សម្តែង ទៅ​ច្រៀង ឯ​អ្នក​មិន​ធូរធារ​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន តស៊ូ​ទៅ​សម្តែង​គ្រប់​ទីកន្លែង ។ តារា​សម្តែង…

រាជធានី​ភ្នំពេញ​៖ ខណៈ​តារា​មួយ​ចំនួន​មាន​រថយន្ត​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ចំណែកឯ​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​ជួប​ការ​ពិបាក​ច្រើន​ក្នុង​ជីវភាព ។ អ្នក​ហ៊ឺហា​ជិះ​រថយន្ត​ទំនើប​ទៅ​សម្តែង ទៅ​ច្រៀង ឯ​អ្នក​មិន​ធូរធារ​ជិះ​ម៉ូតូ​ផ្ទាល់ខ្លួន តស៊ូ​ទៅ​សម្តែង​គ្រប់​ទីកន្លែង ។

តារា​សម្តែង និង​តារាចម្រៀង​មួយ​ចំនួន​តស៊ូ​ជាមួយ​អាជីព​សិល្បៈ​រាប់​ឆ្នាំ​ដោយ​ក្រាញ​ននៀល​ជាមួយ​អាជីព​ដែល​ខ្លួន​ស្រឡាញ់​ទោះបីជា​បាន​ប្រាក់​កាក់ល្អិត​ក ។ ជាក់ស្តែង​កញ្ញា​នី ម៉ា​លី​ណា ដែល​ជា​ពន្លក​អ្នកសិល្បៈ​កំពុង​មាន​ទីផ្សារ​បណ្តើរ​ៗ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ឲ្យ​ដឹង​ថា​ចាប់​អាជីព​សិល្បៈ​ជាង​២​ឆ្នាំ​នេះ​នាង​ប្រើប្រាស់​ម៉ូតូ​សម្រាប់​ជិះ​ទៅ​សម្តែង​នៅ​គ្រប់​ច្រកល្ហក ។ នាង​ប្រើ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ជិះដាក់​របស់របរ​សម្លៀក​បំពាក់ គ្រឿង​ផាត់មុខ​ទៅ​ដល់​ណា​ក៏​ទៅ ខណៈ​ផ្ទះ​របស់​នាង​នៅ​តំបន់​ព្រែក​ឯង ។

នី ម៉ា​លី​ណា ថ្លែង​ថា​«​បញ្ហា​លំបាក​គឺ​ប្រឈម​ណាស់​យើង​ជា​ស្រី​ជិះ​ម៉ូតូ​យប់​ព្រលប់​មក​ផ្ទះ​គឺ​បុក​ពោះ​ណាស់​ខ្លាច​តាំងពី​ករណី​គ្រោះថ្នាក់​ចរាចរ អំពើ​ចោរឆក់ ឬ​ប្លន់​ជាដើម ។ ម្ល៉ោះ​ហើយ​ឲ្យ​តែ​ដឹង​ថា​សម្តែង​ដល់​យប់​ជ្រៅ​គឺ​ដាច់ខាត​ទូរស័ព្ទ​ប្រាប់​អ្នក​ផ្ទះ​សុំ​សម្រាក​នៅផ្ទះ​មិត្តភក្តិ ឬ​សម្រាក​នៅ​កន្លែង​ថត​តែ​ម្តង ។ បើ​ទោះជា​បែប​នេះ​គឺ​រំពឹង​ថា​ថ្ងៃ​ណាមួយ​កម្រិត​សិល្បៈ​ហក់​ឡើង​នាង​ខ្ញុំ​នឹង​តស៊ូ​ដោះ​ដូរ​របស់​ប្រើ​ឲ្យ​មាន​រថយន្ត​ដូច​គេ​តាម​សមត្ថភាព​ដោយ​មិន​លេង​ផ្លូវ​កាត់​ឡើយ​»​។

អ្នកចម្រៀង​លោ​កសេម ម៉ា​កូ ដែល​មាន​ទី​ស្នាក់​នៅ​រហូត​ដល់​ទឹកដី​ខេត្តកំពង់ស្ពឺ​ឲ្យ​ដឹង​ថា​ លោក​មិន​មាន​រថយន្ត​ទំនើប​ជិះ​ទៅ​ធ្វើការ​ដូច​គេ​ទេ គឺ​ជិះ​ម៉ូតូ​ទៅ​ច្រៀង ទៅ​សម្តែង​ដោយ​​មិន​តូចចិត្តតូចថ្លើម​នឹង​ខ្លួនឯង​ដែល​មិន​ហ៊ឺហា​ដូច​គេ​នោះ​ទេ ។

លោ​កសេម ម៉ា​កូ និយាយ​ថា​«​វា​ជា​ភាព​ងាយស្រួល​ម្យ៉ាងដែរ​ដោយសារ​ពេល​ខ្លះ​ប្រើ​ម៉ូតូ​ទៅ​ធ្វើការ​គឺ​លឿន​ក្នុង​ពេល​ដែល​ផ្លូវ​យើង​នៅ​ភ្នំពេញ​ស្ទះ​ច្រើន អ៊ីចឹង​ក៏​ឃើញ​អ្នកមាន​ឡាន​ខ្លះ​ក៏​ប្រើប្រាស់​ម៉ូតូ​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ទាន់​ពេល​ការងារ​ដែរ ។ ចំពោះ​ផល​ពិបាក​ខ្ញុំ​ក៏​ជួប​ដែរ ដោយ​ពេល​ខ្លះ​សម្តែង​ចប់​នៅ​ភ្នំពេញ​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​ដល់​កំពង់​ស្ពឺ​ក៏​មាន​ព្រោះ​មិនសូវ​ចូល​ចិត្ត​គេង​ផ្ទះ​គេ ។  ខ្ញុំ​រំពឹង​ថា​ប្រឹង​ព្យាយាម​យ៉ាងណា​ឲ្យ​ជីវភាព​រស់នៅ​ប្រសើរ​ដូច​រៀមច្បង​»​។

តារា​សម្តែង​តំណែង​តួ​កាច​លោក​ថេ ឆា​លី ចាប់ផ្តើម​លេចមុខ​មាត់​ក្នុង​ភាពយន្ត​ជា​ច្រើន​បន្តបន្ទាប់ ក្រោយ​ពី​ប្រឡូក​សិល្បៈ​ជិត​១០​ឆ្នាំ ។ «​ព្រោះតែ​ការ​មើលងាយ​ពី​អ្នក​ក្នុង​ចង្កោ​ម​សិល្បៈ​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​ខ្ញុំ​កាន់តែ​មាន​ទឹកចិត្ត​ជម្នះ​ពាក្យ​និន្ទា​ទាំងនោះ​រហូត​ទទួល​បានការ​កោតសរសើរ​ពី​ផលិតករ​ជា​ច្រើន ។ ខ្ញុំ​នៅ​មិន​ទាន់​មាន​រថយន្ត​ប្រើប្រាស់​ដូច​គេ​ឡើយ​តែ​ក៏​គិត​ថា​ជា​ការ​សម្រួល​មួយ​ប្រសើរ​ដែរ​ដោយ​ជិះ​ម៉ូតូ​ងាយស្រួល​ពេល​ស្ទះផ្លូវ ។ គ្មាន​អ្វី​ក្រៅពី​ការ​ព្យាយាម​នោះ​ទេ ហើយ​ខ្ញុំ​តែងតែ​គិត​ថា​ឲ្យ​តែ​ខំ​នោះ​ឱកាស​ប្តូរផ្លាស់​សម្ភារ​ប្រើ​ពិតជា​កើត​មាន​ចំពោះ​ខ្លួន​យើង »​។

តារាចម្រៀង​កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា ធ្លាប់​មាន​ប្រវត្តិ​ជិះ​ម៉ូតូ​ទៅ​ប្រឡង​ចម្រៀង និង​ទៅ​ច្រៀង​​តាម​កម្មវិធី ផ្សេង​ៗ ។ ពេល​ខ្លះ​នាង​ជិះឡាន​តាក់​សុ​ី​ទៅ​ធ្វើការ​ផ្លូវ​ឆ្ងាយ ឬ​ត្រឡប់​មក​ផ្ទះ​វិញ​ពេល​យប់​ជ្រៅ ។

តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក្នុង​ពេល​ចូលរួម​ជាតា​រា​កិត្តិយស​ក្នុង​កម្ម​វិធី​«​ចម្រៀង​គ្រួសារ​ខ្មែរ​»​រំលឹក​ថា​កាលពីមុន​មិន​ទាន់​មាន​រថយន្ត​ជិះ​ដូច​ពេល​នេះ នាង​ធ្លាប់​ជិះ​ម៉ូតូ​ម៉ាក​គ្រី​ស្ទាល់​ពី​វិទ្យាល័យ​បឹង​ត្របែក​ទៅ​ថត​ចម្រៀង​នៅ​វិទ្យុជាតិ ។ ពេល​នោះ​ថត​បទ​មួយ​ចំនួន​ឲ្យ​ផលិតកម្ម​ឆ្លង​ដែន​ដូច​ជា​បទ​«​មន្ត​ស្នេហ៍​វី​យូ​ឡុ​ង​»​ជាដើម ។

ចាងហ្វាង​ផលិតកម្ម​អិ​ល​ឌី​លោក​លៀក លី​ដា​ធ្លាប់​បញ្ជាក់​ថា​លោក​តែងតែ​ផ្តល់​ឱកាស​ដល់​តារា​ថ្មី​បង្ហាញ​ទេព​កោសល្យ​នៅ​ក្នុង​ខ្សែភាពយន្ត​របស់​លោក​ដើម្បី​ឲ្យ​ផលិតកម្ម​ផ្សេង​មើលឃើញ​ហៅ​បន្ត​សម្តែង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ