ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ៧៣គ្រួសារ​​ប្រឈម​នឹង​ការ​អស់ទី​លំនៅ​នាថ្ងៃនេះ

15 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ប្រជា​ពលរដ្ឋ​​៧៣គ្រួសារ​​​រស់នៅ​ភូមិ៣ ឃុំត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច បាននាំគ្នា​ស្វែង​រក​​ការ​ជួយអន្តរាគមន៍​​ពីក្រសួង យុត្តិធម៌​​ ប្រមុខ​ដឹកនាំ​ ដើម្បី​សុំ​បន្ត​ការ​រស់នៅ​ខណៈ​ពេល​​ពួកគាត់​ទទួល​បាន​សេចក្តី​សម្រេច​​របស់​តុលាការ​ខេត្តឱ្យរុះ​រើ​ផ្ទះពី​ដី​ដែល​កំពុង​រស់​នៅ​សព្វ​ថ្ងៃ​ត្រឹម​ថ្ងៃទី១៥ មីនា ជា​កំណត់ ។ ​

អ្នក​ដែលត្រូវរុះ​រើ​​ផ្ទះ​​និយាយ​​ឱ្យ​ដឹង​ថា ពួកគាត់​ទាំង​៧៣​គ្រួសារ​នេះ មក​កាប់ឆ្ការព្រៃ​រស់នៅ​តាំងពីឆ្នាំ១៩៩៣មក​ម្ល៉េះ ឯ​គ្រួសារ​ខ្លះ​បាន​ទិញ​ដីបន្ត ​។ គ្រួសារ​​ទាំង​នោះមាន​ទំហំ​ផ្ទៃ​ដី​ពី២អា ទៅ​៣អា ។ ​នៅឆ្នាំ២០០០-២០០១ លោកជឹម ​សាវុង តំណាង​​​ឱ្យ​ក្រុម​ហ៊ុន​មួយ​ប្រាប់​ឱ្យ​ពួកគាត់រុះ​រើ​ផ្ទះ​​​ចេញពី​ដីនោះ ។ លោក​ម៉ម មៅ អាយុ៦៣​ឆ្នាំ មុខរបរ​​​ដើរ​លក់នំ​ឱ្យ​ដឹង​ថា គ្រួសារ​​គាត់​​រស់​នៅទីនោះ​តាំង​ពី​ឆ្នាំ១៩៩៣មក បើ​សិន​ជា​​គេ​បណ្តេញ​ឱ្យរុះ​រើ​​ផ្ទះនោះ​សមា​ជិក​គ្រួសារ​​គាត់ពុំ​ដឹង​ជាទៅរស់នៅ​ទីណាទេ។ ប្រសិន​គាត់ទៅ​ភូមិ​កំណើត​នៅ​ឯ​​ស្រុកស្អាង ខេត្ត​កណ្តាលវិញ​ ក៏​គ្មាន​ដីធ្លី​​នៅដែរ ។

​លោកអ៊ុំ វណ្ណា ​អាយុ​៤៤​ឆ្នាំ មុខ​របរ​​លក់​ឱសថ​​​ប្រាប់​ឱ្យ​ដឹង​ថា ដីផ្ទះគាត់កំពុង​រស់នៅ​នោះ​​ទិញ​ពីយោធាចំការ​តាសេតតាំងពី​ឆ្នាំ​​១៩៩៣ មក ។ ​ដល់ពេល​ដីធ្លី​មានហាង​ឆេង​ពួកគាត់​ត្រូវ​​​គេ​បណេ្តញ​​ឱ្យរុះ​រើ​ផ្ទះ​ចេញ​តែកាលពីសម័យ​សង្គ្រាម​​គ្មាន​បុគ្គ​ល​ណា​មកអះ​អាងសោះ ។ ស្ត្រីឈ្មោះយឹម ចិន្តា​ អាយុ​៣២​ឆ្នាំ​ ជា​អ្នក​លក់​បន្លែ មានកូនក្នុង​បន្ទុក​៣​នាក់​​​ និងប្តី​ធ្វើ​យោធា​សព្វ​ថ្ងៃ​​​ទៅ​បំពេញ​បេសកកម្ម​នៅ​សមរ​ភូមិ​ខេត្ត​ព្រះ​វិហារ​​បាន​និយាយ​​ថា គាត់បាន​រស់​នៅ​លើ​ដីនោះ​តាំង​ពី​ឆ្នាំ​១៩៩៣មក ដោយ​មាន​ពាក្យ​ឱ្យស្នើ​​សុំ​ប្រើប្រាស់​ដីធ្លី​​ទំហំ​២៩​ម៉ែត្រ×​៤២​ម៉ែត្រ ចេញ​​ដោយ​លោកមេឃុំ​។ បើ​គេ​​បណ្តេញ​ឱ្យរុះ​រើ​​​ផ្ទះចេញ​ពីដីនោះ​គ្រួសារ​គាត់​ពុំ​ដឹង​មាន​ដីឯណា​សម្រាប់​ការ​រស់នៅ​ទៀត​ទេ ​ព្រោះ​មក​នៅ​​ទីនេះ​តាំង​ពីទើប​រៀប​អាពាហ៍​ពិពាហ៍​​មកម្ល៉េះ ។

លោក​ស្រីឯម ធី ជាអាជីវករ​​បាន​និយាយ​​​ថា ​គាត់​មករស់នៅ​ប្រហាក់​ប្រហែល​​គ្នានោះ​ដែរ ​បើគេ​​ឱ្យ​រើ​ផ្ទះចាកចេញ​​មែន​មិន​ដឹង​ទៅ​រស់​នៅឯណា​ទេ ។ ​ចំណែកកូន​ចៅ​កំពុង​តែ​សិក្សា​ក៏​ប្រឈមមុខនឹង​ការ​លំបាកដែរ ។

​លោកនង ឃឹម​ ជំទប់​ទី២​ឃុំត្រែង​ត្រយឹង ​ឱ្យ​ដឹង​ថា ពលរដ្ឋ​​រស់​នៅ​ចំណុច​នោះ​មាន​ការ​ស្មុគ​ស្មាញ​​មិនស្រប​ច្បាប់ គឺគ្មានការ​ទទួល​ស្គាល់​ពី​អាជ្ញា​ធរ​​មូល​ដ្ឋានទេ ។ មន្ត្រី​ឃុំ​​ធ្លាប់​​​ទៅពន្យល់​ណែ​នាំ​ដល់​ពួកគាត់​ច្រើន​លើក​មក​ហើយថា ដី​នោះ​​មានការ​ពាក់ព័ន្ធ​ ​ហើយបានជូនដំណឹង​២​លើក​ ដើម្បី​ឱ្យ​ពួក​គាត់​នាំគ្នា​ចាក​ចេញ ។​ ទោះ​បីជាបែបណា លោកគូ​សបញ្ជាក់​ថា គួ​រ​តែ​ម្ចាស់ដី​ដោះ​ស្រាយគោលការណ៍​រក​ទី​តាំង​ណាមួយ សមរម្យ ដើម្បី​ផ្តល់​ការ​រស់នៅ​​បន្ត​សម្រាប់​ការចាកចេញ​​ ។

លោក​ទេព មាន អភិបាល​​​ស្រុក​ភ្នំស្រួច​ប្រាប់​កាលពី​​ម៉ោង​៤​ និង​២០នាទីរសៀលថ្ងៃទី​១០ មីនា នៅ​សាលា​ស្រុកថា ​លោកពុំ​ទាន់​ទទួល​បាន​ដំណឹង​​​​ពីសេចក្តី​សម្រេច​ឱ្យពល​រដ្ឋ​ភូមិទី៣រុះ​រើផ្ទះ​នៅ​ឡើយទេ ។ តែ​ចំណុច​នោះ​ធ្លាប់​ប្រកាស​សាលក្រម​​មួយលើក​ជា​២លើក​រួច​ហើយ ។

អង្គ​ការ​អាដ​ហុ​កប្រចាំខេត្ត​កំពង់ស្ពឺឱ្យ​ដឹង​ថា ទំនាស់​ដី​ធ្លី​មួយកន្លែង​នេះ​រវាង​ពលរ​ដ្ឋ និង​ក្រុម​ហ៊ុនបាន​កើត​តាំងពី​ឆ្នាំ​២០០០-២០០១ មក​ ហើយ​តុលាការ​ខេត្ត​បានសម្រេច​​ឱ្យ​ក្រុម​ហ៊ុន​​ឈ្នះ​ តែពេល​នោះ​ពលរដ្ឋ​ប្រហែល​មិន​យល​់​​​​ពីច្បាប់​ទើប​មិនជំទាស់​ទៅ​សាលា​ឧទ្ធរណ៍។​​​ប្រហែល​​៣​ខែ​ទៅ​៤ខែ ក៏​មានការ​ប្រកាស​សាល​ក្រម​​ និងអនុវត្ត​​ដីកា​ឱ្យរុះ​រើ​​​ផ្ទះ​ចេញ ហើយប្រជា​ពលរដ្ឋ​នាំគ្នា​ធ្វើលិខិត​​ស្នើសុំ​ពន្យា​រពេល​​ទៅ​ក្រសួង​យុត្តិធម៌​​ និង​រដ្ឋសភា​​បានរហូតដល់​បច្ចុប្បន្ន​​​នេះ ។ ​ប្រជាពលរដ្ឋ​​ត្រូវ​តែ​ស្នើសុំ​​តាម​រយៈ​​ដូច​មុន​ ប្រសិនបើ​ស្ថាប័ន​ទាំងនោះដោះ​ស្រាយ​​​ទៅ​តាម​​សំណើ​ពួកគាត់នឹងអាចបន្ត​រស់នៅ​ទៀត​បាន ។ ​

ប្រជាពលរដ្ឋ​​ទាំង​៧៣គ្រួសារ​​​អំពាវនាវ​​ដល់ក្រសួងយុត្តិធម៌ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ រដ្ឋសភាឱ្យជួយ​អន្តរាគមន៍​​ដល់ពួក​គាត់​ផង ។ ​សម្រាប់​ភាគីក្រុម​ហ៊ុន​កោះសន្តិ​ភាព​មិន​អាចសុំ​ការបំភ្លឺ​ជុំវិញ​រឿង​ទំនាស់ដី​ទំហំ​ជាង១ហិកតា ជាមួយ​ពលរដ្ឋ​៧៣​គ្រួសារ​​នោះបាន​ទេ ៕