រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងពន្លឿនការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០១៩ឲ្យបានមុខបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងការងារ ។
ការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងការងារខណៈដែលក្រសួងបានចាប់ផ្តើមបើកកិច្ចប្រជុំជាលក្ខណៈត្រីភាគីដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតលើវិស័យកាត់ដេរ និងផលិតស្បែកជើងនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្តិទី៨លើកទី១៨លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា គណៈកម្មការប្រឹក្សាការងារបានចាប់ផ្ដើមពិភាក្សាជាលក្ខណៈជាត្រីភាគីដើម្បីកំណត់ឲ្យភាគីនីមួយៗផ្ដល់នូវសមាសភាពដែលមាន១៦រូប ។
លោករដ្ឋមន្ដ្រីបន្ដថា សមាសភាពដែលមាន១៦រូបនេះរួមមាន ភាគីរាជរដ្ឋាភិបាល១៦រូប និយោជក១៦រូប និងសហជីព១៦រូប ដើម្បីចូលរួមក្នុងក្រុមការងារបច្ចេកទេសសម្រាប់ការពិភាក្សាការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ២០១៩ ។
លោក អ៊ិត សំហេង សង្ឃឹមថា ការពិភាក្សានៅឆ្នាំនេះនឹងពិភាក្សាគ្នាប្រព្រឹត្ដទៅដោយរលូន និងក្នុងន័យពិភាក្សាដោយយោគយល់គ្នាក្នុងស្មារតីឈ្នះៗដោយប្រកាន់យកយុទ្ធសាស្ដ្រពិភាក្សាហើយពិភាក្សាទៀតដែលអាចរកតួលេខមួយ និងមានគម្លាតតិចបំផុតដើម្បីអនុវត្ដចុងក្រោយ ។
លោកបានសម្តែងការជឿកជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ឆ្នាំ២០១៩ឲ្យចប់នៅមុនពិធីបុណ្យភ្ជុំបិណ្យខាងមុខនេះដោយប្រាក់ឈ្នួលអប្បបរមាមានលក្ខណៈល្អជាងឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ