ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចដែល​តែងកក​ស្ទះ…នឹងលែងមានទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​អះអាង​ថា កំណាត់​ផ្លូវ​លេខ​៥៩២​ត​ភ្ជាប់​ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក ឆ្លងកាត់​ភ្លើងស្តុប​ផ្សារ​មាន់​អាំង និង​វិទ្យាល័យ​ឥន្ទ្រ​ទេវី…

រាជធានី​ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​អះអាង​ថា កំណាត់​ផ្លូវ​លេខ​៥៩២​ត​ភ្ជាប់​ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក ឆ្លងកាត់​ភ្លើងស្តុប​ផ្សារ​មាន់​អាំង និង​វិទ្យាល័យ​ឥន្ទ្រ​ទេវី ទៅ​ផ្លូវ​លេខ​៥៩៨ ដែល​តែង​មានការ​កកស្ទះ​ចរាចរណ៍​នោះ នឹង​មិន​មានការ​កកស្ទះ​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​បាន​ពង្រីក​ទទឹង​៥​ម៉ែត្រ​បន្ថែម​ទៀត គឺ​សរុប​ទទឹង​១៤​ម៉ែត្រ ធំ​ទូលាយ​ជាង​មុន ។

លោក​បន្ត​ថា ចំពោះ​ការងារ​ពង្រីក​គ្រឹះ​ថ្នល់​ខាងក្រោម​និង​អ៊ុត​កៅស៊ូ​នា​ពេល​នេះ ទទួល​ម៉ៅ​ការ​ដោយ​ក្រុមហ៊ុន CCES មាន​ប្រវែង​១.៧១០​ម៉ែត្រ ទទឹង​១៤​ម៉ែត្រ ខណៈ​ផ្លូវ​នេះ​ពី​មុន​មាន​ទទឹង​តែ​៩​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ត្រូវ​ពង្រីក​ទទឹង​២,៥​ម៉ែត្រ​សងខាង​បន្ថែម​ទៀត​គឺ​សរុប​១៤​ម៉ែត្រ ចាប់ពី​ស្តុ​ប​អតីត​រង្វង់​មូល​ទួល​គោក ឆ្លងកាត់​ភ្លើងស្តុប​ផ្សារ​មាន់​អាំង​ឡើង​ទៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី និង​ភ្ជាប់​ទៅ​ផ្លូវ​លេខ​៥៩៨​តែ​ម្តង ។ លោក​សង្ឃឹម​និង​ជឿជាក់​ថា បន្ទាប់​ពី​ពង្រីក​និង​អ៊ុត​កៅស៊ូ​រួច ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​នឹង​មិន​មាន
ការ​កកស្ទះ​ចរាចរណ៍​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​សុំ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ ។

តំណាង​ក្រុមហ៊ុន​CCES ដែល​ទទួល​ម៉ៅ​ការ​ជួសជុល​កែ​លំអ​ផ្លូវ​នេះ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​គោលការណ៍​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មានការ​ត្រួតពិនិត្យ​បច្ចេកទេសពី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​របស់​លោក​បាន​ចាប់​ដំណើរការ​ជួសជុល​កែ​លំអ​ផ្លូវ​នេះ​ឡើង​វិញ ដែល​ពី​មុន​មាន​ទទឹង​តែ​៩​ម៉ែត្រ ឥឡូវ​ពង្រីក​ដល់​ទទឹង​១៤​ម៉ែត្រ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លំហូរ​ចរាចរណ៍​ដ៏ចង្អៀត​នៅ​ម្តុំ​ផ្សារ​មាន់​អាំង និង​តំបន់​ជុំវិញ ដោយចាប់ផ្តើម​ពង្រីក​កាល​ខែកក្កដា ឆ្នាំ​២០១៨​កន្លង​មក ។លោក​បន្ត​ថា រយៈពេល​២​ស​ប្តា​ហ៍​ទៀត​ផ្លូវ​នេះ​នឹង​សម្រេច​ឱ្យ​រួចរាល់​ទាំងស្រុង ។

ក្រៅពី​ពង្រីក​ផ្លូវ ការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ក៏​បាន​ស្ថាបនា​រួច​ដែរ ដោយ​រំកិល​ប្រព័ន្ធ​លូ​ពី​ក្នុង​សាច់​ផ្លូវ​ទៅ​ចិញ្ចើម​ផ្លូវ​វិញ ក្រោយ​ពី​ផ្លូវត្រូវ​បាន​ពង្រីក ។ ប្រព័ន្ធ​លូ​ដែល​ដាក់​រួច​នេះ មាន​តួនាទី​នាំ​ទឹក​ទៅ​កាន់​ប្រព័ន្ធ​លូ​មេ​នៅ​ផ្លូវ​លេខ​៥៩៨​មួយ​ផ្នែក និង​ចាក់​ទៅ​ស្ថានីយ​បូមទឹក​ទួល​គោក​ទី​១ ត្រឡោក​បែក​មួយ​ផ្នែក ។

ដំណើរការ​នៃ​ការ​ជួសជុល​កែ​លំអ​ផ្លូវ​នេះ ពុំ​មាន​ផល​ប៉ះពាល់​ធំដុំ​ទេ តែ​ទោះបីជា​យ៉ាងណា​ល តំណាង​ក្រុមហ៊ុន ក៏​បាន​សុំ​ការ​យោគយល់​ពី​បងប្អូន​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​លេខ​៥៩២ ដែល​កំពុង​ដំណើរការ​កែ​លំអ​ពី​ការ​រំខាន​ខ្លះ​ៗ​នៅ​ការដ្ឋាន​ខាងលើ ៕

អត្ថបទសរសេរ ដោយ