ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងព្រមានហើយ…ពិសេសអ្នកលក់គ្រឿងសម្អាងតាមហ្វេសបុក…!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​បានព្រមាន​ចាត់​វិធានការដល់ម្ចាស់​ឱសថស្ថាន និង​អ្នកលក់​គ្រឿង​សម្អាង ពិសេស​នោះនៅ​​តាម​បណ្តាញ​សង្គមដែល​គ្មាន​ច្បាប់​អនុញ្ញាត​តាម​ផ្លូវច្បាប់ ​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ។ ​លោក…

​រាជធានី​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​បានព្រមាន​ចាត់​វិធានការដល់ម្ចាស់​ឱសថស្ថាន និង​អ្នកលក់​គ្រឿង​សម្អាង ពិសេស​នោះនៅ​​តាម​បណ្តាញ​សង្គមដែល​គ្មាន​ច្បាប់​អនុញ្ញាត​តាម​ផ្លូវច្បាប់ ​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ ។

​លោក ​ង៉ែត ​វ៉ា​ន់​ថូ​ក​ ប្រធាន​សេវនា​ឯកជន​នៃ​មន្ទី​សុខាភិបាល​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង ក្រោយ​ពិធី​ផ្សព្វ​ផ្សាយ​ច្បាប់​ និង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិស័យ​សុខាភិបាល​កាលពី​រសៀល​ថ្ងៃ​ទី​២ កញ្ញា ​ថា​ក្រសួងសុខាភិបាល និង​អគ្គស្នងការ​នគ​បាល​ជាតិ​ និង​ភាគី​ពាក់ព័ន្ធ នឹងចាត់វិធានការ​ចំពោះ​អ្នកផ្សព្វផ្សាយ​ចែកចាយ​ឱសថ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ពិសេស​នោះគឺគ្រឿងសម្អាត​​លើបណ្តាញ​សង្គម​ ។

​លោក​បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​ មាន​ឱសថស្ថាន​ជា​ច្រើន​បាន​បើក​លក់​ឱសថដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​មាន​ភាពល្អ​ប្រសើរ​ទើប​ធ្វើ​ឲ្យ​អ្នក​រកស៊ី​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​មក​រកស៊ី​ច្រើន ​។ លោក​​​បាន​បញ្ជាក់​ថា​«​ចំនួន​ដ៏​ច្រើន​នៃ​អ្នក​រក​ស៊ី​ផ្នែក​ឱ​ស​ថ ថា​ចាំបាច់​ណាស់​ត្រូវ​មានការ​សុំ​ច្បាប់​អនុ​ញ្ញាត​ពី​រាជរដ្ឋាភិបាល​ជា​មុន​សិន ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ​។ ពិសេស​នោះ​កន្លែង​ដែល​ផ្តល់​ឲ្យ​គឺ​នៅ​ច្រក​ចេញចូល​តែ​មួយ​តែ​ម្ត​ង» ​។

លោក​ក៏​បាន​អះអាងថា ​សព្វថ្ងៃ​បញ្ហា​ប្រឈម​បាន​កើតឡើង​ចំពោះ​ឱសថ​មួយ​ចំនួន​ផងដែរ ប៉ុន្តែអ្វី​ដែល​ខ្លាំង​នោះ​គឺ​​ជា​គ្រឿង​សម្អាងដែល​បាន​កំពុង​ផ្សព្វផ្សាយ​នៅ​លើបណ្តាញ​សង្គមដោយ​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ច្បាប់​អនុញ្ញាត នេះ​ក្រសួង​ពាក់ព័ន្ធនឹង​រឹត​បណ្តឹង និងចាត់វិធានការ​ដើម្បី​កុំ​ឲ្យ​ខូច​កិត្ត​យស​ដល់​ប្រទេស ​។

ចំណែក​លោកឧត្តមសេនីយ៍ទោ ជា ប៊ុ​ក​ថុ​ល​ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​ នគ​បាលយុត្តិធម៌​ នៃ​អគ្គ​ស្នង​ការ​នគ​បាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ក្រសួងមហាផ្ទៃ​នឹង​ធ្វើ​វិធាន​រដ្ឋបាល​ ដោយ​ទី​១-​ចេញ​លិខិត​ទៅ​ក្រសួង​សុខ​ភិ​បាល, ទី​២-សុំ​ការ​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការផ្សព្វផ្សាយពី​បញ្ហាទប់ស្កាត់​ការ​លក់​ឱសថ និង​គ្រឿង​សម្អាង និង​ទី​៣-​ត្រួតពិនិត្យ​ទីតាំង​ទាំងឡាយដែល​ធ្វើការ​ចែកចាយ​តែ​ម្តង​ ។

លោក​ឧត្តមសេនីយ៍​ទោបាន​អះអាង​ថា​ សម្រាប់​អាណត្តិ​ទី​៦​នេះ​ក្រសួង​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដឹកនាំ​វិស័យ​មួយ​ឲ្យ​មាន​សក្តានុពល​រឹង​មាំដើម្បី​ព​ង្រើ​ន​ការ​ទុកចិត្ត​ពី​ប្រជាជន​ ។ លោកបាន​សម្តែង​ក្តី​សង្ឃឹមថា នឹង​ធ្វើ​កំណែ​ទម្រង់​​លើ​វិស័យ​សុខាភិបាល​ឲ្យ​មាន​ភាពល្អ​ប្រសើរម​កវិញ​ដើម្បី​ផ្តល់​ជំនឿ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ ។

លោក​បន្ថែម​ថា ​ការ​ផ្សព្វផ្សាយ​ច្បាប់​ឱសថ​ពិ​ត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ឲ្យ​ម្ចាស់ឱសថស្ថាន​បានដឹង​ច្បាប់​ក្នុង​ការ​លក់​ឱសថ ដោយ​គ្មាន​ការ​លក់​ឱសថ​ក្លែង​ក្លា្​យ គ្មាន​ឱសថ​ខូចគុណភាព​ និង​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត​ជាដើម​ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ទោ​ក៏​បាន​គូសបញ្ជាក់​ថា​«​មាន​អាហា​របំប៉ន​មួយ​ចំនួន​ទោះបីជា​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​បាន​ជឿជាក់​ពី​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អន​ឡាញ តាម​បណ្តាញ​សង្គមមួយ​ចំនួន​មានការ​ទទួលស្គាល់ និង​ចុះបញ្ជី​បាន​ត្រឹមត្រូវ ប៉ុន្តែ​មាន​អនឡាញ​មួយ​ចំនូ​ន​ដែល​ផ្សព្វផ្សាយ​ដោយ​ឯង​ៗ បាន​ធ្វើ​ប៉ះពាល់​ដល់​សុខភាព និង​ខាត​បង់ថវិការ» ​។

លោក​បន្ត​ថា​ កន្លង​មក​សមត្ថកិច្ច​នៃ​អគ្គស្នងការ​នគ​បាល​ជាតិ​បាន​បង្ក្រាប​ទីតាំង​លក់​គ្រឿងសម្អាង​មិន​ស្របច្បាប់​ជា​ច្រើន​កន្លែង​ផង​ដែរ​ ក្នុង​នោះ​មាន​របស់​ក្លែងក្លាយ និង​មិនមាន​គុណ​ភាព​ ។ គ្រឿងសម្អាងគឺជា​អាវុធ​មុខ​ពីរដែល​បណ្តាល​ឲ្យ​ស្លាប់​នៅពេល​ប្រើប្រាស់​ក៏​មាន​ ឬក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក៏​មាន ​។
លោក​បាន​លើក​ឡើង​ថា ​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ដើម្បី​ឲ្យ​ម្ចាស់​ឱសថស្ថាន​ទាំងអស់​បាន​យល់​ដឹង​ពី​ច្បាប់ និង​មានការ​ភ្ញាក់​ដឹងចៀសវាង​លក់​របស់​ក្លែងក្លាយ ខូចគុណ​ភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ឡី​ សុភាព ​ប្រធាន​សហព័ន្ធ​វិនិយោគិន និង​ជា​ប្រធានសមាគម​អ្នកលក់​ឱសថ​កម្ពុជា​ក៏​បាន​ធ្វើ​អំពាវនាវ​ដល់​ម្ចាស់​ឱសថស្ថាន​ទាំងអស់ ពិសេស​នោះអ្នក​ធ្វើការ​ផ្សព្វផ្សាយ​លក់​នៅ​បណ្តាញ​សង្គម ឬ​ឡាយ​ត្រូវ​មើល​ច្បាប់​ឲ្យ​បានដឹង​ជា​មុន​សិន ដោយកុំ​ចេះ​តែ​ឡាយ​ ។

លោក​បញ្ជាក់​ថា​«​ខ្ញុំ​សូម​អំពា​វ​នាវ​ដល់​បងប្អូន​យើង​ធ្វើការ​ផ្សព្វផ្សាយ​ទំនិញ​តាម​ហ្វេ​ស​ប៊ុ​ក ឬ​ឡាយ សូម​ពិនិត្យ​មើល​បទ​ដ្ឋាន​គតិយុត្តិ​សិន កុំ​ចេះ​តែ​ទុកចិត្ត​ចិត្ត​លើក​ក្រុមហ៊ុន​ដែល​ធ្វើឲ្យ​លក់​នោះ​ពេក ​។ ជួល​កាល​វា​មក​បោក​យើង​វា​ចេញ​ទៅ​វិញ​បាត់ ​(​ទូក​ទៅ​ កំពង់​នៅ​) ​ខាង​ក្រុមហ៊ុន​វា​ប្រមូល​លុយ​ទៅ​បាត់ ចំណែក​យើង​ជា​អ្នក​ចែកចាយ​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់» ​។

លោក ឡី សុភាព​ ក៏​បាន​ឲ្យ​ដឹង​ថា ​សមាគម​​របស់​លោក​នឹង​បង្កើត​ក្រុមការងារ​មួយដើម្បី​តាមដាន​ចំពោះ អ្នកធ្វើការ​ចែកចាយ​ផលិតផល​តាម​អន​ឡាញផង​ដែរ ​។ លោក​ថា ​នឹងធ្វើការ​តាម​ផ្លូវច្បាប់ដោយ​មាន​សហ​ការ​ជាមួយ​អគ្គស្នងការ​ងារ​នគ​បាល​ជាតិចាត់វិធានការចំពោះ​អ្នក​ដែល​ធ្វើការ​ចែកចាយ​​ផលិតផល​ដែល​គ្មាន​ច្បាប់​អនុញ្ញាតរបស់​ក្លែងក្លាយ ឬខូ​ចគុណភាព ​។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា​ ការ​ផ្សព្វផ្សាយ​ច្បាប់​នៅ​ថ្ងៃ​នេះ​ដើម្បី​ឲ្យ​បាន​យល់​ដឹង​អំពី​អង្គច្បាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​ទណ្ឌ​សាស្ត្រ ដែល​កិច្ចការ​ទាំងអស់​ពាក់ព័ន្ធ​នឹង​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋឲ្យ​បាន​យល់​ដឹង​ច្បាស់​ ។ ការ​ផ្សព្វផ្សាយ​នេះ​បាន​ផ្តល់​សំខាន់​លើ​ឱសថ អាហារ​​បំប៉ន់ បែប​ចំណីអាហារ និង​គ្រឿង​សម្អាងផងដែរ ​៕

អត្ថបទសរសេរ ដោយ