ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរ​សមុទ្រ​ស្រូប​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​ជាង​36%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​តាម​តំបន់​គោលដៅ​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​តំបន់ឆ្នេរ​សមុទ្រ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ កើនឡើង​ជាង​៣៦% នៅ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ បើ​ធៀប​នឹង រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។…

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​តាម​តំបន់​គោលដៅ​សំខាន់​ៗ​របស់​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​តំបន់ឆ្នេរ​សមុទ្រ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ កើនឡើង​ជាង​៣៦% នៅ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​នេះ បើ​ធៀប​នឹង រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ។

របាយការណ៍​បង្ហាញ​ថា ៖« ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៨​នេះ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​ជាង​៥៣​ម៉ឺន​នាក់ ស្មើនឹង​១៤,៩% នៃ​ចំនួន​សរុប ពោល​គឺ​កើនឡើង​៣៦,៦% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ »​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​លេង​កម្សាន្ដ​នៅ​តំបន់ឆ្នេរ​កើនឡើង​បែប​នេះ ដោយសារ​តែ​កម្ពុជា​ចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ពិភពលោក ហើយ​ឆ្នេរសមុទ្រ​កម្ពុជា​នៅ​មាន​លក្ខណៈ​ស្អាត​បែប​ធម្មជាតិ​ដែល​ចំណង់​ចំណូលចិត្ត​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា​ឆ្នេរសមុទ្រ​របស់​យើង​នៅ​តែ​រក្សា​បាន​នូវ​លក្ខណៈ​ធម្មជាតិ​ដែល​ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ។ ទន្ទឹម​នឹង​នេះ យើង​មាន​ប្រជុំ​កោះ​ជា​ច្រើន ដែល​ភ្ញៀវ​ទេចរ​បរទេស​ចូល​ចិត្ត​ទៅ​សម្រាក ហាល​កម្តៅថ្ងៃ មូ​ជ​ទឹក ឬ​ចុះ​ទៅ​លេង​នៅ​ក្រោម​បាតសមុទ្រ
ជាដើម »​។

ទន្ទឹម​នឹង​នេះ លោក​ថា ៖« ដោយសារ​តែ​រាជរដ្ឋាភិបាល ក៏​ដូច​ផ្នែក​ឯកជន​កន្លង​មក​មិន​ឱ្យ​មានការ​រុករាន ឬ​មិន​ឱ្យធ្វើ​អ្វី​ប៉ះពាល់​ទៅ​ដល់​ធម្មជាតិ អីចឹង​ទើប​ភាព​ស្អាត​បែប​ធម្មជាតិ​គឺ​ឆ្នេរសមុទ្រ​កម្ពុជា​នៅ​ស្អាត​ជាងគេ »​។ ទោះបី​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ប៉ុន្តែ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​អំពី​ការ​អ្វី​ដែល​ហៅ​ថា​បរិស្ថាន​ល្អ​នៅឡើយ ដូច​ជា​ការ​ទុកដាក់​សំរាម មិន​ទាន់​បាន​ល្អ និង​បោះចោល​ពាស​វាល​ពាស​កាល​ជាដើម ។

លោក ហូ វ​ណ្ឌី លើ​ឡើង​ថា ៖« យើង​ឃើញ​នៅ​តាម​បណ្តាញ​សង្គម​កន្លង​មក​បាន​រអ៊ូរទាំ​ច្រើន ពី​ផល​ប៉ះពាល់​នៅ​ការ​ចោល​សំរាម ថង់​បា្ល​ស្ទិ​ក និង​ការ​ចោល​កាក​សំណល់​ផ្សេង​ៗ ដោយសារ​តែ​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​មិន​ទាន់​បាន​យល់​អំពី​អ្វី​ទៅ​ជា​បរិស្ថាន​ល្អ »​។ លោក ហូ វ​ណ្ឌី ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ទាំងអស់​គ្នា ដែល​ជា​កត្តា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា​បន្ដ​មាន​កំណើន​ថែម​ទៀត ក៏​ដូច​ជា​ចូលរួម​ចំណែក​លើក​ស្ទួយ​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ ។

ទន្ទឹម​នឹង​នេះ​ទៀត​សោត លោក​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តាម​តំបន់ គួរ​មាន​វិធានការ​ក្តៅ​ផ្នែក​រដ្ឋបាល​ដូច​ជា ផាកពិន័យ ឬ​ចាប់​មក អប់រំ​ជាដើម ដើម្បី​ឲ្យ​មានការ​ទទួលខុសត្រូវ​ទាំង អស់​គ្នា ព្រោះថា​ភ្ញៀវ​ទេសចរ​ជា​ប្រភព​នៃ​ការ​បង្កើត​ប្រាក់​ចំណូល និង​ការងារ ។ លោក​ថ្លែង​ថា ៖« ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា នឹង​នាំ​ប្រាក់​ចំណូល និង​ការងារ​ទៅ​ទីនោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ